“សិទ្ធិសេរីភាពបញ្ចេញមតិតាមរយៈការជួបជុំដោយសន្តិវិធី ត្រូវបានអាជ្ញាធរមូលដ្ឋានមួយចំនួនអនុវត្តផ្ទុយ ច្បាប់ជាតិ-ច្បាប់អន្តរជាតិ ជាពិសេស ស.ជ.ណ ២០០៦ ចុះថ្ងៃទី២៧-វិច្ឆិកា-២០១៨ ក្រសួងមហាផ្ទៃ”
១. សេចក្តីផ្តើម
សមាគមអាដហុក គឺជាសមាគមសិទ្ធិមនុស្សកម្ពុជានាំមុខគេ និងដំបូងគេបង្អស់ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៩១ ដើម្បីធ្វើការតស៊ូមតិលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ និងទទួលស្គាល់ជាផ្លូវការដោយ សម្តេចព្រះ នរោត្តម សីហនុ ថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩២ ព្រមទាំងចុះបញ្ជីក្រសួងមហាផ្ទៃ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០០០ ប្រកាសលេខ ២៧៨។ សមាគមអាដហុក បាននឹងកំពុងធ្វើប្រតិបត្តិការសកម្មភាពសំខាន់បីគឺ ពង្រឹងសិទ្ធិអំណាចសហគមន៍ ការតស៊ូមតិ និងការឃ្លាំមើល អន្តរាគមន៍ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្ស។
២. វិសាលភាពរបាយការណ៍៖
ជាង៥៥៦សកម្មភាពលើកកម្ពស់ការយល់ដឹង ប្រជាពលរដ្ឋសហគមន៍មូលដ្ឋាន អ្នកការពារសិទ្ធិមនុស្ស អ្នកតំណាងសហគមន៍ ដែលសមាគមអាដហុកបានកំពុងធ្វើប្រចាំឆ្នាំ ក្នុងនោះរួមមានសកម្មភាព៖ វគ្គបណ្តុះ បណ្តាល វគ្គពង្រឹងសមត្ថភាព សិក្ខាសាលា កិច្ចសន្ទនា កិច្ចប្រជុំ វេទិការយុវជន និងការផ្សព្វផ្សាយ។ របាយការណ៍នេះ លើកយកមកតែសកម្មភាព ការផ្សព្វផ្សាយ “អំពីប្រជាធិបតេយ្យ សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ” ដែលបានធ្វើការផ្សព្វផ្សាយចាប់ពី ថ្ងៃទី០១ខែមករា ដល់ ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៤ ដល់ប្រជាពលរដ្ឋ-សហគមន៍មូលដ្ឋាន សរុបចំនួន ៣១១វគ្គ ស្ថិតនៅក្នុង ២៩៦ភូមិ ១១១ឃុំ ៦៦ស្រុក នៃ២២ខេត្តមានអ្នកចូលរួមសរុប ចំនួន៨,៩៩០នាក់ ស្រ្តីចំនួន៥,៦៣៨នាក់ យុវជន១,៥៩២ និងជនជាតិដើមភាគតិចចំនួន៨០០នាក់។ សកម្មភាព ការផ្សព្វផ្សាយទាំង៣១១វគ្គ បានបង្ហាញឲ្យប្រជាពលរដ្ឋមូលដ្ឋានបានចូលរួមផ្ទាល់ ៨,៩៩០នាក់យល់ច្បាស់ និងបានចែករំលែកព័ត៌មាន ទៅក្រុមគ្រួសារ មិត្តភក្រ័ និងប្រជាពលរដ្ឋនៅក្នុងសហគមន៍ របស់ពួកគេអំពីការអនុវត្តន៍ច្បាប់ “សិទ្ធិសេរីភាពបញ្ចេញមតិ តាមរយៈការជួបជុំដោយសន្តិវិធី” របស់អាជ្ញាធរមូលដ្ឋានរំលោភច្បាប់ជាតិ-ច្បាប់អន្តរជាតិ ជាពិសេស ស.