សេចក្តី​ថ្លែង​ការណ៍​រួម ការឃាត់​ខ្លួន​និង​ប្រើហិង្សា​យ៉ាង​អាក្រក់​លើ​សារព័ត៌មាន​និង​សកម្មជន នៅ​តំបន់​ភ្នំតាម៉ៅ

រាជ​ធានីភ្នំពេញ, ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២

យើង​ខ្ញុំ ជាអង្គការ​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន សិទ្ធិមនុស្ស និង​សង្គមស៊ីវិល ដែល​មាន​រាយនាម​ដូច​ខាងក្រោម សូមសម្ដែង​ការ​សោកស្ដាយ​យ៉ាងខ្លាំង​ចំពោះ​ការប្រើប្រាស់​អំពើហិង្សា ការឃាត់ខ្លួនតាមទំនើង​ចិត្ត និង​ការបំភិត​បំភ័យអ្នក​សារព័ត៌មាន​ចំនួន​៥នាក់​និង​សកម្មជន​ចំនួន៤នាក់​កាល​ពីពេល​ថ្មីៗនេះពី​សំណាក់​​មន្ត្រី​កង​អង្គរក្ស​នាយករដ្ឋមន្ត្រី​នៅតំបន់​ព្រៃភ្នំតាម៉ៅ។

អ្នក​សារព័ត៌មាន​ចំនួន៥នាក់​មកពីអង្គភាព​សារព័ត៌មាន​ឯករាជ្យ វីអូឌី​(VOD)និង​យុវជនខ្មែរថាវរៈ​ចំនួន៤នាក់​ត្រូវបាន​ឃាត់ខ្លួន​ដោយ​អយុត្តិធម៌​អស់រយៈ​ពេល​ប្រមាណ៧​ម៉ោងកាល​ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ អ្នកទាំង​នោះ​ត្រូវបាន​ឃាត់​ខ្លួននៅ​ក្នុងព្រៃភ្នំតាម៉ៅ​កាលពីព្រឹក​ថ្ងៃអង្គារ ដោយមន្ត្រី​កងអង្គរក្សរបស់​នាយក​រដ្ឋមន្ត្រី (BHQ) និង​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី ខេត្តតាកែវ។

អាជ្ញាធរ​បានប្រាប់​អ្នកកាសែត វីអូឌី ថាពួកគេ​មិនត្រូវបាន​អនុញ្ញាត​ឱ្យថត​រូប វីដេអូ ឬបង្ហោះ​ដ្រូន​នៅភ្នំ​​តាម៉ៅទេ ដោយអះអាងថា​រូបថត​និងវីដេអូ​ទាំងនោះ​អាច​ត្រូវបាន​ប្រើប្រាស់​ដើម្បីផ្សព្វផ្សាយព័ត៌មាន​មិនពិត។ ការចោទ​ប្រកាន់​នោះមិនសម​ហេតុផល​ឡើយ ហើយ​យើងខ្ញុំ​មិនអាច​ទទួលយក​ការរឹតត្បិត​តាមអំពើ​ចិត្តលើអ្នក​សារព័ត៌មាន​ឡើយ។

យើង​ខ្ញុំក៏សម្ដែង​ការ​សោកស្ដាយ​ផងដែរ​ចំពោះការប្រើ​អំណាចដោយ​ខុសច្បាប់​របស់​អាជ្ញាធរ​និង​ការប្រើ​អំពើ​ហិង្សា​លើរូប​រាងកាយ​លើអ្នកសារព័ត៌មាន​និងសកម្មជន ហើយ​យើង​អំពាវនាវ​ឱ្យមានការ​ស៊ើបអង្កេត​ដោយឥត​លម្អៀង​លើហេតុការណ៍​នេះ ក៏ដូចជា​ផ្តន្ទាទោស​ចំពោះអាជ្ញាធរ​ណាដែល​ប្រព្រឹត្តល្មើស​នឹង​ច្បាប់​និង​ផ្តល់យុត្តិធម៌​សម្រាប់​ជនរង​គ្រោះ។

