ក្នុងឱកាសនៃការប្រារព្ធទិវាសិទិ្ធលំនៅឋានពិភពលោកលើកទី៣៧ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ យើងខ្ញុំជាអង្គការសង្គមស៊ីវិលដែលមានរាយនាមខាងក្រោម សូមសម្តែងនូវការព្រួយបារម្ភនិងសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជា សូមជំរុញឱ្យមានដំណោះស្រាយសមរម្យដើម្បីបញ្ចប់វិវាទដីធ្លីដ៏រុំារ៉ៃរវាងក្រុមហ៊ុន OCIC និង ប្រជាពលរដ្ឋម្ចាស់ដីនៅតំបន់អភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ»។
យើងខ្ញុំបានកត់សម្គាល់ឃើញថា វិវាទនេះមានភាពធ្ងន់ធ្ងរ ហើយពលរដ្ឋរងផលប៉ះពាល់ជាច្រើនកំពុងជួបទុក្ខសោកដោយទទួលរងនូវការបណ្តេញចេញដោយបង្ខំពីផ្ទះ សម្បែង និងដីធ្លី របស់ ពួកគេ និងមិន បាន ទទួល នូវដំណោះ ស្រាយ សមរម្យ ជាទីពេញ ចិត្ត នៅឡើយ។ អ្វីដែល កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតនោះគឺ ប្រពលរដ្ឋដែលរងផលប៉ះពាល់បានរងសម្ពាធតាមរយៈបណ្តឹងពីតុលាការផងដែរ។ ប្រពលរដ្ឋចំនួន៩នាក់ (ក្នុងនោះមានស្រ្តីចំនួន៤នាក់) ក្នុងចំណោមប្រជាពលរដ្ឋចំនួន ៣០នាក់ ត្រូវបានចាប់ខ្លួនក្នុងការប៉ះទង្គិចគ្នាដោយហិង្សាទ្រង់ទ្រាយធំមួយបានកើតឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ រវាងប្រជាពលរដ្ឋដែលជាម្ចាស់ដី និងកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលនោះ ហើយកំពុងរងការចោទប្រកាន់ពីបទព្រហ្មទណ្ឌនៅឡើយ។
កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចេញដីកាកោះហៅប្រជាពលរដ្ឋម្ចាស់ដីទាំង៩នាក់ខាងលើ ដែលបច្ចុប្បន្នរស់នៅ ឃុំបឹងខ្យាង និងឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងឃុំពត់សរ ស្រុកបាទីខេត្តតាកែវ ក្រោមការចោទប្រកាន់ពីបទហិង្សាដោយចេតនានិងមានស្ថានទម្ងន់ទោសញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងប្រឆាំងនឹងអ្នករាជការសាធារណៈដោយមានស្ថានទម្ងន់ទោស ឱ្យចូលខ្លួនទៅកាន់សវនាការនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២។ អង្គការសង្គមស៊ីវិលសង្កេត និងយល់ឃើញថា ការឆ្លើយតបរបស់អាជ្ញាធររដ្ឋបែបនេះ បង្កើតនូវស្ថានភាពមួយ ដែលធ្វើឲ្យប្រជាពលរដ្ឋដែលជាជនរងគ្រោះ រស់នៅក្នុងសង្គមមួយដោយភ័យខ្លាច បាត់បង់សេរីភាព និងសេចក្តីសង្ឃឹមសម្រាប់អនាគតរបស់ពួកគាត់ ដែលផ្ទុយនឹងគោលការណ៍ សិទិ្ធមនុស្សជាសកល និងលទ្ធិប្រជាធិបតេយ្យ ជាពិសេសគឺផ្ទុយពីគោលការណ៍មន្ត្រីរបស់រដ្ឋជាអ្នកបម្រើរាស្ត្រ។
ការតវ៉ារបស់ប្រជាពលរដ្ឋម្ចាស់ដីកន្លងមកនេះ គឺដោយសារតែសំណងដែលកំណត់ដោយក្រុមហ៊ុន OCIC និងអាជ្ញាធរនោះមិនសមរម្យ និងមិនស្របតាមតម្លៃទីផ្សារ ដែលពួកគាត់អាចស្វែងរកទិញដីទំហំប្រហាក់ប្រហែលគ្នានឹងដីដែលបានបាត់បង់ នៅតំបន់ជុំវិញគម្រោងព្រលានយន្តហោះថ្មីនោះបាន និងពុំមានភាពច្បាស់លាស់ចំពោះទំហំនិងទីតាំងដីដែលក្រុមហ៊ុន និងអាជ្ញាធរសន្យានឹងប្រគល់ឱ្យទៅប្រជាពលរដ្ឋដែលយល់ព្រមដោះដូរដី។ មួយវិញទៀត ក៏នៅមិនទាន់មានភាពប្រាកដប្រជាចំពោះដំណោះស្រាយដី និងផ្ទះចំនួន៦៦ខ្នង នៅជាប់ក្រវ៉ាត់ព្រលានយន្តហោះនោះផងដែរ ដែលជាគោលដៅនៃការរុះរើចេញ។