ជ.ណ លេខ២០០៦ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ។
៣. ច្បាប់ជាតិ-ច្បាប់អន្តរជាតិពាក់ព័ន្ធ
ច្បាប់ជាតិ៖
- រដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ មាត្រា៤១ ប្រជាពលរដ្ឋខ្មែរ មានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ភផ្សាយ សេរីភាពខាងការជួបជុំ។
- សេចក្តីណែនាំលេខ២០០៦ ស.ជ.ណ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ ស្តីពីការធ្វើសកម្មភាពរបស់សមាគម អង្គការមិនមែនរដ្ឋាភិបាលនិងសហគមន៍នានានៅមូលដ្ឋានដោយមិនចាំបាច់ ជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានមុនពេលចាប់ផ្តើមឡើយ។(មានភ្ជាប់ជូននៅទំព័រទី៦)
ច្បាប់អន្តរជាតិ៖
- សេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស បានអនុម័តថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨
មាត្រា១៩ មនុស្សគ្រប់រូប មានសិទ្ធិសេរីភាពក្នុងការមានមតិ និងការសម្តែងមតិ។ សិទ្ធិនេះរាប់បញ្ចូលទាំងសេរីភាពក្នុងការប្រកាន់មតិដោយគ្មាន ការជ្រៀតជ្រែក និងសេរីភាពក្នុងការស្វែងរកការទទួល និងការផ្សព្វ ផ្សាយព័ត៌មាននិងគំនិតនានាដោយគ្មានព្រំដែន ទោះតាមរយៈមធ្យោបាយ សម្តែងមតិ ណាមួយក៏ដោយ។
មាត្រា២០(កថាខណ្ឌទី១) មនុស្សគ្រប់រូប មានសិទ្ធិសេរីភាពក្នុងការប្រជុំ ឬការបង្កើតសមាគមដោយសន្តិវិធី។
- កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលបានផ្តល់សច្ចាប័ន ខែតុលាឆ្នាំ២០០៩ មាត្រា១៩(កថាខណ្ឌទី២) ជនគ្រប់រូប មានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ សិទ្ធិនេះត្រូវរាប់បញ្ចូលទាំងសេរីភាព ស្រាវជ្រាវព័ត៌មាន ទទួលនិងផ្សព្វផ្សាយព័ត៌មាន និងគំនិតសព្វបែបយ៉ាងដោយមិនគិតពីព្រំដែន ដោយផ្ទាល់មាត់ សរសេរ ឬបោះពុម្ភ តាមទម្រង់សិល្បៈក្តី ឬក៏ដោយមធ្យោបាយផ្សព្វផ្សាយដទៃទៀតក្តី តាមការជ្រើសរើសរបស់ខ្លួន។
