សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) ពិតជាមានការសោកស្ដាយ និងខកចិត្តយ៉ាងខ្លាំង ចំពោះការសម្រេចរបស់តុលាការកំពូល នៅព្រឹកថ្ងៃ១៨ ខែវិច្ឆកា ឆ្នាំ២០២២ នេះ ដោយបានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញលេខៈ៧៣០ក្រ៦”ថ” ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ និងសាលដីកាសាលាឧទ្ធរណ៍ភ្នំពេញលេខៈ៦២ក្រIV”សស” ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ដែលសម្រេចផ្ដន្ទាទោសទៅលើ បុគ្គលិកសមាគមអាដហុក៣រូប រួមមាន លោក នី សុខា លោកស្រី លឹម មុនី លោក យី សុខសាន្ត និង អតីតបុគ្គលិកសមាគម ចំនួន២រូបផ្សេងទៀត គឺលោក ណៃ វ៉ង់ដា និង លោក នី ចរិយា ដាក់ពន្ធនាគារក្នុងម្នាក់ៗ ចំនួន ៥ឆ្នាំ ដោយអនុវត្តក្នុងពន្ធនាគារចំនួន ១៤ខែ ១ថ្ងៃ ចំណែកទោសដែលនៅសល់ត្រូវព្យួរធម្មតា ពីបទ សូកប៉ានសាក្សី និងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី តាមប្បទញ្ញត្តិមាត្រា២៩ និងមាត្រា៥៤៨ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
សមាគមការពារសិទ្ធិមនុស្ស (អាដហុក) បានអង្កេតតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើដំណើរការនីតិវិធីទាំងមុនពេល និងក្នុងកំឡុងពេលសវនាការ របស់សាលាដំបូងរាជធានីភ្នំពេញ សាលាឧទ្ធរណ៍ភ្នំពេញ ដោយបានសង្កេតឃើញថា រាល់ការចោទប្រកាន់មកលើអ្នកទាំង៥រូប រួមមាន លោក នី សុខា លោកស្រី លឹម មុនី លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងលោ នី ចរិយា មិនបានបង្ហាញឲ្យឃើញនូវធាតុផ្សំពេញលេញនៃអំពើសូកប៉ាន់សាក្សីនោះឡើយ ទាំងធាតុច្បាប់ ភស្តុតាងដាក់បន្ទុក សកម្មភាពនៃការប្រព្រឹត្តទៅលើអំពើសូកប៉ាន់ គឺការសម្រេចដោយសំអាងតែទៅលើសម្តីសាក្សីមួយគត់ ដែលការសម្រេចនេះ ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើ មាត្រា៤១៩ ក្រមនីតិវិធីព្រហ្មទណ្ឌ ដូចជា៖
១–ការរំលោភអំណាច និងការបំពានច្បាប់ ឬការអនុវត្តខុសច្បាប់ ដែលសាលដីកា និងសាលក្រម ព្យាយាមបកស្រាយថា ជាសាក្សី ចំពោះជនរងគ្រោះដែលមករកសេវាកម្មផ្លូវច្បាប់ពី សមាគមអាដហុក ដើម្បីបំពេញឱ្យបាននូវធាតុផ្សំបទល្មើសសូកប៉ាន់សាក្សី សំរាប់យកមកធ្វើការចោទប្រកាន់ទៅលើអ្នកទាំង៥រូប ទោះបីមានការបញ្ជាក់យ៉ាងច្បាស់តាមរយៈឯកសារ ភស្តុតាង និងវីដេអូបញ្ជាក់ពីភាពស្អាតស្អំទាំងនេះ ប៉ុន្តែតុលាការមិនបានលើកយកភស្តុតាងទាំងនេះ មកពិចារណា ដើម្បីជាមូលដ្ឋានក្នុងការសម្រេចសេចក្តីនោះឡើយ។
ការស៊ើបអង្កេត និងស៊ើបសួរកន្លងមក ពុំបានរកឃើញភស្តុតាងនៃធាតុផ្សំគ្រប់គ្រាន់ ដើម្បីចោទប្រកាន់នោះទេ ។ ហេតុផលផ្លូវច្បាប់ដូចបានរកឃើញក្នុងចម្លើយខាងលើបានបង្ហាញយ៉ាងច្បាស់ថា ខុម ចាន់តារ៉ាទី ហៅស្រីមុំ នៅពេលមកស្នើសុំឱ្យសមាគមអាដហុកជួយធ្វើអន្តរាគមន៍ ចាប់ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ មិនមែនជាសាក្សីនោះទេ គឺជាជនសង្ស័យសុទ្ធសាធ ហើយធាតុផ្សំដ៏សំខាន់ គឺភាពជាសាក្សីរបស់ស្រីមុំក្នុងសំណុំរឿងនេះ មិនមានឡើយ។