អ្នក​ថតវីដេអូ​របស់វី​អូឌីម្នាក់​ត្រូវបាន​មន្រ្តីកង​អង្គរក្សទះ​កំផ្លៀង​នៅពេល​ដែលគាត់​បដិសេធ​មិនប្រគល់​ទូរសព្ទ​ដែលគាត់​ប្រើដើម្បី​ថតនៅពេល​ដែល​កងអង្គរក្ស​សួរនាំសហ​ការីរបស់​គាត់។

លោក ហ៊ី ឆាយ ជាអ្នកថតវីដេអូ​របស់ វីអូឌី​និង​ជនរងគ្រោះ​ដោយកង​អង្គរក្សទះ​កំផ្លៀង​បាននិយាយ​ថា «ខ្ញុំកំពុងដើរ​ទៅវត្ត [ក្នុងព្រៃភ្នំ​តាម៉ៅ] និងឮថា​សហការី​ត្រូវឃាត់ខ្លួន។ ខ្ញុំក៏​ត្រលប់​ទៅរក​ពួក​គាត់​វិញនិងដក​ទូរសព្ទ​ដើម្បីថត​ទុកជា​ឯកសារ ស្រាប់​តែមានអង្គ​រក្សម្នាក់ដើរ​មករកខ្ញុំ និងប្រាប់ខ្ញុំ​កុំឱ្យថត​ហើយគាត់​ចង់យកទូរសព្ទ​ពីខ្ញុំ​ប៉ុន្តែខ្ញុំ​មិនឱ្យ។ គាត់​ក៏​ទះ​កំផ្លៀង​ខ្ញុំនិង​ឆក់​យកទូរសព្ទ​ពី​ដៃ​ខ្ញុំ»។

លោក ហ៊ុន វណ្ណៈ សកម្មជន​ខ្មែរ​ថាវរៈក៏ត្រូវ​បានមន្រ្តី​អង្គរក្សវាយ​ម្តងហើយ​ម្តងទៀត​ខណៈពួក​គេរុញគាត់​ឡើង​រថយន្ត​ក្នុង​អំឡុង​ពេលឃាត់​ខ្លួន។

លោក ហ៊ុន វណ្ណៈ បាន​និយាយក្រោយពេល​លោក​ត្រូវ​ដោះលែង​​​ថា​៖ «​ខ្ញុំ​បដិសេធ​មិនឡើងរថយន្តហើយ​គាត់​បាន​ដាល់​មុខ​ខ្ញុំ​បីដៃ​និងលោត​ទាត់​ក្បាល​ខ្ញុំ​»។

 

រូបថតចេញ​ពី​វីឌីអូ​បង្ហោះ​ដោយ​ខ្មែរ​ថាវរៈ​កាល​ពី​ថ្ងៃទី១៦ ខែ​សីហា ឆ្នាំ​២០២២ បង្ហាញ​សកម្មភាព​មន្ត្រី​កងអង្គរក្ស​ក្នុង​សម្លៀកបំពាក់​ស៊ីវិល​ឃាត់​ក្រុមអ្នកសារព័ត៌មាន​វីអូឌីនិង​សកម្មជន​ដែល​រួមមាន​លោក ហ៊ុន វណ្ណៈ ផងដែរ

ចន

 អាជ្ញាធរ​បានអះអាង​កាល​ពីថ្ងៃទី១៦ ខែសីហា ថា អ្នក​ទាំង៩នាក់​បានចូល​ទៅក្នុង​តំបន់​ហាមឃាត់​ក្នុងព្រៃភ្នំ​តាម៉ៅ (ជាទីតាំង​ដែល​មាន​ការ​ឈូសឆាយ​និង​កាប់​បំផ្លាញ​ព្រៃ​ឈើ​ប្រមាណ​១ភាគ​៤​នៃ​ទំហំ​ដី​សរុប​កាល​ពី​ដើម​ខែ)។ ប៉ុន្តែ​ក្នុងរយៈ​ពេលប៉ុន្មាន​សប្តាហ៍នេះ អ្នកសារ​ព័ត៌មាន​និងអ្នក​ផ្សេងទៀត​អាចរាយ​ការណ៍ ថតរូប និង​ថតវីដេអូ​ដោយសេរី​អំពីការកាប់​បំផ្លាញ​ព្រៃឈើ ការដាំដើម​ឈើឡើង​វិញ និងការ​អភិវឌ្ឍ​ផ្សេងៗទៀត​នៅក្នុង​តំបន់នេះ។ ការរឹតត្បិត​ទាំងនេះ​កើតឡើង​ភ្លាមៗតាម​ទំនើងចិត្ត​និងរំលោភ​លើសេរីភាព​សារព័ត៌មាន។