មាត្រា២១ សិទ្ធិប្រជុំដោយសន្តិវិធីត្រូវតែទទួលស្គាល់។ ការប្រើប្រាស់សិទ្ធិនេះ អាចមានការរឹតត្បិត ដែលកំណត់ដោយច្បាប់តែប៉ុណ្ណោះ និងដែល ចាំបាច់ក្នុងសង្គមប្រជាធិបតេយ្យ ក្នុងផលប្រយោជន៍នៃសន្តិសុខជាតិ ឬសុវត្ថិភាពសាធារណៈ សណ្តាប់ធ្នាប់សាធារណៈ ការការពារសុខភាព
សាធារណៈ ឬសីលធម៌ ឬការការពារសិទ្ធិ និងសេរីភាពរបស់អ្នកកទៃ។
- គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០៣០ ទិសដៅទី១៦.១០ ធានាការទទួលបានព័ត៌មានជាសាធារណៈ និងការពារសេរីភាពជាមូលដ្ឋានស្របតាមច្បាប់ជាតិ និងកិច្ចព្រមព្រៀងអន្តរជាតិ។
៤. ការរឹតត្បិត-ការរំលោភសេរីភាពមញ្ចេញមតិតាមរយៈការជួបជុំដោយសន្តិវិធី៖
សកម្មភាពដែលអាចរាប់បញ្ចូលជាការរឹតត្បិត-ការរំលោភបំពានសេរីភាពមូលដ្ឋាន(សេរីភាពមូលដ្ឋានរួមមានៈ សេរីភាពបញ្ចេញមតិ សេរីភាពជួបជុំដោយសន្តិវិធី និងសេរីភាពសមាគម) |
1. សមត្ថកិច្ចប៉ូលីស ឬជនដទៃ ឃ្លាំមើល តាមដាន លើនរណាម្នាក់ ឬក្រុមណាមួយជាប្រចាំ2. អាជ្ញាធរ សមត្ថកិច្ច បិទ ឬស្ទាក់ផ្លូវ(រារាំង) ដើម្បីបញ្ឈប់នរណាម្នាក់ ឬច្រើននាក់ ពីការចូលរួមតវ៉ា ឬចូលរួមក្នុងព្រឹត្តិការផ្សេងៗ ដែលប្រព្រឹត្តទៅដោយសន្តិវិធី។3. សមត្ថកិច្ចតម្រូវឲ្យសុំការអនុញ្ញាត ឬជូនដំណឹង ដើម្បីរៀបចំសកម្មភាពជួបជុំអ្វីមួយ ដូចជា កិច្ចប្រជុំផ្សព្វផ្សាយ រៀនសូត្រ សិក្ខាសាលា។ល។ 4. សមត្ថកិច្ចតម្រូវឲ្យលប់ចោល ឬប្តូរសកម្មភាព ឬហាមម្ចាស់ទីកន្លែងមិនឲ្យជួល ឬផ្តល់ឲ្យ 5. ការប្រឈមនឹងការសងសឹក ឬ ការគំរាមកំហែង បន្ទាប់ពីបានចែលរំលែកព័ត៌មាន ឬបង្ហោះព័ត៌មានតាម បណ្តាញសង្គម។6. សមត្ថកិច្ចមកកន្លែងរៀបចំកម្មវិធី ដើម្បីឃ្លាំមើល ឬ ថតរូប ឬ កត់ត្រាព័ត៌មាន ឬ សុំពិនិត្យឯកសា ឬ ស្នើរ ឬ បង្ខំឲ្យបញ្ឈប់សកម្មភាព។ 7. សមត្ថកិច្ចដើរកត់ឈ្មោះពលរដ្ឋតាមផ្ទះ បន្ទាប់ពីពួកគាត់ត្រឡប់ពីចូលរួមសកម្មភាពជួបជុំផ្សេងៗ។8. សមត្ថកិច្ចប្រើហិង្សា ឬចាប់ខ្លួន ដើម្បីបញ្ឈប់សកម្មភាពការប្រមូលផ្តុំ។ 9. សមត្ថកិច្ចស្នើឲ្យធ្វើរបាយការណ៏ដោយមិនសមហេតុផល។ (ប្រភពសមាគមអាហុក – ឯកសារសំរាប់វគ្គបណ្តុះបណ្តាល) |
