លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រីចងក្រងសហគមន៍ និងសហគមន៍នៅសាមុត្រក្រោម លោក ឆន ផល្លា និង លោក ស៊ីថាន ញ៉ាន់ ចូលបំភ្លឺនៅសាលាដំបូងខេត្តរតនគិរី វេលាម៉ោង៨ ៣០នាទី នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ តាមការកោះហៅរបស់ចៅក្រមស៊ើបសួរ ។ អ្នកទាំង ៣រូប ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តរតនគិរី សម្រេចដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ បន្ទាប់ពីសាកសួរចប់នៅវេលាម៉ោង១១: ៣០នាទីព្រឹកនេះ ដោយដាក់កាតព្វកិច្ចឱ្យអនុវត្តន៍តាមផ្លូវតុលាការ ចំនួន ៣ចំណុច ៖
ទី១៖ សម្រេចដាក់ស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ
ទី២៖ មិនត្រូវផ្លាស់ប្តូរទីលំនៅ ដោយគ្មានការអនុញាត
ទី៣៖ ត្រូវចូលបង្ហាញខ្លួននៅសាលាដំបូងខេត្តរតនគិរី រៀងរាល់ ២ខែម្តង ។
សូមបញ្ជាក់ថា អ្នកទាំង ៣រូបខាងលើនេះ ត្រូវបានតំណាងអយ្យការអមសាលាដំបូងចោទប្រកាន់ពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលប្រព្រឹត្តនៅចំណុច សាមុត្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី២២ និងថ្ងៃទិ២៣ ខែមិថុនា ឆ្នាំ២០១៧ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា៤៩៤ ចំណុច១ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។
សមាគមអាដហុកនឹងបន្តឃ្លាំមើលរាល់នីតិវិធីរបស់តុលាការ ហើយបន្តចុះផ្សាយនៅក្នុងបណ្តាញសង្គមប្រសិនបើ មានព័ត៌មានពាក់ព័ន្ធណាមួយត្រូវបានធ្វើបច្ចុប្បន្នភាព។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទំនង៖
- លោក នី សុខា ប្រធានផ្នែកសិទ្ធិមនុស្ស និងសិទ្ធិដីធ្លី ០៨៦ ៣៧៤ ៦៦៦
- លោក ស៊ឹង សែនករុណា មន្ត្រីអង្កេតជាន់ខ្ពស់ និងអ្នកនាំពាក្យ ០៨៦ ៣២៤ ៦៦៦
អក្សរ និងរូប៖ ស៊ឹង សែនករុណា