សង្ខេបលទ្ធផលការឃ្លាំមើលសវនាការ
ល.រ | បរិយាយ – តុលាការ (សរុប១៧៥ករណី) | ករណី | ភាគរយ |
១ | រារាំងមិនឲ្យចូល ឬបណ្តេញចេញពីបន្ទប់សវនាការ (សាធារណៈជន) | ១៤២ | ៨១.១% |
២ | រារាំងមិនឲ្យចូល ឬបណ្តេញចេញពីបន្ទប់សវនាការ (អ្នកសារព័ត៌មាន) | ១១៦ | ៦៦.៣% |
៣ | មិនបានពន្យល់លំអិតអំពីសិទ្ធិមានមេធាវី ឬសិទ្ធិការពារខ្លួន | ៦៩ | ៤០% |
៤ | មិនបានពន្យល់លំអិតអំពីសិទ្ធិមិនឆ្លើយ | ៩៥ | ៥៤% |
៥ | មិនបានពន្យល់លំអិតអំពីសិទ្ធិមិនបង្ខំឲ្យសារភាពកំហុស | ៩៤ | ៥៤% |
៦ | មិនបានពន្យល់លំអិតអំពីសិទ្ធិការសន្មត់ទុកជាមុនថាគ្មានទោស | ៩៤ | ៥៤% |
៧ | ជនជាប់ចោទពាក់ឯកសណ្ឋានពន្ធនាគារអំឡុងពេលសវនាការ | ១៣២ | ៧៥.៤% |
៨ | ជនជាប់ចោទជាប់ខ្នោះដៃអំឡុងពេលសវនាការ | ៧២ | ៤១% |
៩ | ព្រះរាជអាជ្ញាស្រែកសម្លុត នៅពេលជនជាប់ចោទមិនឆ្លើយ | ០៧ | ៤% |
១០ | ចៅក្រមជំនុំជម្រះបានប្រាប់ឲ្យជនជាប់ចោទសុំទោស | ៨១ | ៤៦.៣% |
១១ | ចៅក្រម/តំណាងអយ្យការសម្តែងអាកប្បកិរិយាសម្លុតគំរាមជនជាប់ចោទ | ១៨ | ១០.៣% |
១២ | ចៅក្រម/តំណាងអយ្យការចាកចេញពីបន្ទប់អំឡុងពេលសវនាការ | ៨២ | ៤៧% |
១៣ | ចៅក្រម/តំណាងអយ្យការប្រើទូរស័ព្ទអំឡុងពេលសវនាការ | ៣៣ | ១៩% |
១៤ | តុលាការលើកពេលប្រកាសសាលក្រម | ១៧០ | ៩៧% |
១៥ | តុលាការលើកពេលប្រកាសសាលក្រមដោយមិនបញ្ជាក់កាលបរិច្ឆេទ | ៩៤ | ៥៤% |
១៦ | តុលាការបានបន្ថែមបទល្មើសថ្មីនៅពេលប្រកាសសាលក្រម | ១៣៧ | ៧៨% |
1. សមាគមអាដហុក បានចូលរួមឃ្លាំមើលសវនាការសរុប ១៧៥ករណី ស្ថិតនៅ២០រាជធានី-ខេត្ត ដែលមានករណីសិទ្ធិមនុស្ស៤៥.១% ករណីសិទ្ធិដីធ្លី១៨.៣% និងករណីស្រ្តី-កុមារ៣៦.៦%។ ហើយក្នុងនោះមាន បទឧក្រិដ្ឋ ១៣៧ករណី និង បទមជ្ឈឹម៣៨ករណី ដែលមានជនរងគ្រោះជាជនជាប់ចោទ សរុបចំនួន ១,១៦៥នាក់ និងដើមបណ្តឹងជាជនរងគ្រោះចំនួន៤៥២នាក់។