លើស​ពីនេះ អ្នក​កាសែត​ទាំង៥នាក់​និងសកម្មជន​ខ្មែរថាវរៈ​៤នាក់រួម​មានលោក ហ៊ុន វណ្ណៈ អ្នកស្រី ឈឿន ដារ៉ាវី កញ្ញា ឆែម ស្រីគា និងកញ្ញា សុគន្ធ តុលា ត្រូវបាន​ដោះលែង​កាល​ពីល្ងាច​ថ្ងៃអង្គារ​បន្ទាប់​ពីអាជ្ញាធរ​តម្រូវ​ឱ្យពួកគេ​ផ្ដិម​មេដៃ​លើ «កិច្ចសន្យា»។ កិច្ចសន្យា​នោះបាន​សរសេរ​ថា អ្នកសារព័ត៌មាន​បានបង្ហោះដ្រូន​ដោយគ្មាន​ការអនុញ្ញាតពីអាជ្ញាធរ​បើទោះបី​ជាមិនមាន​ច្បាប់ណាចែង​ពីការ​ហាមមិន​ឱ្យបង្ហោះដ្រូន​នៅតំបន់នោះ​ក៏ដោយ។ យើងចាត់​ទុកទង្វើ​នេះថា​ជាការបង្ខិតបង្ខំ ការយាយី និងការបំភិត​បំភ័យ។

សិទ្ធិ​របស់​អ្នកកាសែត​ឯករាជ្យ​ក្នុងការ​រាយការណ៍ព័ត៌មាន​ដោយ​សេរី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវតែមាន​ការការពារ​ជាពិសេស​នៅពេល​រាយការណ៍​អំពីបញ្ហា​ផលប្រយោជន៍​សាធារណៈ​ដូចជាការ​កាប់បំផ្លាញ​ព្រៃឈើ​នៅភ្នំតាម៉ៅ​អស់ជាច្រើន​ហិកតានាពេលថ្មីៗ​នេះ។ ច្បាប់ស្តីពី​សារព័ត៌មាន​ឆ្នាំ១៩៩៥ របស់កម្ពុជា​ដែល​នៅ​ធរមាន​នៅឡើយ បានហាមប្រាម​ចំពោះការ​ត្រួតពិនិត្យ​មុនបោះពុម្ពផ្សាយ ដូច​ហេតុការណ៍ដែល​បានកើត​ឡើងនៅថ្ងៃទី១៦​ខែសីហា​នៅពេល​ដែលអាជ្ញាធរ​បានប្រាប់​អ្នកកាសែតថា​ពួក​គេមិន​ត្រូវបាន​អនុញ្ញាត​ឱ្យថតរូប​ឬថត​វីដេអូ​នៅក្នុង​តំបន់នោះ​ឡើយ​ដោយគ្មាន​ការអនុម័ត​ជាមុនឡើយ និង​នៅពេល​ដែល​មន្រ្តីអង្គរក្សរឹបអូស​យកឧបករណ៍​របស់​ពួកគេរួមមាន​ទូរសព្ទ កាមេរ៉ា និងដ្រូនជាដើម​។

