សេចក្តីថ្លែងការណ៍រួម
របស់អង្គការសង្គមស៊ីវិលកម្ពុជា
ក្នុងឱកាសខួបទី ៧៣ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ១៩៤៨ – ២០២១
ដើម្បីឲ្យមានការស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាទ្បើងវិញ
រាជធានីភ្នំពេញ, ថ្ងៃទី១៥ ខែធ្នូ ២៥៦៥/២០២១
សិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាកំពុងទទួលរងនូវការគម្រាមកំហែង ជាពិសេសសិទ្ធិនយោបាយ សេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន។ យើងសង្កេតឃើញថា សិទ្ធិនិងសេរីភាពខាងលើត្រូវបានធ្វើឲ្យរួមកាន់តែតូចនៅក្នុងកំឡុងពេលនៃការរីករាលដាលជម្ងឺកូវីដ-១៩។
យើងមានការព្រួយបារម្ភថា សភាដែលមានសមាជិកទាំងអស់មកពីបក្សនយោបាយតែមួយ អាចនឹងធ្វើឲ្យកម្ពុជាចាកចេញពីគោលនយោបាយប្រជាធិបតេយ្យ សេរីពហុបក្សដែលត្រូវបានប្រកាន់យកក្រោយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ជាសកលប្រទេសមួយ ដែលមាននយោបាយឯកបក្សដ៏រឹងមាំ វានឹងនាំប្រទេសនោះទៅជារដ្ឋបែបនយោបាយសង្គមនិយម ឬផ្តាច់ការ ព្រោះបាត់បង់ភាពប្រគួតប្រជែងពីដៃគូប្រហាក់ប្រហែលគ្នា និងឈានទៅរកអតុល្យភាពអំណាច។
សិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋបានកំពុងធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ ខណៈមេដឹកនាំ រួមទាំងសកម្មជនគណបក្សនយោបាយប្រឆាំងនៅតែត្រូវបានចោទប្រកាន់តាមផ្លូវតុលាការ ចាប់ដាក់ពន្ធនាគារ វាយដំ ដែលករណីមួយចំនួនបានឈានរហូតដល់ការបាត់បង់ជីវិត។ សិទ្ធិពលរដ្ឋ និងសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋនៅក្នុងសង្គមមិនទទួលបាននូវការលើកទឹកចិត្ត និងគាំទ្រ ខណៈដែលសកម្មជនសិទ្ធិមនុស្ស សកម្មជនព្រៃឈើ និងធនធានធម្មជាតិនៅតែទទួលរងនូវការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការ និងក្នុងរូបភាពផ្សេងៗទៀត ដូចជាករណីសកម្មជនបរិស្ថាន និងករណីលោក រ៉ុង ឈុនជាដើម។
តំណាងសហជីពជាច្រើននៅតាមបណ្តារោងចក្រត្រូវទទួលការបង្ក្រាប ប្តឹងចោទប្រកាន់តាមផ្លូវតុលាការ ហើយត្រូវបានបញ្ចប់កិច្ចសន្យា និងបញ្ឈប់ពីការងារ។ កម្មករ កម្មការនីកំពុងតែបាត់បង់តំណាងរបស់ពួកគេ ដែលជាយន្តការតស៊ូមតិយ៉ាងសំខាន់ជាមួយនឹងនិយោជក និងរដ្ឋាភិបាលដើម្បីធ្វើឲ្យលក្ខខណ្ឌការងារមានភាពប្រសើឡើងវិញ។
ស្របពេលជាមួយគ្នានេះដែរ យើងខ្ញុំសង្កេតឃើញថា សេរីភាពសារព័ត៌មាន ដែលមានតួរនាទីយ៉ាងសំខាន់នៅក្នុងសង្គមប្រជាធិបតេយ្យ ជាពិសេសការធានាបាននូវសេរីភាពបញ្ចេញមតិ ក៏ស្ថិតនៅក្នុងការគំរាមកំហែង និងរិតត្បិតផងដែរ។ ប្រជាពលរដ្ឋទទួលបានព័ត៌មានតែម្ខាង ដោយសារតែកង្វះ ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកសារព័ត៌មានវិជ្ជាជីវៈ។ ដោយសារតែបញ្ហានេះ វាកំពុងតែធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិរបស់ពលរដ្ឋដើម្បីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងពីគ្រប់និន្នាការនយោបាយ។
យើងខ្ញុំជាតំណាងឲ្យអង្គការមិនមែនរដ្ឋាភិបាល ដែលរៀបចំអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ២០២១ ស្នើដោយទទូចដល់រាជរដ្ឋាភិបាលកម្ពុជាឲ្យ៖
- ស្តារឡើងវិញនូវស្ថានភាពសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ ក៏ដូចជាសេរីភាពសារព័ត៌មានឲ្យបានល្អប្រសើឡើងវិញ ដើម្បីបន្តទទួលបាននូវការអនុគ្រោះពន្ធ EBA និងការអនុគ្រោះផ្សេងទៀត ដែលនឹងជួយជំរុញ កំណើនសេដ្ឋកិច្ចជាតិ ពិសេសផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋខ្មែរ។ រដ្ឋាភិបាលត្រូវធានាថា នឹងមិនមានសកម្មជននយោបាយ សកម្មជនបរិស្ថាន សកម្មជនដីធ្លី ឬសកម្មជនសង្គមផ្សេងៗទៀត ត្រូវបានធ្វើទុក្ខបុកម្នេញដោយសារតែសកម្មភាពរបស់ពួកគេនៅក្នុងការចូលរួមកិច្ចការនយោបាយនិងសង្គម ព្រោះសិទ្ធិរបស់ពួកគេត្រូវបានធានាដោយច្បាប់យ៉ាងពេញលេញ ពិសេសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