2. ១៤២ នៃ១៧៥ករណី ជនជាប់ចោទត្រូវតុលាការ សំរេចឃុំខ្លួនបណ្តោះអាសន្ន ហើយបើគិតដល់ ថ្ងៃបើកសវនាការជំនុំជម្រះមាន ជនជាប់ ចោទ៨០ករណី ត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្នលើសពី៦ខែរហូតដល់២៤ខែ ។
3. តុលាការនៅតែមានភាពយឺតយ៉ាវបើកសវនាការ រហូតដល់ចន្លោះពី មួយម៉ោងជាង ទៅពីរម៉ោង បើប្រៀបធៀបជាមួយម៉ោងក្នុងដីកាកោះហៅ និងម៉ោងពេលបើកសវនាការជំនុំជម្រះពិតប្រាកដ ។
4. តុលាការនៅតែមានភាពយឺតយ៉ាវ ក្នុងការចេញលិខិតអញ្ជើញមេធាវីតំណាងគូភាគី ដើម្បីចូលរួមក្នុងនីតិវិធីទាំងនៅតំណាក់កាលព្រះរាជអាជ្ញា តំណាក់កាលស៊ើបសួរ និងតំណាក់កាលជំនុំជម្រះ គឺលិខិតអញ្ជើញមកដល់ត្រឹមតែមួយថ្ងៃ ឬពីរថ្ងៃមុនពេលចាប់ផ្តើមនីតិវិធីប៉ុណ្ណោះ ។
5. ភាគច្រើនជាពិសេសករណីវិវាទដីធ្លី រវាងសហគមន៍ជាមួយនឹងអ្នកមានទ្រព្យ-មានអំណាច ចៅក្រមជំនុំជម្រះ មិន បានអនុញ្ញាត (មិនបានកោះហៅ) ឲ្យសាក្សីដោះបន្ទុកចូលរួមធ្វើសក្ខីកម្ម ទោះបីជាមេធាវីបានដាក់ស្នើក៏ដោយ(ឧទាហរណ៍ដូចជា ករណីវិវាទដីធ្លីនៅខេត្តកោះកុង និងខេត្តព្រះសីហនុ ជាដើម) ។
6. មានរហូតដល់ជាង៩០% តុលាការមិនបានជូនដំណឹងអំពីដីកាសម្រេច ដូចជា ដីកាសន្និដ្ឋានស្ថាពរ និងដីកាដំណោះស្រាយ។
7. តុលាការពេលខ្លះកោះហៅកូនក្តី មិនអញ្ជើញមេធាវី ប៉ុន្តែបើបានអញ្ជើញមេធាវី មិនកោះហៅកូនក្តី ចូលរួមនៅតំណាក់កាលព្រះរាជអាជ្ញា តំណាក់កាលចៅក្រមស៊ើបសួរ…។
អនុសាសន៍
- ក្រសួងយុត្តិធម៌ ពិនិត្យដាក់វិធានការណ៍ច្បាស់លាស់ ចំពោះការអនុវត្តន៍របស់ចៅក្រម និងតំណាងអយ្យការ ទាំងឡាយណា ដែលផ្ទុយនឹងគោលបំណង មាត្រា២០៨ និងមាត្រា២០៩ នៃនីក្រមតិវិធីព្រហ្មទណ្ឌឆ្នាំ២០០៧ បានចែងអំពីថេរវេលា នៃការឃុំខ្លួនបណ្តោះអាសន្ន ។ បើយោងរបាយការណ៍បានបង្ហាញថា ការឃុំខ្លួនបណ្តោះអាសន្ន ដែលមានថិរវេលាលើសពី៦ខែ រហូតដល់ជាង២៤ខែមានចំនួន៨០ករណី នៃករណីសរុប១៧៥ ។
- ក្រសួងយុត្តិធម៌ពិនិត្យ និងដាក់ពិន័យរដ្ឋបាលធ្ងន់ធ្ងរដល់ចៅក្រម និងតំណាងអយ្យការដែលមានការយឺតយ៉ាវចំពោះពេលវេលាបំពេញភារកិច្ចការងារ បើកសវនាការជំនុំជម្រះ ។ យោងតាមរបាយការណ៍បានបង្ហាញថា មានភាពយឺតយ៉ាវខ្លាំងពីជាងមួយម៉ោង រហូតដល់ពីរម៉ោង បើប្រៀបធៀបម៉ោងពេលបានកំណត់ក្នុងដីកា និងម៉ោងពេលបើកសវនាការជាក់ស្តែង។