ដូចគ្នា​នេះដែរ អ្នក​សារព័ត៌មាន​និង​សកម្មជន មានសិទ្ធិ​ក្នុងការចង​ក្រង​ឯកសារ​និងត្រួត​ពិនិត្យដោយ​សេរីអំពី​ការបំផ្លិចបំផ្លាញ​បរិស្ថាន​និង​ការរំលោភសិទ្ធិ និងបញ្ចេញ​មតិជាសាធារណៈ​ដែលជាសិទ្ធិត្រូវ​បានការពារ​ដោយរដ្ឋធម្មនុញ្ញ​របស់កម្ពុជា​និងច្បាប់ស្តី​ពីសិទ្ធិមនុស្ស​អន្តរជាតិ។

យើង​ឈរដោយ​សាមគ្គីភាព​ជាមួយ​សហការី​របស់យើង​ដែលធ្វើការ​នៅក្នុង​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ​និងជា​អ្នកការពារ​សិទ្ធិមនុស្ស​ប្រឆាំង​នឹងអំពើហិង្សា​ដែល​ប្រព្រឹត្ត​ដោយ​អាជ្ញាធរ ការឃាត់ខ្លួន​តាមទំនើង​ចិត្ត ការយាយី និងការបំភិត​បំភ័យ។ យើងខ្ញុំសូមស្នើ​សុំ​ដោយទទូច​ដល់អាជ្ញាធរ​ជាតិ​ឱ្យគោរព​ច្បាប់ស្តី​ពីរបបសារព័ត៌មាន រដ្ឋធម្មនុញ្ញ ព្រមទាំង​ច្បាប់ជាតិ និងអន្តរជាតិ​ទាំងអស់ដែល​ធានាសិទ្ធិសេរីភាព​នៃការបញ្ចេញមតិ និងសិទ្ធិ​របស់​អ្នក​សារព័ត៌មាន​និងអ្នកការពារសិទ្ធិមនុស្ស​ទាំងអស់ក្នុង​ការ​ចងក្រងឯកសារ​និងផ្សព្វផ្សាយ​ជាសាធារណៈនូវ​សកម្មភាព​របស់រដ្ឋ​និងបម្រើសង្គម។

សាវតារ

អំពើ​ហិង្សា​និងការឃាត់​ខ្លួនអ្នក​កាសែតវីអូឌី​៥នាក់​និងសកម្មជន​ខ្មែរថាវរៈ​ចំនួន​៤នាក់កាល​ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានកើត​ឡើងតែប៉ុន្មាន​ថ្ងៃប៉ុណ្ណោះបន្ទាប់​ពីព្រៃភ្នំតា​ម៉ៅរងការ​កាប់បំផ្លាញ​អស់ជាច្រើន​ហិកតា​ដោយបាន​បាត់បង់ព្រៃឈើ​ប្រមាណ​៥០០ហិកតា​លើផ្ទៃដី​ប្រមាណ​២០០០ហិកតា​ក្នុងរយៈពេល​ប្រហែល​មួយសប្តាហ៍។ ​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឱ្យ​ដាំ​ដើម​ឈើ​វិញ​នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ដោយ​លុប​ចោល​សម្បទាន​ដែលរដ្ឋាភិបាល​​របស់លោក​ផ្តល់​ឱ្យ​ពាណិជ្ជករ​មួយ​ចំនួន​រួម​មានឧកញ៉ា ឡេង ណាវ៉ាត្រានិង​ឧកញ៉ា ឃុន សៀ។ ការលុបចោល​នេះបានធ្វើឡើង​បន្ទាប់ពី​អត្ថបទរបស់ វីអូឌី រួមជាមួយ​នឹងរូបថត​និងវីដេអូថត​ដោយដ្រូន​អំពីការកាប់បំផ្លាញ​ព្រៃឈើយ៉ាង​ឆាប់រហ័ស។ អត្ថបទព័ត៌មាន​ផ្សេងទៀត​និងរូបភាព​ថតដោយដ្រូន​នៃការឈូសឆាយ​បានធ្វើឱ្យ​សាធារណជន​ផ្ទុះកំហឹងនៅលើ​បណ្តាញសង្គម​ជុំវិញ​ការកាប់​បំផ្លាញ​ព្រៃឈើនោះ។

