អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ៩រូប ចូលសវនាកានៅសាលាដំបូងរាជធានីភ្នំពេញ

សវនាការ​នេះ បានធ្វើ​ឡើងនៅ​ព្រឹកថ្ងៃ​ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមបទ​ចោទប្រកាន់ “ញុះញង់​បង្កឲ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរដល់​សន្តិសុខ​សង្គម” កាល​ពីឆ្នាំ២០២១ ។ អ្នករងការ​ចោទប្រ​កាន់ទាំង៩រូបនោះ រួមមាន៖ ១.កញ្ញា ឈឹម ស៊ីថរ ២.កញ្ញា ឈឹម សុខន ៣.អ្នកស្រី រី សុវណ្ណឌី ៤.អ្នកស្រី សុន ស្រីពេជ្រ ៥.អ្នកស្រី ហៃ សុភាព ៦.អ្នកស្រី ឃ្លាំង សុបិន្ត ៧.កញ្ញា ទូច សិរីមាស ៨.លោក សុខ ណារិទ្ធ និងទី៩.លោក សុខ គង្គា ដោយផ្តោតទៅលើសកម្មភាពកូដកម្មរបស់ពួកគេដែលទាមទារឱ្យម្ចាស់ក្រុមហ៊ុន ចេញមុខមកដោះស្រាយវិវាទការងារដែលជាប់គាំងជាយូរមកហើយនេះ ។ សវនាការបានចាប់ផ្តើមនៅម៉ោង ៩ព្រឹក និងបញ្ចប់នៅម៉ោង១១ និង៣០នាទីថ្ងៃដដែលនេះ នឹងបន្តនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ។

#សមាគមអាដហុក សង្កេតឃើញថា មានវត្តមានក្រុមបុគ្គលិកណាហ្គាវើលដ៍ ប្រមាណជាជាង ១០០នាក់
ចូលរួមឃ្លាំមើល ដោយក្នុងដៃមានកាន់បដាមានសរសេរពាក្យថា “ខ្ញុំមកធ្វើជាសាក្សី” និងមាន សហជីព អង្គការលីកាដូ អង្គការសង់ត្រាល់ សមាគមអាដហុក មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា UNសិទ្ធិមនុស្ស និងសកម្មជនសង្គមនានាផងដែរ ។ នៅជុំវិញ និងខាងមុខតុលាការ ឃើញមាន កម្កាំងសមត្ថកិច្ច ប្រជាការពារ និងក្រុមជនស៊ីវិលប្រមាណជា ៥០នាក់ តាមឃ្លាំមើល និងថតរូបជាប្រចាំ ។

គួរបញ្ជាក់ថា ក្រុមកូដករណាហ្គាវើលដ៍ នៅតែបន្តធ្វើកូដកម្មទាមទារ ឱ្យមានការដោះស្រាយ ចាប់តាំពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ដែលអូសបន្លាយពេលជាយូរណាស់មកហើយ និងមានការជួបចរចារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ជាច្រើនលើក ហើយបានដាក់ញត្តិទៅក្រសួងការងារ ខុទ្ទកាល័យសម្តេច ហ៊ុន សែន ក៏ដូចជាភាគីពាក់ព័ន្ធជាច្រើនលើកមកហើយ រួមទាំងថ្នាក់ដឹកនាំ សហភាពសហព័ន្ធ សម្ពន្ធ័សហជីព សហជីពមូលដ្ឋាន និងអង្គការសមាគម ដែលធ្វើការលើវិស័យការពារ និងលើកកម្ពស់សិទ្ធិការងារ ដើម្បីស្នើឱ្យមានដំណោះស្រាយ បញ្ចប់វិវាទការងារដែលមានរយៈពេលយូរមួយនេះ ប៉ុន្តែនៅតែមិនទាន់មានដំណោះស្រាយបញ្ចប់វិវាទនេះនៅឡើយទេ ៕