រាជធានីភ្នំពេញ, ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ២០១៩
សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(អាដហុក) ពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបន្តរឹតត្បិតសកម្មភាពការជួបជុំរបស់អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសកម្មជនគណបក្សនយោបាយ ពីសំណាក់កងកម្លាំងប៉ូលីស និង អាជ្ញាធរនៅតាមមូលដ្ឋានមួយចំនួន ។ ទោះបីកាលពីចុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩ រាជរដ្ឋាភិបាលពិសេសក្រសួងមហាផ្ទៃ បានបង្ហាញនូវឆន្ទៈក្នុងការបើកលំហរសេរីភាពនៃការជួបប្រជុំ របស់អង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋាន តាមរយៈការចេញសេចក្តីជូនដំណឹងលេខ ២០០៦សជណ ចុះថ្ងៃទី ២៧ ខែ វិច្ឆកា ឆ្នាំ២០១៨ និង ការរៀបចំវេទិកាភាព ជាដៃគូរវាងរាជរដ្ឋាភិបាល ជាមួយអង្គការសង្គស៊ីវិល យ៉ាងណាក៏ដោយ ។
ជាក់ស្តែង ក្នុងរយៈពេល ៦ខែដើម ឆ្នាំ២០១៩ កន្លងមកនេះ សមាគមអាដហុកបានរកឃើញសកម្មភាពនៃការរឹតត្បិតសេរីភាពជួបជុំពីសំណាក់ សមត្ថកិច្ចប៉ូលីស និង អាជ្ញាធរមូលដ្ឋាន ចំនួន ៧១ ករណី ដែលក្នុងនោះមានសកម្មភាពដូចជា៖ ការតាមដាន និងឃ្លាំមើលមកលើសកម្មភាពនៃការជួបជុំរបស់សមាគមអាដហុក ៣០ករណី និង ៤១ករណីផ្សេងទៀត តាមដាននិងឃ្លាំមើលទៅលើការជួបជុំរបស់សហគមន៍មូលដ្ឋាន សកម្មជននៃគណៈបក្សនយោបាយ និង អង្គការសង្គមស៊ីវិលដទៃផ្សេងទៀត ។ សកម្មភាពនៃការរឹតត្បិត ឬ គំរាមកំហែងទាំងនោះរួមមានដូចជា៖ មេឃុំ/សង្កាត់បន្តទាមទាររកលិខិតអនុញ្ញតិធ្វើសកម្មភាពនៃការជួបជុំ ពីស្រុក ឬ ពីខេត្ត កម្លាំងប៉ូលីសបានចូលមកថតរូបភាពនៃសកម្មភាពពេលជួបប្រជុំ ឬ បានស្រង់ឈ្មោះ ឬ ថតបញ្ជីឈ្មោះអ្នកចូលរួម ការដាក់កម្លាំងប៉ូលីសស្លៀកពាក់ស៊ីវិលចូលស្តាប់ការប្រជុំ ការរៀនសូត្ររបស់សហគមន៍ បានចេញលិខិតកោះហៅតំណាងសហគមន៍ទៅជួបផ្ទាល់ ឬ សាកសួរតាមទូរស័ព្ទនៅពេលពួកគេត្រឡប់ពីការជួបប្រជុំជាមួយអង្គការ ឬសមាគមផ្សេងៗ។ល។
សមាគមអាដហុកមានប្រវត្តិជាង២០ឆ្នាំហើយ ដែលបានធ្វើសកម្មភាពក្នុងការលើកស្ទួយសិទ្ធិមនុស្សនៅកម្ពុជា តាមរយៈការអប់រំប្រជាពលរដ្ឋពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងច្បាប់ ដោយទទួលបានការចុះបញ្ជី ព្រមទាំងអនុញ្ញាតិឲ្យបើកទីស្នាក់ការ និង ធ្វើសកម្មភាពត្រឹមត្រូវពីក្រសួងមហាផ្ទៃ តាមរយៈលិខិតលេខ៖(៤៧៤ សជណ.មផ ចុះថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ១៩៩៤,២៧៨ សជណ ចុះថ្ងៃទី ២៨ ខែ មិនា ឆ្នាំ ២០០០ និង លេខ៣៣៨ សជណ ចុះថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ១៩៩៤) ព្រមជាមួយគ្នានេះ សកម្មភាពទាំងឡាយរបស់សមាគមអាដហុក គឺសុទ្ធសឹងតែបានអនុវត្តន៍ស្របទៅតាមលក្ខន្តិកៈដែលបានដំកល់ទុកនៅក្រសួងមហាផ្ទៃ ។
សមាគមអាដហុកយល់ឃើញថា ចំពោះសកម្មភាពនៃការរឹតត្បិតទាំងអស់ខាងលើ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ ជាពិសេស លើមាត្រា២១ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ ដែលប្រទេសកម្ពុជាជារដ្ឋភាគីហត្ថលេខី និង មាត្រា៤១ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ មិនតែប៉ុណ្ណោះវាក៏នាំអោយប៉ះពាល់ និងបាត់បង់តម្លៃគតិយុត្តិ ចំពោះសេចក្តីជូនដំណឹងផ្សេងៗ របស់ក្រសួងមហាផ្ទៃកន្លងមក ក៏ដូចជាមិនបានបង្ហាញឲ្យឃើញពីឆន្ទៈស្មោះត្រង់ ដូចការបញ្ជាក់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងវេទិការភាពជាដៃគូរវាង រាជរដ្ឋាភិបាល ជាមួយអង្គការសង្គស៊ីវិល ដែលរៀបចំឡើងដោយក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៩ ផងដែរ ។
ដូច្នេះតាមរយៈសេចក្តីថ្លែងការណ៍នេះ សមាគមអាដហុក សូមអំពាវនាវដល់រដ្ឋាភិបាល ពិសេសក្រសួងមហាផ្ទៃ អន្តរាគមន៍ និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់ជាក់ស្តែង ចំពោះសមត្ថកិច្ចណាដែលមិនបានគោរព និងអនុវត្តន៍តាមខ្លឹមសារ នៃសេចក្តីជូនដំណឹងលេខ ២០០៦ សជណ ចុះថ្ងៃទី ២៧ វិច្ឆកា ២០១៨ របស់ក្រសួងមហាផ្ទៃ ហើយដែលនៅតែបន្តសកម្មភាព រិតត្បឹត គំរាមកំហែងដល់ការជួបជុំ របស់អង្គការ/សមាគម ព្រមទាំងសហគមន៍មូលដ្ឋាន ។
ព័ត៌មានបន្ថែម សូមទំនាក់ទំនង
១-លោក នី សុខា ប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លីសមាគមអាដហុក ០៨៦ ៣៧៤ ៦៦៦
២-លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុក ០៨៦ ៣២៤ ៦៦៦