សេចក្តីប្រកាសព័ត៌មាន សាលាឧទ្ធរណ៍ត្បូងឃ្មុំ នឹងបើកសវនការលើករណីលោក ឆន ផល្លា សកម្មជនការពារព្រៃឈើ និងដីធ្លីខេត្តរតនគិរី

សេចក្តីប្រកាសព័ត៌មាន

            សមាគមការពារ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅ​កម្ពុជា (អាដហុក) សូមជម្រាប​ជូនសាធារណៈជន ស្ថាប័ន​ពាក់ព័ន្ធ អ្នកសារព័ត៌មាន​ជាតិ អន្តរជាតិ អង្គការសង្គម​ស៊ីវិលជាតិ និងអន្តរជាតិ សូមជ្រាបថាៈ សាលាឧទ្ធរណ៍​ត្បូងឃ្មុំ នឹងបើកសវនការ​លើករណី​លោក ឆន ផល្លា សកម្មជនការពារ​ព្រៃឈើ និងដីធ្លីខេត្តរតន​គិរី​​វេលា​ម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ នៅសាលាឧ​ទ្ធរណ៍ត្បូង​ឃ្មុំ ស្ថិតនៅ​ខេត្តត្បូងឃ្មុំ បន្ទាប់ពីដាក់​បណ្តឹង​ទៅ​សាលាឧទ្ធរណ៍ ដើម្បី​រកយុត្តិធម៌កាល​ពីឆ្នាំ២០២២។

សូមបញ្ជាក់ថា លោក ឆន ផល្លា ជាសកម្មជនការពារព្រៃឈើ  និងដីធ្លីសកម្មម្នាក់នៅខេត្តរតនគិរីដែលបានចូលរួមចំណែកធ្វើសកម្មភាពការពារព្រៃឈើ ដីសហគមន៍ជនជាតិដើមភាគតិច និងទ្រព្យសម្បត្តិធនធានធម្មជាតិសាធារណៈរបស់រដ្ឋជាច្រើនករណីកន្លងមក ដោយសារតែសកម្មភាពទាំងនេះហើយ  ទើបលោក ឆន ផល្លា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីឆ្នាំ២០២១ ចោទប្រកាន់ជាច្រើនករណី និងត្រូវបានតុលាការខេត្តរតនគិរី ផ្តន្ទាទោសចំនួន២ករណី មួយករណីត្រូវបានសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំសម្រេចលើកលែងការចោទប្រកាន់រួចហើយ ប៉ុន្តែមួយករណីទៀតសាលាដំបូងខេត្តរតនគិរី ផ្តន្ទាទោសរូបលោកឲ្យជាប់ទោសចំនួន៦ឆ្នាំ ត្រូវបន្តឃុំខ្លួននៅពន្ធនាគារខេត្តរតនគិរី និងត្រូវបើកសវនការនៅសាលាឧទ្ធរណ៍ត្បូងឃ្មុំ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ នេះ នៅឡើយ ៕

សម្រាប់ព័ត៌មានបន្ថែមទំនាក់ទំនង

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ និងជាអនុប្រធានផ្នែក សិទ្ធិមនុស្ស និងដីធ្លី

លេខ ០៨៦ ៣២៤ ៦៦៦/០៨៩ ៦៦៦ ៣១២