អ្នកសារព័ត៌មាន​វីអូឌី៥នាក់​ដែលត្រូវបាន​ឃាត់ខ្លួនកាល​ពីថ្ងៃអង្គារ ពេលនោះ​កំពុង​តាមដាន​បន្តអំពីស្ថាន​ការណ៍នៅ​ទីនោះ ដែល​ក្នុង​នោះ​រួមមាន​ទាំងការ​សម្ភាស ថតរូប និង​ថតវីដេអូ​ដោយប្រើដ្រូនជា​ដើម។

សកម្មជន​ខ្មែរថាវរៈ​ត្រូវបានឃាត់ខ្លួន បន្ទាប់ពី​សមាជិកម្នាក់​របស់ខ្លួន​កំពុងផ្សាយផ្ទាល់​តាមហ្វេសប៊ុក​ពីភ្នំ​តាម៉ៅ ហើយក្រុម​សកម្មជននេះ​ក៏បានដាក់ញត្តិ​អំពីព្រៃភ្នំ​តាម៉ៅ​ទៅមន្ទី​រកសិកម្ម​រុក្ខាប្រមាញ់​និងនេសាទខេត្ត​តាកែវ​ផងដែរ។ មានការបាយ​ការណ៍​ថា អាជ្ញាធរ​បាន​ចាប់​ផ្តើម​បោះ​បង្គោល​នៅតំបន់ដីព្រៃ​ននោះ ដោយធ្វើឱ្យ​អ្នកភូមិ​មានការងឿង​ឆ្ងល់និង​ជំរុញឱ្យក្រុម​សកម្មជន​ខ្មែរថាវរៈ​ចុះទៅមើល។

 

សម្ដេច​ ហ៊ុន សែន បានប្រកាស​កាលពីល្ងាច​ថ្ងៃអង្គារថា ឥលូវនេះ កងអង្គរក្ស​របស់គាត់​ទទួលខុស​ត្រូវក្នុង​ការយក​ឈើដែល​បានកាប់រួច​ចេញ រៀបចំដី និងដាំ​ដើមឈើឡើង​វិញនៅ​ភ្នំតាម៉ៅ បន្ទាប់ពីរដ្ឋាភិបាល​របស់លោកកាល​ពីមុនបាន​អនុញ្ញាត​ឱ្យក្រុមហ៊ុនឯកជន​អភិវឌ្ឍ​និងឈូសឆាយ​ផ្នែកខ្លះ​នៃព្រៃឈើភ្នំតាម៉ៅ។ នាយករដ្ឋមន្ត្រី​ក៏​បាន​ណែនាំ​ឱ្យ​ក្រសួង​កសិកម្ម​រៀបចំ​ភ្នំ​តាម៉ៅ​ឡើង​វិញ​ជា​តំបន់​ព្រៃ​ការពារ។

 

សម្រាប់ព័ត៌មាន​បន្ថែម​សូមទាក់ទង៖

  • លោក អ៊ិត សូធឿត នាយក​ប្រព័ន្ធផ្សព្វផ្សាយ​នៃមជ្ឈមណ្ឌល​កម្ពុជា​ដើម្បីប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លេខមាន​បណ្តាញ Signal លេខ (+៨៥៥) ១២៨១៩៥៤៥ (ភាសាខ្មែរនិង​អង់គ្លេស)
  • អ្នកស្រី ឈឿន ដារ៉ាវី សមាជិកខ្មែរថាវៈ Signal លេខ(+៨៥៥) ១២ ២០៩ ៣១១ (ភាសាខ្មែរ)
  • លោក ណុប វី នាយកប្រតិបត្តិសមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (CamboJa) លេខមានបណ្តាញSignal លេខ(+៨៥៥) ១២៥១៩២៦១ (ភាសាខ្មែរនិងអង់គ្លេស)
  • លោក អំ សំអាត នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លី​កា​ដូ លេខមានបណ្តាញSignal (+៨៥៥) ១០៣២៧៧៧០ (ភាសាខ្មែរ)
  • អ្នកនាង​ ​ណា​លី​ ​ពី​ឡូ​ក​ ​នាយិកា​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លី​កា​ដូ ​ លេខមានបណ្តាញSignal (+៨៥៥) ១២២១៤៤៥៤ (ភាសាអង់គ្លេស)
  • លោក ដានីញែល បាស្តាត នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃ​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន តាមអ៊ីមែល dbastard@rsf.org(ភាសាអង់គ្លេស)


