ទិវា​សេរីភាព​សារព័ត៌មាន​ឆ្នាំ​២០២៤

ភ្នំពេញ ថ្ងៃព្រហស្បតិ៍ ទី៣ ខែឧសភា ឆ្នាំ២០២៤ ​៖ អង្គការសង្គមស៊ីវិល សមាគម និងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងដៃគូអភិវឌ្ឍន៍ផ្សេងៗ បានរួមគ្នារៀបចំព្រឹត្តិការណ៍ដើម្បីរំលឹកខួបលើកទី៣១ នៃទិវាសេរីភាពសារព័ត៌មានពិភពលោក។ ដោយមានអ្នកចូលរួមប្រហែល ២២២នាក់ រួមមានអ្នកសារព័ត៌មាន អ្នកតំណាងអង្គការសង្គមស៊ីវិល យុវជន និងភាគីពាក់ព័ន្ធផ្សេងៗទៀត ​បានចូលរួមព្រឹត្តិការណ៍នេះដោយផ្ទាល់ និងតាមរយៈការផ្សាយផ្ទាល់នៅលើអនឡាញ ដើម្បីចូលរួមអបអរសាទរតួនាទីដ៏សំខាន់នៃសារព័ត៌មាន ក្នុងការចូលរួមដោះស្រាយវិបត្តិបរិស្ថាន។

ឆ្នាំនេះ ប្រធានបទ នៃទិវាសេរីភាពសារព័ត៌មានពិភពលោកគឺផ្តោតសំខាន់លើ «សារព័ត៌មានសម្រាប់ភពផែនដី៖ សារព័ត៌មានក្នុងបរិបទនៃវិបត្តិបរិស្ថាន» ដែលសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់នៃសារព័ត៌មានសេរីនិងឯករាជ្យ ក្នុងការដោះស្រាយបញ្ហាប្រឈមនៃបរិស្ថាន។ ជាការពិតណាស់ អ្នកសារព័ត៌មានដើរតួនាទីដ៏សំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ ដើម្បីធ្វើឱ្យអាជ្ញាធរមានគណនេយ្យភាព និងជំរុញ​ឱ្យមានដំណោះស្រាយ។

នៅកម្ពុជា អ្នកសារព័ត៌មានដែលរាយការណ៍អំពីបញ្ហាបរិស្ថានតែងតែប្រឈមនឹងការគំរាមកំហែង ការយាយី និងអំពើហិង្សា។ យោងតាមរបាយការណ៍​ចុងក្រោយ​របស់​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (ខេមបូចា​) ស្តីពី «ស្ថានភាពសារព័ត៌មានកម្ពុជា» គឺមានករណីយាយីចំពោះអ្នកសារព័ត៌មានចំនួន ៣២ករណីដែលបានកត់ត្រានៅក្នុងឆ្នាំ២០២៣ រួម​ទាំង​ករណី​គំរាមកំហែង​ផ្លូវ​ច្បាប់​ចំនួន ១៥ ​ករណី។ ក្នុង​នោះ​មាន​ករណី​ចំនួន ៧​ ​ក្នុង​ចំណោម ​៣២ ​ករណី​ដែលជាប់ទាក់ទង​ទៅនឹង​ការ​រាយការណ៍​អំពី​បញ្ហា​បរិស្ថាន។ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៤ ខេមបូចា ក៏បានកត់ត្រាករណីយារយីអ្នកសារព័ត៌មានចំនួន១០ករណី ក្នុង​នោះ​មាន៧ករណី​នៃ​ការ​គំរាម​កំហែង​ផ្លូវ​ច្បាប់។

ស្រដៀងគ្នានេះដែរ យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៣របស់មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (ម.ស.ម.ក) សមាគមអាដហុក និងមជ្ឈមណ្ឌលសាមគ្គីភាព ស្តីពី «ការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា» មានអ្នកសារព័ត៌មានចំនួន២៦នាក់ បានប្រឈមមុខនឹងការរឹតបន្តឹង ឬការដាក់ទណ្ឌកម្មចំពោះ​ការចុះបំពេញការងាររបស់ខ្លួននៅឆ្នាំ២០២៣។ អ្នកសារព័ត៌មានត្រូវបាននាំយកមកសួរនាំ បន្ទាប់ពីពួកគេបានធ្វើការស៊ើបអង្កេត ឬរាយការណ៍អំពីបញ្ហាសង្គម ដូចជា សកម្មភាពអាជីវកម្មខុសច្បាប់ អំពើពុករលួយ និងជម្លោះដីធ្លីជាដើម។