២–ការបកស្រាយដោយការរំលោភអំណាច និងបំពានច្បាប់ សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ភ្នំពេញ មិនបានគិតពិចារណាលើវិមតិសង្ស័យ ដែលជាប្រយោជន៍របស់ជនជាប់ចោទនោះទេ ។ ក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការទាំងពីរថ្នាក់ ជឿតែទៅលើសម្តីសាក្សីតែមួយគត់ ដែលការនិយាយរបស់សាក្សីទាំងនោះ គឺជាពាក្យសំដីទទេសុទ្ធសាធគ្មានមូលដ្ឋាន គ្មានហេតុផល និងគ្មានប្រភពច្បាស់លាស់ ដែលបង្ហាញថា បុគ្គលិកសមាគមអាដហុក សូកប៉ាន់ដើម្បីអត្ថប្រយោជន៍អ្វីមួយនោះទេ។ ផ្ទុយទៅវិញក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការទាំងពីរថ្នាក់ បែរជាបដិសេធចម្លើយរបស់អ្នកទាំង៥រូប ដូចៗគ្នា ដោយគ្មានមូលដ្ឋានជាក់ស្តែងណាមួយមកអះអាង ក្រៅពីសម្តីសាក្សីដែលម្នាក់ជាមេធាវីប្រចាំសមាគមអាដហុក និងម្នាក់ទៀតជាជនរងគ្រោះ ដែលមកស្នើសុំឲ្យសមាគមអាដហុកជួយនោះទេ។
៣–ការមិនមានសំអាងហេតុគ្រប់គ្រាន់ និងការបំភ្លៃអង្គហេតុ ទាំងនៅដំណាក់កាលចៅក្រមស៊ើបសួរ និងទាំងនៅដំណាក់កាលជំនុំជម្រះ នៃតុលាការទាំងពីរថ្នាក់ ចៅក្រមមិនបានកោះហៅសាក្សីឱ្យចូលខ្លួនមកតទល់ ដើម្បីស្វែងរកការពិត បង្ហាញសុចរិតភាព តាមការស្នើសុំរបស់អ្នកទាំង៥រូប និងមេធាវីរបស់ពួកគេឡើយ ជាងនេះទៀតតុលាការទាំងពីរថ្នាក់ ក៏មិនបានអនុវត្តវិធានការផ្លូវច្បាប់ឲ្យបានពេញលេញ ទៅលើការមិនចូលខ្លួនរបស់សាក្សី ដូចមានចែងក្នុងមាត្រា១៥៣ កថាខ័ណ្ឌទី៣ ក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧ នោះដែរ ។
ក្រុមប្រឹក្សាជំនុំជម្រះ មិនបានផ្តល់ការថ្លឹងថ្លែងឲ្យបានគ្រប់ជ្រុងជ្រោយ មុនការសម្រេចសេចក្តី ទៅលើធាតុផ្សំនៃបទល្មើស ដោយព្យាយាមការបំភ្លៃអង្គហេតុ ដោយផ្តល់ឋានៈឲ្យ ខុម ចាន់តារ៉ាទី ហៅស្រីមុំ ពីជនសង្ស័យទៅជាសាក្សី ដើម្បីបង្កើតទៅជាបទល្មើស សម្រាប់ចោទប្រកាន់ និងផ្តន្ទាទោស ដែលសកម្មភាពបែបនេះ ជាការរំលោភអំណាច និងបំពានទៅលើសិទ្ធិទទួលបានយុត្តិធម៌ ។
តាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ បទសូកប៉ាន់សាក្សី ជនដែលត្រូវបានសូកប៉ាន់នោះ ត្រូវមានឋានៈជាសាក្សីក្នុងសំណុំរឿងរបស់តុលាការណាមួយ ដែលកំពុងដំណើរការ ហើយត្រូវបានគេបង្គាប់ឱ្យផ្តល់សក្ខីកម្មភូតកុហក ជាថ្នូរនឹងការទទួលបាននូវអំណោយ ជំនូន ការសន្យា ឬ អត្ថប្រយោជន៍អ្វីមួយ មិនថា ដោយផ្ទាល់ ឬ ដោយប្រយោល ។ ប៉ុន្តែករណីរបស់អ្នកទាំង៥រូប ដែលតុលាការសម្រេចចោទប្រកាន់ និងឈានដល់ការផ្តន្ទាទោសនោះ មិនដឹងថា ខុម ចាន់តារ៉ាទី ហៅស្រីមុំនោះ ប្រែក្លាយជាសាក្សីនៅក្នុងសំណុំរឿងនេះ ចាប់តាំងពីពេលណានោះទេ ប៉ុន្តែផ្ទុយទៅវិញ ជនដែលតុលាការកំណត់ឋានៈថា ជាសាក្សីនោះ បែរជាមានដីកាកោះចូលឆ្លើយបំភ្លឺ ជាសង្ស័យក្នុងសំណុំរឿងបណ្តឹងបរិហារកេរ្តិ៍ នៅក្រសួងមហាផ្ទៃ និងនៅសាលាដំបូងរាជធានីភ្នំពេញទៅវិញ។