តាមគោលការណ៍សិទ្ធិមនុស្សអន្តរជាតិការបណ្តេញចេញដោយបង្ខំ ត្រូវបានអនុញ្ញាតតែនៅក្នុងកាលៈទេសៈជាក់លាក់និងមានកំណត់អប្បបរមា ហើយត្រូវតែមានយុត្តិធម៌ពេញលេញដែលអនុញ្ញាតដោយច្បាប់ និងត្រូវគោរពតាមវិធានសិទិ្ធមនុស្សអន្តរជាតិ និងការដោះស្រាយតាមផ្លូវច្បាប់ពេញលេញត្រូវតែមានចំពោះអ្នករងផលប៉ះពាល់។
គោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្តីពីធុរកិច្ចនិងសិទ្ធិមនុស្ស បានផ្តល់ការណែនាំដល់រដ្ឋទាំង ឡាយឱ្យធានាចំពោះគណនេយ្យភាពសាជីវកម្ម ដែលកំពុងប្រតិតបត្តិការក្នុងរដ្ឋរបស់ខ្លួន ដោយផ្តោតទៅលើសសរស្តម្ភសំខាន់ៗចំនួនបីគឺ ការការពារ ការគោរព និងដំណោះស្រាយ។ សសរស្តម្ភទាំងបីរបស់គោលការណ៍នេះ បានអំពាវនាវឱ្យមានគណនេយ្យភាពសាជីវកម្ម ដោយរដ្ឋ និងវិស័យឯកជន ត្រូវផ្តល់ជូនជនរងគ្រោះដោយសារការបំពានលើសិទ្ធិមនុស្សដោយធុរកិច្ចនូវលទ្ធភាពក្នុងការទទួលបានដំណោះស្រាយដោយប្រសិទ្ធភាព។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានធានាដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបមានសិទ្ធិពេញលេញ ពិសេសយោងតាមមាត្រា៤៤ បានចែងថា ជនណាក៏ដោយ ទោះជាបុគ្កលក្តី ជាសមូហភាពក្តី មានសិទ្ធិជាម្ចាស់កម្មសិទ្ធិ…។ កម្មសិទ្ធិឯកជនស្របច្បាប់ ស្ថិតនៅក្រោមការគាំពារនៃច្បាប់ ហើយដែលនឹងដកហូតកម្មសិទ្ធិពីជនណាមួយនោះ លុះត្រាតែប្រយោជន៍សាធារណៈត្រូវបានធ្វើ ក្នុងករណីដែលច្បាប់បានបញ្ញតិ្តទុក ហើយត្រូវផ្តល់សំណងជាមុនដោយសមរម្យ និងយុត្តិធម៌។ ម្យ៉ាងទៀតយោងតាមមាត្រា ២២ នៃច្បាប់អស្សាមិករណ៍ បានចែងថា ប្រាក់សំណងដែលត្រូវផ្តល់ឲ្យម្ចាស់អចលនវត្ថុ និង/ឬ ម្ចាស់កម្មសិទ្ធិ ត្រូវគិតតាមតម្លៃទីផ្សារ ឬ ថ្លៃជំនួសនៅកាលបរិច្ឆេទនៃការចេញសេចក្តី ប្រកាសស្តីអំពីគម្រោងអស្សាមិករណ៍។ ពិសេសជាងនេះទៅទៀត សំណងត្រូវទូទាត់ជាសាច់ប្រាក់ ជាទ្រព្យ ឬ ជាសិទ្ធិជំនួសទៅតាមភាពជាក់ស្តែងដោយមានការយល់ព្រមពីម្ចាស់អចលនវត្ថុ និង/ឬ ម្ចាស់កម្មសិទ្ធិនិងពីគណៈកម្មការអស្សាមិករណ៍ (មាត្រា២៤នៃច្បាប់ដដែល)។
ក្នុងឱកាសប្រារព្ធទិវាសិទិ្ធលំនៅឋានពិភពលោកលើកទី៣៧ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ នេះ យើងខ្ញុំសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុន និងអ្នកពាក់ព័ន្ធ សូមធានាថាមានការគោរពនូវសិទ្ធិលំនៅឋាន សិទ្ធិកាន់កាប់ និងភាពជាម្ចាស់លើសម្បត្តិឯកជនស្របតាមច្បាប់ជាតិ និងច្បាប់សិទិ្ធមនុស្សអន្តរជាតិឲ្យបានពេញលេញ គ្រប់ទីកន្លែង និងគ្រប់ពលរដ្ឋដែលពាក់ព័ន្ធ។ ចំពោះករណីទំនាស់ដីធ្លីនៅតំបន់អភិវឌ្ឍន៍ព្រលានយន្តហោះថ្មីនេះ យើងខ្ញុំជាអង្គការសង្គមស៊ីវិល សូមស្នើសុំដូចតទៅ ៖
១. សូមឲ្យតុលាការទម្លាក់ការចោទប្រកាន់ទៅលើប្រជាពលរដ្ឋទាំង៩នាក់ ដែលបានរៀបរាប់ខាងលើ។