​សេចក្ដី​ថ្លែងការណ៍​នេះ ចូលរួម​គាំទ្រដោយ៖

  1. អង្គការ​អាក់សិនអេដកម្ពុជា
  2. វិទ្យាស្ថាន​​តស៊ូមតិ​និង​គោលនយោបាយ
  3. អង្គការ​ក្រុមការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ (ក.ដ.ទ.)
  4. អង្គការ​អភិវឌ្ឍន៍​សំលេងសហគមន៍
  5. សមាគមកម្ពុជាការពារអ្នកកាសែត
  6. មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា
  7. មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ
  8. សមាគមសម្ព័ន្ធ​សហគមន៍កសិករ​កម្ពុជា
  9. គណៈកម្មាធិការ​ប្រព្រឹត្តិកម្មនៃអង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា(CHRAC)
  10. សមាគម​ការពារ​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​នៅកម្ពុជា (អាដហុក)
  11. វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា
  12. សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (ខេមបូចា)
  13. សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិមនុស្ស​ (លីកាដូ)
  14. សមាគមបណ្តាញយុវជនកម្ពុជា
  15. មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស (សង់ត្រាល់)
  16. គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោតដោយសេរី​និង​យុត្តិធម៌នៅ​កម្ពុជា (ខុមហ្វ្រែល)
  17. មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន (ម.អ.ច.ស.)
  18. អង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា(GADC)
  19. សម្ព័ន្ធ​អ្នក​សារព័ត៌មាន​អន្តរជាតិ (IFJ)
  20. ក្លិប​អ្នកសារព័ត៌មាន​បរទេស​នៃ​កម្ពុជា (OPCC)
  21. អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន
  22. សមាគម​ធាងត្នោត
  23. អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា
  24. អង្គការ​ទ្រទ្រង់​ភូមិ
  25. កម្មវិធីអភិវឌ្ឍន៍​ធនធាន​យុវជន
  26. សហគមន៍​ដីធ្លី ១៩៧ (កោះកុង)
  27. សហគមន៍​ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
  28. សហគមន៍​ដីធ្លីជីខ​ក្រោម (កោះកុង)
  29. សហគមន៍​ជនជាតិភាគ​តិចគួយ (ព្រះវិហារ)
  30. សហគមន៍​ជនជាតិ​ដើមភាគតិច​ឃុំប្រមេរុខេត្តព្រះវិហារ
  31. សហគមន៍​មានជ័យ (ស្វាយរៀង)
  32. សហគមន៍​ភ្នំក្រោម (សៀមរាប)
  33. សហគមន៍​ព្រៃឈើ​ពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
  34. សហគមន៍​ដីធ្លីព្រៃពាយ (កំពត)
  35. សហគមន៍​សាមគ្គី​ចេកមាស (ស្វាយរៀង)
  36. សហគមន៍​សាមគ្គី​រមាសហែក (ស្វាយរៀង)
  37. សហគមន៍​សាមគ្គី​សង្កែពីរ​មានរិទ្ធិ (ព្រះវិហារ)
  38. សហគមន៍​ស្រែប្រាំង (ត្បូងឃ្មុំ)
  39. សហគមន៍​ធនធាន​ព្រៃឈើស្ទឹង​ខ្សាច់ស (កំពង់ឆ្នាំង)
  40. សហគមន៍​ត្រពាំង​ជោ (កំពង់ស្ពឺ)

ទាញយកសេចក្តីថ្លែងការណ៍ជាភាសារខ្មែរ