ទោះបីការសម្រេចសេក្តីរបស់តុលាការកំពូល បិទផ្លូវតវ៉ាយ៉ាងណាក៏ដោយ សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) នៅតែចាត់ទុកថា សកម្មភាពដែលបុគ្គលិក និងអតីតបុគ្គលិកសមាគមអាដហុកទាំង៥រូបបានធ្វើ គឺជាសកម្មភាពដែលចូលរួមចំណែក លើកកម្ពស់ការគោរពសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេស ” សិទ្ធិទទួលបានយុត្តិធម៌ ” ដែលស្ថិតនៅក្នុងអណត្តិនៃបេសកកម្មរបស់ខ្លួន ។ ពិតណាស់កិច្ចការលើកកម្ពស់សិទ្ធិមនុស្ស គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលដែលត្រូវតែធានាជូនពលរដ្ឋខ្លួន ស្របតាមរដ្ឋធម្មនុញ្ញ កិច្ចព្រមព្រៀងនានា ។ ដូច្នេះសកម្មភាពរបស់បុគ្គលិកអាដហុកទាំង៥រូប ក៏ដូចជាសកម្មជនអ្នកការពារសិទ្ធិមនុស្សដ៏ទៃទៀត ដែលបានលះបង់ ក្នុងបុព្វហេតុការពារសិទ្ធិមនុស្ស និងយុត្តិធម៌សង្គមកន្លងមក ពិតជាបានចូលរួមចំណែកក្នុងការបំពេញបន្ថែម នូវភាពខ្វះចន្លោះរបស់រដ្ឋាភិបាល គួរណាស់ត្រូវបានការលើកទឹកចិត្ត ដោយពុំគួរទទួលបានការតបស្នងត្រឡប់មកវិញ ដោយរងការចោទប្រកាន់តាមផ្លូវតុលាការ និងផ្តន្ទាទោសយ៉ាងអយុត្តិធម៌បែបនេះទេ ។ ជាងនេះទៅទៀត ការដាក់ទោសទណ្ឌមកលើសកម្មភាពក្រុមអ្នកការពារសិទ្ធិមនុស្សកន្លងមក បានបង្ហាញឲ្យឃើញយ៉ាងជាក់ច្បាស់ថា រាជរដ្ឋាភិបាលកំពុងតែដើរប្រាស់ចាក និងរំលោភលើគោលការណ៍សិទ្ធិមនុស្សដែលខ្លួនបានផ្តល់សច្ចាប័ន ព្រមទាំងធានាក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូល និងជាពិសេសរំលោភលើសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពី ” អ្នកការពារសិទ្ធិមនុស្ស ” យ៉ាងធ្ងន់ធ្ងរ ។
សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) សូមធ្វើការអំពាវនាវដល់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាងៀកមកអនុវត្តកាតព្វកិច្ចសិទ្ធិមនុស្ស ក្នុងនាមជារដ្ឋភាគីហត្ថលេខីនៃលិខិតតុបករណ៍សិទ្ធិមនុស្សអន្តរជាតិទាំងអស់ ដោយបញ្ឈប់រាល់ការប្រើប្រាស់នូវយន្តការតាមផ្លូវតុលាការ ដើម្បីធ្វើការគម្រាមកំហែងបំបាក់ស្មារតី តាមរយៈការចោទប្រកាន់ ចាប់ខ្លួន ដាក់ទោសទណ្ឌទាំងបំពានចំពោះសកម្មជនអ្នកការពារសិទ្ធិមនុស្ស ផ្ទុយទៅវិញរាជរដ្ឋាភិបាលត្រូវខិតខំបង្កើតយន្តការធ្វើយ៉ាងណា ដើម្បីធានាឲ្យមានប្រសិទ្ធិភាពខ្ពស់ ដល់អ្នកការពារសិទ្ធិមនុស្ស ។
ជាមួយគ្នានេះដែរ សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) សូមអំពាវនាវដល់ស្ថាប័នតុលាការគ្រប់ជាន់ថ្នាក់ គួរតែធ្វើការកែលំអរនូវការអនុវត្តច្បាប់ឲ្យបានល្អប្រសើរ ស្របតាមគោលការណ៍នីតិរដ្ឋពិតប្រាកដ ដើម្បីធានាក្នុងការស្វែងរកយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់បក្សពួក និន្នាការ និងជៀសវាងនូវអគតិទាំង៤ ដូចមានចែងក្នុងក្រមសីលធម៌ចៅក្រម ព្រះរាជអាជ្ញា ដើម្បីផ្តល់ឲ្យពលរដ្ឋ និងសង្គមទាំងមូលទទួលបានយុត្តិធម៌យ៉ាងពិតប្រាកដ៕
ព័ត៌មានបន្ថែម សូមទំនាក់ទំនង ៖
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក )ទូរស័ព្ទៈ ០៨៦ ៣២៤ ៦៦៦ / ០១៦ ៦៦ ២៦ ៤៥
អ៊ីម៉ែលៈ senkarunasoeng@adhoccambodia.org