២. សូមឲ្យរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនដោះស្រាយដីស្រែរបស់ពួកគាត់ដែលប៉ះពាល់តាមតម្លៃទីផ្សារ។
៣. ចំពោះដី និងផ្ទះទាំងឡាយណាដែលពួកគាត់យល់ព្រមដោះដូរ សុំឲ្យអាជ្ញាធរ និងក្រុមហ៊ុនចេញប័ណ្ណកម្ម
សិទ្ធិដោយបញ្ជាក់ទីតាំងច្បាស់លាស់ជាមុន។
៤. សូមឲ្យអាជ្ញាធរ និងក្រុមហ៊ុនដោះស្រាយសំណងតាមតម្លៃទីផ្សារចំពោះដី និងផ្ទះរបស់ពួកគាត់ដែលប៉ះពាល់
ចំនួន៦៦ខ្នង នៅជាប់ក្រវ៉ាត់ព្រលានយន្តហោះដែលអាជ្ញាធរកំពុងវាស់វែង និងជាគោលដៅនៃការរុះរើ។
៥. សូមរាជរដ្ឋាភិបាលកម្ពុជាជំរុញក្រុមហ៊ុនពន្លឿនការដោះស្រាយបញ្ហាទាំងប៉ុន្មានរបស់ប្រជាពលរដ្ឋដែលរង
ប៉ះពាល់ទាំងអស់ឱ្យបានឆាប់ ។
សេចក្តីថ្លែងការណ៍រួមនេះចូលរួមគាំទ្រដោយ ៖
១. អង្គការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
២. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) [មាន ១៦អង្គការសិទ្ធិមនុស្ស/ប្រជាធិបតេយ្យ]
៣. អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
៤. អង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទិ្ធមនុស្ស (LICADHO)
៥. វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា (NGOF)
៦. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
៧. សហព័ន្ធសហភាពការងារកម្ពុជា (CLC)
៨. សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ( CCFC )
៩. សមាគមបណ្តាញយុវជនកម្ពុជា (CYN)
១០. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ( IDEA )
១១. សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
១២. សមាគមសម្ព័ន្ធនិសិត្សបញ្ញាវន្តខ្មែរ (KSILA)
១៣. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ ( LRSU )
១៤. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ( PDP Center )
១៥. អង្គការសមាគមធាងត្នោត (STT)
១៦. អង្គការសមធម៌កម្ពុជា (EC)
១៧. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
១៨. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
១៩. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
២០. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
២១. សម្ព័ន្ធសហជីពកម្មករដើម្បីការងា (UCL)
២២. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
២៣. សម្ព័ន្ធគណនេយ្យភាពសង្គម (ANSA)
២៤. អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
២៥. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
២៦. អង្គការស្ពានសន្តិភាព (PBO)
២៧. អង្គការគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៍នៅកម្ពុជា (COMFREL)
២៨. អង្គការសង់ត្រាល់ (CENTRAL)
២៩. អង្គការវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
៣០. សហគមន៍ដីធ្លី ក្រុម១៧៥ (ខេត្តកោះកុង)
៣១. សហគមន៍ដីធ្លីក្រុម ៧៦៦ (ខេត្តកោះកុង)
