សមាគម ការពារសិទ្ធិមនុស្ស អាដហុក នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៥ បានធ្វើសន្និសីទ កាសែតបង្ហាញ របាយការណ៍សិទ្ធិស្ត្រី និងកុមារកម្ពុជា នៅអំឡុងត្រីមាសទី១ នៃឆ្នាំ២០១៥នេះ ដោយបានរកឃើញថា ស្ថានភាពសិទ្ធិស្ត្រី និងកុមារកម្ពុជា នៅតែប្រឈមនឹង ការរំលោភ បំពានធ្ងន់ធ្ងរ។
ក្នុងរបាយការណ៍ កម្រាស់ ៥០ទំព័រចេញផ្សាយ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៥នេះ សមាគមអាដហុក បានរកឃើញថា អំពើហិង្សាក្នុងគ្រួសារនៅតែជា បញ្ហាធ្ងន់ធ្ងរ ដោយមានអំពើហិង្សា ចំនួន ៧៤ករណីនៅក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០១៥ ខណៈអំពើ ហិង្សាក្នុង គ្រួសារបាន កើតឡើងត្រឹម ១៥០ករណីនៅក្នុងឆ្នាំ២០១៤។
របាយការណ៍ដដែលនេះ ក៏បានរកឃើញដែរថា ការធ្លាក់ចុះនៃ សីលធម៌សង្គម យ៉ាងធ្ងន់ធ្ងរ ការប្រើប្រាស់ គ្រឿងស្រវឹងកាន់តែច្រើន គ្រឿងញៀន វិបត្តិផ្លូវចិត្តក្នុងគ្រួសារ ដែលរងសម្ពាធពីបញ្ហាសង្គម គឺជាមូលហេតុ ចម្បងនៃអំពើ ហិង្សាគ្រួសារ។
ក្រៅពីករណីអំពើហិង្សា សមាគមការពារសិទ្ធិមនុស្សអាដហុក បានរកឃើញថា បទល្មើសរំលោភសេពសន្ថវៈទៅលើស្ត្រី និងកុមារ បានកើតឡើងចំនួន ១៣១ករណី (កើនឡើង ៥១ករណី) ក្នុងបទល្មើសរំលោភសេពសន្ថវៈលើកុមារអាយុក្រោម ៥ឆ្នាំ មាន ៥ករណី បទល្មើសរំលោភសេពសន្ថវៈលើកុមារអាយុក្រោម ១០ឆ្នាំ មាន ៣២ករណី បទល្មើសរំលោភសេពសន្ថវៈលើក្មេងស្រីអាយុក្រោម ១៨ឆ្នាំមានចំនួន ៦៣ករណី និងបទល្មើសរំលោភសេពសន្ថវៈលើនារីអាយុ ១៨ឆ្នាំឡើង មានចំនួន ៣១ករណី។ ចំណែកបទល្មើសរំលោភសម្លាប់មានចំនួន ៣ករណី រំលោភបូក ៦ករណី និងរំលោភផ្លូវភេទលើជនពិការមាន ១៥ករណី។
រីឯតួពលរដ្ឋកម្ពុជាត្រូវបានគេជួញដូរកម្លាំងពលកម្ម និងផ្លូវភេទ មានចំនួន ៩០ករណីក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០១៥នេះ ក្នុងការជួញដូរពលកម្មក្នុងរូបភាពរៀបអាពាហ៍ពិពាហ៍មាន ១២ករណី និងការជួញដូរផ្លូវភេទមាន ៤ករណី ដែលបានកើតឡើងលើជនរងគ្រោះសរុប ៤៣៨នាក់ ក្នុងនោះមានស្ត្រី ១៥២នាក់។
របាយការណ៍នេះ បានបញ្ជាក់ថា ទោះបីជារាជរដ្ឋាភិបាលកម្ពុជា បានផ្អាកជាផ្លូវការនូវការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅប្រទេសម៉ាឡេស៊ីក៏ដោយ ក៏សកម្មភាពបញ្ជូនពលករឆ្លងដែន ត្រូវបានធ្វើឡើងតាមរយៈប្រទេសថៃទៅកាន់ប្រទេសម៉ាឡេស៊ី ជាទីដែលកើតមានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើស្ត្រីបម្រើការតាមផ្ទះ។
ពាក់ព័ន្ធនឹងការបញ្ជូនពលករខុសច្បាប់ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី សមាគមអាដហុក បានរកឃើញថា អាជ្ញាធរកម្ពុជាពុំទាន់មានយន្តការជួយដល់ពលករចំណាកស្រុកទាំងនោះឲ្យបានទាន់ពេលវេលានៅឡើយទេ ខណៈពេលដែលក្រុមហ៊ុនបញ្ជូនពលករខុសច្បាប់មួយចំនួន សុទ្ធតែមានទំនាក់ទំនងនឹងបុគ្គលមានអំណាចក្នុងរដ្ឋាភិបាលកម្ពុជា៕