រូបភាពដែលអាជ្ញាធរតាមមូលដ្ឋានបានររឹតត្បិត-រំលោភបំពានសេរីភាពបញ្ចេញមតិតាមរយៈការជួបជុំដោយសន្តិវិធី នៃការផ្សព្វផ្សាយនៅសហគមន៍មូលដ្ឋាន ក្នុងឆ្នាំ២០២៤ រួមមានៈ
សកម្មភាពផ្សព្វផ្សាយ “អំពីប្រជាធិបតេយ្យ សិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ” បានធ្វើការផ្សព្វផ្សាយ ដល់ប្រជាពល រដ្ឋ-សហគមន៍នៅតាមមូលដ្ឋានចំនួន ៣១១វគ្គ ស្ថិតនៅក្នុង ២៩៦ភូមិ ១១១ឃុំ ៦៦ស្រុក នៃ២២ខេត្ត ក្នុងឆ្នាំ២០២៤កន្លងមក ជាង៩០% មានការរឹតត្បិតពីអាជ្ញាធរតាមមូលដ្ឋាន ដោយរំលោភច្បាប់ជាតិ-ច្បាប់អន្តរជាតិដែលមានជាធរមាន ជាពិសេស អនុវត្តផ្ទុយ សេចក្តីជូនដំណឹងក្រសួងមហាផ្ទៃ លេខ២០០៦ ស.ជ.ណ ចុះថ្ងៃទី២៧ខែវិច្ឆិកា ឆ្នាំ២០១៨ មានដូចជា៖
សកម្មភាពផ្សព្វផ្សាយ “អំពីប្រជាធិបតេយ្យ សិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ” បានធ្វើការផ្សព្វផ្សាយ ដល់ប្រជាពល រដ្ឋ-សហគមន៍នៅតាមមូលដ្ឋានចំនួន ៣១១វគ្គ ស្ថិតនៅក្នុង ២៩៦ភូមិ ១១១ឃុំ ៦៦ស្រុក នៃ២២ខេត្ត ក្នុងឆ្នាំ២០២៤កន្លងមក ជាង៩០% មានការរឹតត្បិតពីអាជ្ញាធរតាមមូលដ្ឋាន ដោយរំលោភច្បាប់ជាតិ-ច្បាប់អន្តរជាតិដែលមានជាធរមាន ជាពិសេស អនុវត្តផ្ទុយ សេចក្តីជូនដំណឹងក្រសួងមហាផ្ទៃ លេខ២០០៦ ស.ជ.ណ ចុះថ្ងៃទី២៧ខែវិច្ឆិកា ឆ្នាំ២០១៨ មានដូចជា៖
1. ខេត្តកំពង់ឆ្នាំងៈ ស្រុកបរិបូរណ៍ អាជ្ញាធរភូមិ-ឃុំមិនពេញចិត្តការផ្សព្វផ្សាយ និងព្យាយាមរារាំងមិនឲ្យប្រជាពលរដ្ឋចូលរួមការផ្សព្វផ្សាយ។
2. ខេត្តពោធិសាត់ៈ ស្រុកក្រគរ ស្រុកវាលវែង មេភូមិ មកសួរនាំថាតើការផ្សព្វផ្សាយនេះមានការអនុញ្ញាត(លិខិតអនុញ្ញាត) ពីឃុំ-ស្រុកឬទេ? មេភូមិ និងសមាជិកឃុំ សន្តិសុខភូមិ បានចូលមកអំឡុងពេលផ្សព្វផ្សាយដោយអ្នកខ្លះកត់ត្រា និងអ្នកខ្លះទៀតថតរូបភាព។
3. ខេត្តបាត់ដំបងៈ ស្រុកឯកភ្នំ មិនអនុញ្ញាតឲ្យធ្វើការផ្សព្វផ្សាយនៅក្នុងសហគមន៍ឡើយ។ ស្រុកមោងឬស្សី អាជ្ញាធរ មេភូមិ ប្រជាការពារភូមិ ឃ្លាំមើល ចូលរូមការផ្សព្វផ្សាយ ថតរូបអ្នកចូលរួម។
