សិក្ខាសាលាថ្នាក់ជាតិប្រធានបទ “ការលើកកម្ពស់កិច្ចសន្ទនាសេរីភាពមូលដ្ឋាន”

សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា “អាដហុក” បានរៀបចំសិក្ខាសាលាថ្នាក់ជាតិប្រធានបទ “ការលើកកម្ពស់កិច្ចសន្ទនាសេរីភាពមូលដ្ឋាន” ក្នុងគោលបំណងបើកកិច្ចសន្ទនារវាតំណាងសហគមន៍មូលដ្ឋាន ជាមួយមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល នឹងផ្តល់វេទិកាសម្រាប់តំណាងសហគមន៍បង្ហាញអំពីការព្រួយបារម្មណ៍ បញ្ហាប្រឈមនិងលើកជាអនុសាសន៍ស្នើទៅរដ្ឋាភិបាលជួយជម្រុញការលើកកម្ពស់ការគោរពសិទ្ធិសេរីជាមូលដ្ឋាន និងពង្រីកលំហរប្រជាធិបតេយ្យទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់សង្គមស៊ីវិល ជាមួយអ្នកចូលរួមចំនួន ១៥០នាក់ មកពី ៨ខេត្តផ្សេងគ្នា រួមមាន ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពុងឆ្នាំង ខេត្តរតនគិរី ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តមណ្ឌលគិរី ខេត្តកំពង់ចាម និងខេត្តកំពុងឆ្នាំង និងតំណាងអង្គការសង្គមស៊ីវិល រួមទាំងតំណាងមកពីរដ្ឋាភិបាលគឺ ឯកឧត្តម កត្តា អន សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ ដោយឡែក ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងឯកឧត្តម ឈឹម កាន អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងជាប្រធាននាយកដ្ឋានអង្គការ សមាគម ក្រសួងមហាផ្ទៃ មិនបានចូលរួមតាមការអញ្ជើញនោះទេ។ ជាលទ្ធផលចេញពីការពិភាក្សាយើងសម្រេចបានលទ្ធផលធំៗមួយចំនួនដូចជាៈ តំណាងគណកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានឆ្លើយតបទៅនឹងកង្វល់ និងសំណូមពររបស់អ្នកចូលរួម ដោយសន្យាថានឹងដាក់ជូនសំណើរទាំងនេះទៅកាន់ថ្នាក់ដឹកនាំដើម្បីជជែកពិភាក្សាជាមួយភាគីពាក់ព័ន្ធ។ ជាមួយគ្នានេះផងដែរ មានការជជែកដេញដោល និងវេទិកាសំណួរចម្លើយរវាងសហគមន៍ និងតំណាងគណកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងសំណូមពរឱ្យមានកិច្ចអន្តរាគមន៍ជាវិជ្ជមានពីអជ្ញាធរមូលដ្ឋាន ដើម្បីបង្កើនកិច្ចសហការណ៍ ជាមួយសហគមន៍មូលដ្ឋាន។