នៅ​ក្នុង​ហេតុការណ៍ចំនួន ៥ ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ ឬអ្នកសារព័ត៌មានបានប្រឈមមុខនឹងការគំរាមកំហែងផ្លូវច្បាប់ ហើយត្រូវបានបង្គាប់​ឱ្យកែសម្រួល ឬហាមមិនឱ្យចុះផ្សាយអត្ថបទរបស់ខ្លួន​។ ជាងនេះទៅទៀត ក៏មានករណីរបស់អ្នកសារព័ត៌មានចំនួន៦ រូប ដែលធ្វើការនៅក្នុងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ទទួលបានការវាយប្រហារ ឬរងរបួស និងមានករណីចំនួន៤ផ្សេងទៀត ដែលអ្នកសារព័ត៌មានត្រូវបានគេរឹបអូសនូវសម្ភារៈរបស់ពួកគេ នៅអំឡុងពេលពួកគេបំពេញការងារ។ កង្វះ​គណនេយ្យភាពចំពោះកំណត់ត្រាហេតុការណ៍ទាំងអស់នេះគឺជាបញ្ហាយ៉ាងធ្ងន់ធ្ងរនិងបង្ក​​ឱ្យមាន​ការ​ព្រួយ​បារម្ភ​យ៉ាងខ្លាំង​អំពីការជ្រៀតជ្រែក​នៅ​ក្នុង​សកម្មភាព​ការងារ​របស់​អ្នក​សារព័ត៌មាន។

ដោយសារតែអ្នកសារព័ត៌មានដើរតួនាទីយ៉ាងសំខាន់ក្នុងការតស៊ូមតិសម្រាប់ដោះស្រាយបញ្ហាបរិស្ថាន និងផ្ដល់នូវការអនុវត្តល្អជាច្រើន ក្នុងនាមយើងខ្ញំ​ជាអង្គការសង្គមស៊ីវិល និងស្ថាប័ន ប្រព័ន្ធ ផ្សព្វផ្សាយដែលបានខិតខំស្វះស្វែងលើកកម្ពស់សិទ្ធិទទួលព័ត៌មាន សេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិនៅកម្ពុជា សូមអំពាវនាវឱ្យមានការគាំទ្រ​បន្ថែម​ទៀត​ពី​ដៃគូអភិវឌ្ឍន៍ ដើម្បី​ឱ្យ​ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការសង្គមស៊ីវិល ​ផ្ដល់នូវ​ការ​គាំពារ​ និងជំនួយបន្ទាន់ដល់អ្នកសារព័ត៌មាន ដែលងាយរងហានិភ័យ។

យើងខ្ញុំ​​សូម​អំពាវនាវ​បន្ថែម​ទៀត​ទៅដល់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ផ្តល់អាទិភាពនូវ​សំណើដូច​ខាងក្រោមនេះ ៖

១. សូមធានាឱ្យបរិយាកាសសង្គម ទាំងនៅលើបណ្តាញអនឡាញ និងក្រៅបណ្តាញ មាន សេរីភាព និងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន និងស្ថាប័នព័ត៌មានដើម្បីបំពេញតួនាទីវិជ្ជាជីវៈ ដោយគ្មានឧបសគ្គ ឬការព្រួយបារម្ភ ជាពិសេសនៅពេលពួកគេរាយការណ៍អំពីបញ្ហាបរិស្ថាន។

២. សូមបញ្ឈប់រាល់ទម្រង់នៃការយារយីដល់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានដែលរាយការណ៍អំពីបញ្ហាសង្គមដ៏រសើប។

៣. សូមបញ្ឈប់ការប្រើប្រាស់បទប្បញ្ញត្តិព្រហ្មទណ្ឌដើម្បីដាក់ទោសអ្នកសារព័ត៌មាន ចំពោះការបំពេញតួនាទីស្របច្បាប់របស់ពួកគេដោយអយុត្តិធម៌។

៤. សូមពន្លឿននូវការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានដែលស្របតាមស្តង់ដារអន្តរជាតិ និងធានានូវការអនុវត្តយ៉ាងម៉ត់ចត់។

៥. សូមចូលរួមក្នុងការពិគ្រោះយោបល់បើកចំហជាមួយភាគីពាក់ព័ន្ធផ្សេងៗ ដើម្បីពិភាក្សាអំពី វិសោធនកម្មច្បាប់ស្តីពីសារព័ត៌មាន។

៦. សូមប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើយេនឌ័រដែលផ្តោតសំខាន់លើអ្នកសារព័ត៌មានជាស្ត្រី និងចាត់វិធានការចាំបាច់ដើម្បីបង្កើនតំណាងស្ត្រីនៅក្នុងវិស័យសារព័ត៌មាន៕

សេចក្តីថ្លែងការណ៍រួមនេះ គាំទ្រដោយ ៖

១. សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA)

២. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)

៣. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)

៤. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី​ និងយុត្តិធម៍នៅកម្ពុជា (COMFREL)

៥. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)

៦. បណ្ដាញយុវជនកម្ពុជា (CYN)

៧. អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

៨. អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា (WMC)

៩. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)

១០. អង្គការតម្លាភាពកម្ពុជា (TIC)

១១. បណ្តាញអ្នកសារព័ត៍មានស្រ្តីកម្ពុជា (CFJ)

 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ៖

លោក ណុប វី នាយកប្រតិបត្តិ នៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA)

012 519 261; ed@camboja.net

លោក អុិត សូធឿត ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយ នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)

012819545, isothoeuth@ccimcambodia.org​​

លោក ហួន ផន អ្នកសម្របសម្រួលគម្រោង នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)

070 757 884, phorn@cchrcambodia.org

 

ទាញយក ទិវា​សេរីភាព​សារព័ត៌មាន​ឆ្នាំ​២០២៤