- ក្រសួងយុត្តិធម៌ ពិនិត្យដាក់វិធានការណ៍ច្បាស់លាស់ ចំពោះការអនុវត្តន៍របស់ចៅក្រម និងតំណាងអយ្យការទាំងឡាយណា ដែលមានការយឺតយ៉ាវក្នុងការចេញលិខិតអញ្ជើញមេធាវី និងភាគីចូលរួមក្នុងសវនាការជំនុំជម្រះ ។
- ក្រសួងយុត្តិធម៌ ពិនិត្យដាក់វិធានការណ៍ច្បាស់លាស់ ចំពោះការអនុវត្តន៍របស់ចៅក្រម និងតំណាងអយ្យការទាំងឡាយណាដែលខកខាន មិនបានអញ្ជើញមេធាវីចូលរួមអមកូនក្តី ដើម្បីស្តាប់ចម្លើយកូនក្តីនៅតំណាក់កាលព្រះអាជ្ញា និងចៅក្រម ស្របតាមនីតិវិធី ។
- ក្រសួងយុត្តិធម៌ ពិនិត្យដាក់វិធានការណ៍ច្បាស់លាស់ ចំពោះការអនុវត្តន៍របស់ចៅក្រម និងតំណាងអយ្យការទាំងឡាយណាដែលខកខានមិនបានជូនដំណឹងអំពីដីកាសម្រេចដូចជាដីកាសន្និដ្ឋានស្ថាពរ និងដីកាដំណោះស្រាយ ។
- ចៅក្រម-តំណាងអយ្យការ ពិចារណាក្នុងការប្រើពាក្យ ឬនិយាយពីភាពមានឬគ្មានទោសដល់ជនជាប់ចោទ មុនពេលចេញសាលក្រម ជាពិសេសដូចជា ប្រាប់ឲ្យជនជាប់ចោទសុំទោស ។
- ចៅក្រមពិនិត្យ-ពិចារណា អំពីសិទ្ធិរបស់ជនជាប់ចោទដូចជា ជនជាប់ចោទមានពាក់ឯកសណ្ឋានពន្ធនាគារ និងដៃជាប់ខ្នោះ ក្នុងអំឡុងពេលសវនាការជំនុំជម្រះ ។
- ចៅក្រមពន្យល់ប្រាប់ជនជាប់ចោទ-ជនរងគ្រោះ ឲ្យបានច្បាស់លាស់ អំពីសិទ្ធិដែលត្រូវទទួលបានដូចជា សិទ្ធិមានមេធាវី សិទ្ធិមិនឆ្លើយ សិទ្ធិមិនបង្ខំឲ្យសារភាពកំហុស និងសិទ្ធិសន្មត់ទុកជាមុនថា គ្មានកំហុស សិទ្ធិដឹងពីបទចោទ សិទ្ធិដឹងការបរិច្ឆេទ-ទីកន្លែងប្រព្រឹត្តបទល្មើសជាដើម ។
- ក្រសួងយុត្តិធម៌ ពិនិត្យដាក់វិធានការណ៍ច្បាស់លាស់ ចំពោះគ្រប់សាលាដំបូង ក្នុងការបើកចំហរដល់សាធារណៈជន និងអ្នកសារព័ត៌មានបានចូលស្តាប់សវនាការសាធារណៈ ដោយគ្មានការហាមឃាត់ និងបណ្តេញចេញ ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុក ០៨៦ ៣២៤ ៦៦៦ / ០៨៩ ៦៦៦ ៣១២
Download report: