សេច​ក្តី​ប្រកាស​ព័ត៌​មាន ស្តី​ពី  « តុលាការកំពូលនឹងបើកសវនាការលើបណ្តឹងសារទុក ​មន្ត្រីជាន់ខ្ពស់សមាគម​អាដ​ហុក​ ៣រូប នៅ​វេលា​ម៉ោង​៨ព្រឹក​ ថ្ងៃទី ​៤​ ខែវិច្ឆិកា ឆ្នាំ២០២២ »

សមា​គម​ការពារ​សិទ្ធិ​មនុស្ស​ និង​អភិវឌ្ឍន៍​នៅកម្ពុជា​ ហៅ​កាត់​ថា ​“អាដ​ហុក”​ មាន​កិត្តិយស​សូម​ជូន​ដំណឹង​ដល់​សាធារណៈ​ជន​ អង្គការ​សង្គម​ស៊ីវិល​ជាតិ ​អន្តរជាតិ​ ស្ថានទូត​អន្តរជាតិ​ អ្នក​សារព័ត៌​មាន​ជាតិ​ និងអន្តរ​ជាតិ​ទាំង​អស់​ជ្រាប​ថា ​នៅវេលា​ម៉ោង​ ៨:០០​ ព្រឹក​ថ្ងៃទី​ ៤ ​ខែវិច្ឆិកា​ ឆ្នាំ២០២២​ ខាង​មុខ​នេះ ​តុលាការកំពូលនឹងបើកសវនាការលើសំណុំរឿងបណ្តឹងសារទុករបស់មន្ត្រីជាន់ខ្ពស់សមាគមអាដហុកចំនួន​ ០៣ ​(បី) ​រូប ​រួមមាន​លោក​ នី សុខា​ លោក​ យី សុខសាន្ត​ និងលោកស្រី ​លឹម មុន្នី ​និងអតីតមន្ត្រីអាដហុក​ចំនួន​ ០២​ (ពីរ)​ រូបទៀត​គឺលោក ​ណៃ ​វ៉ង់ដា ​និង​លោក​ នី ចរិយា​ ដែលកន្លងមកត្រូវបានសាលាដំបូងដាក់​ពន្ធនាគារ​ ម្នាក់ៗ​កំណត់​០៥ឆ្នាំ ​ដោយត្រូវ​អនុវត្ត​ទោសក្នុង​ពន្ធនាគារ​រយៈ​ពេល១៤​ (ដប់បួន)​ ខែ​ និង​សល់​ប៉ុន្មាន​ព្យួរ ​ពីបទ​ “សូកប៉ាន់​សាក្សី​”  ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កាល​ពីថ្ងៃទី​ ២៧​ ខែមេសា​ ឆ្នាំ២០១៦​ តាម​មាត្រា ​៥៤៨​ នៃ​ក្រមព្រហ្ម​ទណ្ឌ​នៃ​ព្រះ​រាជាណាច​ក្រ​កម្ពុជា​ ហើយ​ត្រូវបាន​បញ្ជូន​ទៅឃុំ​ខ្លួន​នៅ​ពន្ធនាគារ​នៅថ្ងៃទី​ ០១​ ខែឧសភា ​ឆ្នាំ២០១៦​ រហូត​ដល់​ថ្ងៃទី ​២៩​ ខែមិថុនា​ ឆ្នាំ២០១៧​ ហើយ​ត្រូវ​បាន​អ្នក​ទាំង​ ៥ ​រូប ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​ កាល​ពី​ចុងឆ្នាំ​២០១៨​ ដើម្បី​រក​យុត្តិធម៌ ​និងផ្តល់​នូវកិត្តិយស​ដល់​ពួក​គាត់​វិញ ។ បន្ទាប់មក នៅរសៀល​ថ្ងៃទី២៨​ ខែមេសា ​ឆ្នាំ២០២២ សាលា​ឧទ្ធរណ៍​ភ្នំពេញ ក៏​បាន​បើក​សវនាការ​ជំនុំជំរះ​លើបណ្តឹង​ឧទ្ធរណ៍​របស់អ្នក​ទាំងប្រាំខាង​លើ ដោយលោក​ចៅក្រម​ប្រឹក្សា​​សម្រេច​​ប្រកាស​សាល​ដីកា​នៅវេលា​ម៉ោង៨​ព្រឹកថ្ងៃទី២៣ ​ខែឧសភា​ ដោយតម្កល់ទុកជាបានការទាំងស្រុងនៅសាលក្រមសាលាដំបូង ។ បន្ទាប់ពីប្រកាសសាលដីកានេះ មន្ត្រីជាន់ខ្ពស់សមាគមអាដហុក ៣រូប បានប្តឹងសារទុកទៅតុលាការកំពូល ដើម្បីទាមទាររកយុត្តិធម៌ និងភាពត្រឹមត្រូវជូនពួកគាត់វិញ ទើបព្រឹកម៉ោង៨ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ តុលាការនឹងបើកសវនាការតាមការប្តឹងសារទុកលើករណីនេះ ។

ដូច្នេះ ​យើង​ខ្ញុំសូម​គោរព​អញ្ជើញ​សាធារណៈ​ជន ​អង្គការ​សង្គមស៊ីវិល​ជាតិ អន្តរជាតិ​ តំណាង​ស្ថានទូត​ អ្នក​សារព័ត៌​មានជាតិ​ និងអន្តរជាតិ​ទាំងអស់ ​ចូល​រួម​តាម​ដាន និងឃ្លាំមើលកុំបី​ខាន ៕

សូម​អរគុណ!​

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់​ទំនង៖

លោក ស៊ឹង សែនករុណា  :០៨៦ ៣២៤ ៦៦៦

លោក​ ភិន​ សាវៃ                : ០៦៨ ៨៣១ ៦៦៦

ទាញយកសេចក្តីប្រកាសព័ត៌មាន