នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ តំណាងសកម្មជនសហជីពទ្រទ្រង់សិទ្ធិការងារកម្មករខ្មែរ (LRSU) នៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ និងសមាជិក ៦រូប ត្រូវបានតុលាការកំពូលបានបើកវសនាការ លើបណ្តឹងសារទុក។ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោស កញ្ញា ឈឹម ស៊ីថរ ដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ ចំណែកកញ្ញា ឈឹម សុខន អ្នកស្រី សុន ស្រីពេជ្រ អ្នកស្រី ហៃ សុភាព អ្នកស្រី ឃ្លាំង សុបិន្ត និងកញ្ញា ទូច សេរីមាស ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១៨ខែ ប៉ុន្តែតម្រូវឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ និង ៣រូបទៀត មាន រី សុវណ្ណឌី, សុខ ណារិទ្ធិ និងសុខ គង្គា ផ្តន្ទាទោស ១ឆ្នាំ តែទោសត្រូវព្យួរ ក្រោមបទចោទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” ប្រព្រឹត្តនៅប្រទេសកម្ពុជាកាលពីអំឡុងឆ្នាំ២០២២ និងបន្តបន្ទាប់តាមបញ្ញាត្តិមាត្រា៤៩៤ និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ។ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ សាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ។
នៅព្រឹកនេះមានក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ប្រមាណ ៤០នាក់ បានជួបជុំគ្នានៅខាងមុខតុលាការកំពូល ដើម្បីគាំទ្រលើកទឹកចិត្តដល់កញ្ញា ឈឹម ស៊ីថរ ដែលកំពុងជាប់ពន្ធនាគារផងដែរ។ អាជ្ញាធរបានដាក់ពង្រាយកម្លាំងសមត្ថកិច្ចប្រហែល២៥នាក់ ដើម្បីឃ្លាំមើល និងថតរូបកូដករ។ តុលាការកំពូលនឹងប្រកាសសាលដីកាលើករណីនេះនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៨:៣០ នាទីព្រឹក។