មន្ត្រីសមាគមអាដហុកប្រចាំខេត្តកោះកុង បានឲ្យដឹងថា កងកម្លាំងសន្តិសុខរបស់ក្រុមហ៊ុន Union Development Group (UDG) បានគំរាមកំហែងប្រជាពលរដ្ឋ ៨គ្រួសារ ឲ្យចាកចេញពីភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង កាលរសៀលថ្ងៃទី១៩ ខែមេសាកន្លងមក។
លោក ញៀប សំអឿន អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកោះកុង ដែលបានតាមដានហេតុការណ៍នេះ បានរាយការណ៍មកថា កងកម្លាំងសន្តិសុខចំនួន ៦០នាក់ ដែលដឹកនាំដោយលោក លី តឹកហៃ មេកាក្រុមហ៊ុន UDG និងប្រដាប់ដោយពូថៅ និងញញួរនោះ បានចូលទៅភូមិរបស់ប្រជាពលរដ្ឋ ៨គ្រួសារនោះ។ ក្រៅពីប្រើឧបករណ៍ GPS ចុចលើទីតាំងមានជម្លោះនោះ កងកម្លាំងសន្តិសុខនោះ ថែមទាំងបានព្រមានប្រជាពលរដ្ឋទាំងនោះ ឲ្យចាកចេញពីតំបន់មានជម្លោះនៅក្នុងរយៈពេល ១ខែ បើមិនដូច្នេះទេ ប្រជាពលរដ្ឋទាំងនោះ នឹងត្រូវប្រឈមមុខនឹងការបណ្ដេញដោយបង្ខំ។
ប្រជាពលរដ្ឋ ៨គ្រួសារនោះ ស្ថិតនៅក្នុងចំណោមអ្នកភូមិ ៤៧គ្រួសារ ដែលកំពុងមានបណ្ដឹងជាមួយក្រុមហ៊ុន UDG នៅសាលាដំបូងខេត្តកោះកុង និងបានបដិសេធចាកចេញពីលំនៅដ្ឋានបច្ចុប្បន្នរបស់ពួកគេ៕
ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
លោក ញៀប សំអឿន មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកោះកុង
លេខទូរស័ព្ទ ០៩៨ ២១៥ ៥៥៦