4. ខេត្តកណ្តាលៈ ស្រុកកណ្តាលស្ទឹង ស្រុកខ្សាច់កណ្តាល ស្រុកពញាព្ឬ ក្រុងអរិយក្សត្រ អាជ្ញាធរភូមិ-ឃុំ មិនសប្បាយចិត្តការផ្សព្វផ្សាយ។ មេភូមិ អនុភូមិ ប្រជាការពារ និងនគរបាលរដ្ឋបាលប៉ុស្តិ៍ តែងតែមានវត្តមានស្តាប់ការផ្សព្វផ្សាយ ថតរូប ថតបញ្ជីវត្តមាន និងសួររកច្បាប់អនុញ្ញាតឲ្យធ្វើការផ្សព្វផ្សាយ។
5. ខេត្តកំពង់ស្ពឺៈ ស្រុកឪរ៉ាល់ អាជ្ញាធរឃុំ-ភូមិ តែងតែរំខាន មានវត្តមានចាប់តាំងពីពេលចាប់ផ្តើម ការផ្សព្វផ្សាយរហូតដល់ចប់។
6. ខេត្តក្រចេះ: ស្រុកចិត្របុរី ស្រុកព្រែកប្រសព្វ អាជ្ញាធរភូមិ-ឃុំ តាមដានសកម្មភាពផ្សព្វផ្សាយ ព្រមទាំងមានវត្តមានអំឡុងពេលផ្សព្វផ្សាយ។ មេភូមិ-មេឃុំ តម្រូវឲ្យសុំការអនុញ្ញាត (ឬដាក់លិខិតជូនដំណឹង)ពួកគាត់ មុនពេលធ្វើសកម្មភាពផ្សព្វផ្សាយ។
7. ខេត្តកំពង់ធំៈ ស្រុកកំពង់ស្វាយ អាជ្ញាធរឃុំត្រពាំងឬស្សី ឃុំដំរីស្លាប់ ឃុំកំពង់ស្វាយា រួមទាំងមេភូមិ និងប្រជាការពារភូមិចូលអង្គុយស្តាប់ ថតបញ្ជីវត្តមានអ្នកចូលរួម ថតរូបអ្នកចូលរួម។
8. ខេត្តរតនគីរីៈ ស្រុកអូយ៉ាដាវ អាជ្ញាធរភូមិ-ឃុំ បានចូលអង្គុយស្តាប់ ថតបញ្ជីវត្តមានអ្នកចូលរួម ថតរូបអ្នកចូលរួម។
9. ខេត្តប៉ៃលិនៈ ស្រុកសាលាក្រៅ អាជ្ញាធរភូមិ-ឃុំ បានចូលអង្គុយស្តាប់ ថតបញ្ជីវត្តមានអ្នកចូលរួម ថតរូបអ្នកចូលរួម និងមានភូមិខ្លះមេភូមិមិនអនុញ្ញាតឲ្យធ្វើសកម្មភាពប្រជុំផ្សព្វផ្សាយទេ។
10. ខេត្តត្បូងឃ្មុំៈ ស្រុកដំបែរ ស្រុកមេមត់ ប្រជាសហគមន៍ មានអារម្មណ៍ភ័យខ្លាច ដោយអាជ្ញាធរភូមិ-ឃុំ-នគរបាលរដ្ឋបាលប៉ុស្តិ៍ មានវត្តមានឃ្លាំមើល សួរនាំ ថតរូប-ថតវីដេអូ សកម្មភាពអ្នកចូលរួម។
11. ខេត្តព្រែវែងៈ ស្រុកបាភ្នំ ស្រុកពារាំង អាជ្ញាធរភូមិ-ឃុំ ចូលរួមអង្គុយស្តាប់វគ្គផ្សព្វផ្សាយរហូតដល់ចប់ និងថតរូបអ្នកចូលរួម។
12. ខេត្តព្រះសីហនុៈ ស្រុកស្ទឹងហាវ ស្រុកព្រៃនប់ អាជ្ញាធរភូមិ-ឃុំ ចូលរួមអង្គុយស្តាប់វគ្គផ្សព្វផ្សាយដល់ចប់និងថតរូបអ្នកចូលរួម។