៣២. សហគមន៍ដីធ្លីក្រុម ១៩៧ (ខេត្តកោះកុង)
៣៣. សហគមន៍ដីធ្លីក្រុម ៨៤៣ (ខេត្តកោះកុង)
៣៤. សហគមន៍ដីធ្លីក្រុម ១២៩ (ខេត្តកោះកុង)
៣៥. សហគមន៍ដីធ្លីក្រុម ៣៣ (ខេត្តកោះកុង)
៣៦. សហគមន៍ដីធ្លីក្រុម ២០០ (ខេត្តកោះកុង)
៣៧. សហគមន៍ដីធ្លីបុរីគីឡា (ភ្នំពេញ)
៣៨. សហគមន៍ដីធ្លីព្រលានយន្តហោះ SOS ថ្មគោល (ភ្នំពេញ)
៣៩. សហគមន៍ដីធ្លីផ្លូវរថភ្លើង ភូមិ២៣ (ភ្នំពេញ)
៤០. សហគមន៍ដីធ្លីបឹងឈូក (ភ្នំពេញ)
៤១. សហគមន៍ដីធ្លីភូមិសំរោងត្បូង ខណ្ឌព្រែកព្នៅ (ភ្នំពេញ)
៤២. សហគមន៍ដីធ្លីភូមិឡពាង (ខេត្តកំពង់ឆ្នាំង)
៤៣. សហគមន៍ដីធ្លីភូមិ១ សង្កាត់៣ (ក្រុងព្រះស៊ីហនុ)
៤៤. សហគមន៍ភូមិខ្ញុំ (ខេត្តកណ្តាល)
៤៥. សហគមន៍ដីធ្លីភូមិគ្រួស (ខេត្តបាត់ដំបង)
៤៦. សហគមន៍ដីធ្លីព្រៃពាយ (ខេត្តកំពត)
៤៧. សហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរីចំនួន ៥២ សហគមន៍
៤៨. សហគមន៍ថ្មដា (ខេត្តពោធិ៍សាត់)
៤៩. សហគមន៍ទ្រទ្រង់ធម្មជាតិ (ខេត្តពោធិ៍សាត់)
៥០. សហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ (ខេត្តរតនគិរី)
៥១. សហគមន៍ដីធ្លីអណ្តូងត្របែក (ខេត្តស្វាយរៀង)
៥២. សហគមន៍សាមគ្គីចេកមាស (ខេត្តស្វាយរៀង)
៥៣. សហគមន៍មានជ័យ (ខេត្តស្វាយរៀង)
៥៤. សហគមន៍សាមគ្គីរមាសហែក (ខេត្តស្វាយរៀង)
៥៥. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (ខេត្តកំពង់ឆ្នាំង)
៥៦. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (ខេត្តកំពង់ឆ្នាំង)
៥៧. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (ខេត្តកំពង់ឆ្នាំង)
៥៨. សហគមន៍ដីធ្លីចក្រី (ខេត្តបន្ទាយមានជ័យ)
៥៩. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (ខេត្តបន្ទាយមានជ័យ)
៦០. សហគមន៍បុស្សស្នោរ (ខេត្តត្បូងឃ្មុំ)
៦១. សហគមន៍ស្រែប្រាំង (ខេត្តត្បូងឃ្មុំ)
៦២. សហគមន៍ទន្លូង (ខេត្តត្បូងឃ្មុំ)
៦៣. សហគមន៍ជាំក្រវៀន (ខេត្តត្បូងឃ្មុំ)
៦៤. សហគមន៍ជាំ (ខេត្តត្បូងឃ្មុំ)
៦៥. សហគមន៍កំប្រើស (ខេត្តត្បូងឃ្មុំ)
៦៦. សហគមន៍ភ្នំក្រោម (ខេត្តសៀមរាប)
៦៧. សហគមន៍ឃ្លាំងទឹក៧៨ (ខេត្តសៀមរាប)
៦៨. សហគមន៍ដីធ្លីតានី (ខេត្តសៀមរាប)
៦៩. សហគមន៍ព្រៃឡង់ (ខេត្តកំពង់ធំ)
៧០. សហគមន៍អូរដំដែក (ខេត្តកំពង់ធំ)
៧១. សហគមន៍ព្រៃឡង់ (ខេត្តព្រះវិហារ)
៧២. សហគមន៍ដក់ពរ (ខេត្តកំពង់ស្ពឺ)
៧៣. សហគមន៍អមលាំង (ខេត្តកំពង់ស្ពឺ)
៧៤. សហគមន៍ពាមរស់ (ខេត្តកំពង់ស្ពឺ)
៧៥. សហគមន៍ត្រពាំងជោ (ខេត្តកំពង់ស្ពឺ)
៧៦. សហគមន៍រស្មីសាមគ្គី (ខេត្តកំពង់ស្ពឺ)
៧៧. សហគមន៍ភ្នំត្នោ (ខេត្តកំពត)
៧៨. សហគមន៍ភ្នំទទឹង (ខេត្តកំពត)
៧៩. សហគមន៍ដីធ្លី ១៩៧ (ខេត្តកោះកុង)
៨០. សហគមន៍ដីធ្លីតានូន (ខេត្តកោះកុង)
៨១. សហគមន៍ដីធ្លីព្រែកខ្សាច់ (ខេត្តកោះកុង)
៨២. សហគមន៍ដីធ្លីជីខក្រោម (ខេត្តកោះកុង)
៨៣. សហគមន៍ដីធ្លីជីខលើ (ខេត្តកោះកុង)
៨៤. សហគមន៍នេសាទកោះស្រឡៅ (ខេត្តកោះកុង)