- អនុវត្តឲ្យពេញលេញនូវគុណភាព និងភាពសេរី និងយុត្តិធម៌នៃការបោះឆ្នោត ពិសេសគឺត្រូវ អនុវត្តសិទ្ធិនយោបាយឲ្យទូលាយ រួមទាំងទំលាក់ចោលរាល់ការចោទប្រកាន់ចំពោះអ្នកនយោបាយ ស្របតាមសិទ្ធិនយោបាយ និងបទដ្ឋានរបស់វា ហើយបើកឲ្យមានការបោះឆ្នោតដោយមានការប្រគួតប្រជែងដោយសេរី។
- កែទម្រង់សមាសភាពនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឲ្យឯករាជ្យ ទុកចិត្តបាន ធានាឯករាជ្យភាពនៃកម្លាំងប្រដាប់អាវុធ និងធានានូវតម្លាភាពលើដំណើរការបោះឆ្នោះជាពិសេសគោរពឆន្ទៈអ្នកបោះឆ្នោត និងលទ្ធផលដែលសេរី និងយុត្តិធម៌។
- អនុវត្ត និងគោរពប្រកបដោយប្រសិទ្ធភាពនូវសិទ្ធិមនុស្សឲ្យស្របតាមច្បាប់ និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។
- ធានានូវភាពជាម្ចាស់ជោគវាសនាប្រទេសជាតិនៃពលរដ្ឋកម្ពុជា ដោយមិនមានការរារាំង និងប្រើអំណាចទប់ស្តាត់ពួគគេ តែត្រូវលើកកំពស់ និងការពារ។
- ពន្លឿនការស្តារសេដ្ឋកិច្ច និងការងារ រួមទាំងការងាររបស់កម្មកររោងចក្រ សហគ្រាស និងក្រុមហ៊ុនដែលបានប៉ះពាល់ដោយ កូវីដ-១៩។
- ផ្តល់សំណងឲ្យបានសមរម្យសម្រាប់គម្រោងអភិវឌ្ឍន៍ដែលប៉ះពាល់ដល់ទ្រព្យសម្បត្តិឯកជន ដូចជាគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីជាដើម យោងតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាតិពាក់ព័ន្ធ ពិសេសច្បាប់អស្សមិករណ៍។
- ធានានូវនិរន្តរភាពបរិស្ថាន ដោយធានាឲ្យពលរដ្ឋមានសិទ្ធិចូលរួម ការពារ និងប្រើប្រាស់ធនធានធម្មជាតិដោយសកម្ម ដោយមានសុវត្ថិភាព និងសន្តិសុខពេញលេញ។
- ជាទីបញ្ចប់ សូមរាជរដ្ឋាភិបាលដាក់ថ្ងៃឈប់សម្រាកនៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ក្នុងប្រតិទិនឈប់សម្រាប់ប្រចាំឆ្នាំទ្បើងវិញ។
សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ
- អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
- អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)
- សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
- សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA)
- អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
- មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
- មជ្ឈមណ្ឌល កម្ពុជា ដើម្បីការពារសិទ្ធិរបស់កុមារ (CCPCR)
- មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្ស (សង់ត្រាល់/ CENTRAL)
- សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
- សម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
- សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
- សហភាពការងារកម្ពូជា (CLC)
- អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
- គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
- សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
- បណ្តាញយុវជនកម្ពុជា (CYN)
- អង្គការស្ម័គ្រចិត្តដើម្បីសង្គម (CVS)
- អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលជល (FACT)
- អង្គការសង្រ្គោះជនទុរគត និងមនុស្សចាស់ (HOM)
- សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
- សហព័ន្ធសហជីពឯករាជ្យ (INTUFE)
- សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)
- សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU)
- អង្គការការពារធនធានធម្មជាតិ (NRPG)
- បណ្តាញសហគមន៍ព្រៃឡង់ (PLCN)
- មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center)
- ពន្លកខ្មែរ (PKH)
- អង្គការរចនាស្ត្រី (Rachnastrei)
- អង្គការសមាគមធាងត្នោត (STT)
- អង្គការតម្លាភាពកម្ពុជា (TI-Cambodia)
- អង្គការអភិវឌ្ឍន៍ស្រ្តីក្រីក្រក្នុងទីក្រុង (UPWD)
- អង្គការអភិវឌ្ឍន៍មិត្តជនបទ (RFCD)
- អង្គការយុវសន្តិភាព (YFP)
- អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)