13. ខេត្តព្រះវិហារៈ ស្រុកគូលែន ស្រុករវៀង អាជ្ញាធរ នគរបាលរដ្ឋបាលប៉ុស្តិ៍ តាមឃ្លាំមើល ការផ្សព្វផ្សាយ។
14. ខេត្តបន្ទាយមានជ័យៈ ស្រុកស្វាយចេក ស្រុកថ្មពួក នគរបាលរដ្ឋបាលប៉ុស្តិ៍ចុះតាមដាន ឃ្លាំមើលការផ្សព្វ ផ្សាយ មេឃុំសួររកលិខិតអនុញ្ញាតពីថ្នាក់ស្រុក-ខេត្ត។
15. ខេត្តឧត្តមានជ័យៈ ស្រុកអន្លង់វែង ក្រុងសំរោង អាជ្ញាធរភូមិ-ឃុំ មិនសប្បាយចិត្ត សួររកការអនុញ្ញាត(លិខិតអនុញ្ញាត)ការផ្សព្វផ្សាយ។ នគរបាល សុំលេខទូរស័ព្ទអ្នកចូលរួមម្នាក់ៗ មេភូមិតែងតែឃ្លាំមើលចូលរួមការផ្សព្វផ្សាយ ថតរូបអ្នកចូលរួម។
16. ខេត្តស្ទឹងត្រែងៈ ស្រុកថាឡាបរិវ៉ាត់ អាជ្ញាធរឃុំ-មេភូមិ អនុភូមិ ប្រជាការពារ មានវត្តមានអំឡុពេលផ្សព្វ ផ្សាយ ថតរូប ថតវីដេអូ សកម្មភាពអ្នកចូលរួម ព្រមទាំងភូមិខ្លះ ហាមឃាត់ប្រជាពលរដ្ឋចូលរួមការផ្សព្វផ្សាយ។
17. ខេត្តកំពតៈ ក្រុងបូកគោ ស្រុកឈូក អាជ្ញាធរមិនសប្បាយចិត្តការផ្សព្វផ្សាយ មានវត្តមានអំឡុពេលផ្សព្វ ផ្សាយ សួរនាំ ថតរូប ថតវីដេអូ សកម្មភាពអ្នកចូលរួម។
18. ខេត្តកំពង់ចាមៈ ស្រុកបាធាយ អាជ្ញាធរឃុំ-មេភូមិ ប្រជាការពារ ចូលរួមអង្គុយស្តាប់ការផ្សព្វផ្សាយ ថតរូបថតវីដេអូ។ នគរបាលរដ្ឋបាលប៉ុស្តិ៍ ឃ្លាំមើលការផ្សព្វផ្សាយ និងសួរនាំអ្នកចូលរួម។
19. ខេត្តមណ្ឌលគីរីៈ ស្រុកកោះញែក ស្រុកកែវសីមា អាជ្ញាភូមិ-ឃុំ-នគរបាលរដ្ឋបាលប៉ុស្តិ៍ ឃ្លាំមើលចូលស្តាប់ការផ្សេព្វផ្សាយ ថតរូបភាព សុំថតបញ្ជីវត្តមាន សួរនាំរកលិខិតអនុញ្ញាតពីស្រុក-ខេត្ត។
20. ខេត្តកោះកុងៈ ស្រុកបូទុមសាគរ អាជ្ញាធរភូមិ-ឃុំ ឃ្លាំមើល តាមដាន ចូលរួមស្តាប់ការផ្សព្វផ្សាយ។
21. ខេត្តសៀមរាបៈ ស្រុកវ៉ារិន ស្រុកស្វាយលើ ស្រុកសូត្រនិគម អាជ្ញាធរឃុំ នគរបាលរដ្ឋបាលប៉ុស្តិ៍ សួរនាំនិងថតរូបអ្នកចូលរួម។ ក្រោយការផ្សព្វផ្សាយរួច មេភូមិមកដល់ផ្ទះអ្នកបានចូលរួមគំរាមកំហែងអំពីការចូលរួមការផ្សព្វផ្សាយកន្លងមក។
22. ខេត្តស្វាយរៀងៈ ស្រុករមាសហែក ស្រុកស្វាយជ្រុំ នគរបាលរដ្ឋបាលប៉ុស្តិ៍ ចូលរួមឃ្លាំមើលការផ្សព្វផ្សាយ ប្រជាការពារស្រវឹងស្រា មករំខានការផ្សព្វផ្សាយ។ ក្រោយការផ្សព្វផ្សាយរួច មេភូមិមកដល់ផ្ទះអ្នកបានចូលរួម គំរាមកំហែងអំពីការចូលរួមការផ្សព្វផ្សាយកន្លងមក។
៥. សេចក្តីសន្និដ្ឋាន៖
២០២៤ ជាង៩០% អាជ្ញាធរតាមសហគមន៍មូលដ្ឋាន[1] ស្ថិតនៅក្នុងភូមិចំនួន២៩៦ ឃុំចំនួន១១១ ស្រុកចំនួន៦៦ នៃខេត្តគោលដៅចំនួន២២ បានរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ តាមរយៈការជួបជុំដោយសន្តិវិធី ដែលជាការរំលោភច្បាប់ជាតិ-ច្បាប់អន្តរជាតិមានជាធរមាន ជាពិសេសអនុវត្តផ្ទុយ សេចក្តីជូនដំណឹង ក្រសួងមហាផ្ទៃ លេខ២០០៦ស.ជ.ណ ចុះថ្ងៃទី២៧ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមរូបភាពដូចជា៖ អាជ្ញាធរមូលដ្ឋាន សួររកលិខិតអនុញ្ញាត្ត រារាំងមិនអនុញ្ញាត្តឲ្យធ្វើការផ្សព្វផ្សាយ មេភូមិតម្រូវឲ្យជូនដំណឹងមុនធ្វើការផ្សព្វផ្សាយ ថតរូប-ថតវីដេអូ និងសុំបញ្ជីវត្តអ្នកចូលរួម មានវត្តមានឃ្លាំមើលនៅបរិវេណកន្លែងផ្សព្វផ្សាយ សុំលេខទូរស័ព្ទអ្នកចូលរួមក្រោយ ការផ្សព្វផ្សាយរួច មេភូមិទៅដល់ផ្ទះអ្នកបានចូលរួម សួរនាំគំរាមកំហែង អំពីការចូលរួមការផ្សព្វផ្សាយកន្លងមក ប្រជាការពារភូមិស្រវឹងស្រាមករំខានការផ្សព្វផ្សាយ ចូលរួមស្តាប់ការផ្សព្វផ្សាយ និងកត់ត្រា ហាមឃាត់ប្រជាពលរដ្ឋមិនឲ្យចូលរួមការផ្សព្វផ្សាយ។
៦. អនុសាសន៍៖
នៅក្នុងឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ គួរតែចាត់វិធានការ ណែនាំ ផ្សព្វផ្សាយ សេចក្តីជូនដំណឹងលេខ២០០៦ ស.ជ.ណ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ និងដាក់ពិន័យរដ្ឋបាលធ្ងន់ធ្ងរ ចំពោះអាជ្ញាធរ មូលដ្ឋានរូបណាដែលអនុវត្តផ្ទុយច្បាប់ជាតិ-ច្បាប់អន្តរជាតិ ជាពិសេស ស.ជ.ណ លេខ២០០៦ដែលជាការរំលោភធ្ងន់ធ្ងរ លើការអនុវត្តន៍សិទ្ធិសេរីភាពបញ្ចេញមតិ តាមរយៈការជួបជុំដោយសន្តិវិធី នៅក្នុងសហគមន៍មូលដ្ឋាន។
[1] ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំសង្កាត់ នគរបាលរដ្ឋបាលប៉ុស្តិ៍ មេភូមិ អនុភូមិ ប្រជាការពារភូមិ-សន្តិសុខភូមិ
ទាញយករបាយការណ៍ការរឹតត្បឹតសេរីភាពបញ្ចេញមតិ-សេរីភាពជួបជុំដោយអាជ្ញាធរមូលដ្ឋាន