ភ្នំពេញ, ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២
យើងខ្ញុំជាសហជីព រួមជាមួយស្ថាប័នសិទ្ធិមនុស្ស ដែលកំពុងធ្វើការដើម្បីលើកកម្ពស់ សិទ្ធិការងារ សិទ្ធិស្ត្រី ជម្រុញឲ្យមានភាពប្រសើរឡើងនូវសមភាពយេនឌ័រ ក្នុងសង្គមកម្ពុជា។យើងខ្ញុំសូមថ្កោលទោសនូវសកម្មភាពបង្រ្កាបរបស់អាជ្ញាធរទៅលើកូដករស្រ្តីដែលកំពុងតែធ្វើកូដកម្ម ចំពោះវិវាទការងាររវាងកម្មករនិយោជិតណាហ្គាវើលដ៍ និងក្រុមហ៊ុនណាហ្គាវើលដ៍ ក្នុងគោលបំណងទាមទារឲ្យក្រុមហ៊ុនណាហ្គាវើលដ៍យកតំណាងកម្មករនិយោជិត និងសមាជិករបស់ពួកគេចូលធ្វើការងារវិញ ដោយការបញ្ឈប់នេះ គឺជាការបញ្ឈប់ដោយភាពអយុត្តិធម៌។
ចំពោះសកម្មភាពបង្ក្រាបយ៉ាងព្រៃផ្សៃ ដើម្បីរារាំងមិនឲ្យកូដករ ទៅធ្វើកូដកម្មនៅក្បែររបងក្រុមហ៊ុនណាហ្គាវើលដ៍ បើទោះជាកូដករ ព្យាយាមអង្វរសុំឲ្យពួកគេ ទៅឈរធ្វើកូដកម្មនៅជិតក្រុមហ៊ុនដែលជាទីកន្លែងដែលពួកគេ គួរត្រូវឈរ និងសម្តែងមតិស្របទៅតាមច្បាប់ស្តីពីការងារ។ ផ្ទុយទៅវិញ ក្រោយពីមានការបង្រ្កាបដោយទង្វើអមនុស្សធម៌ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានដោយចោទប្រកាន់ថាជាកម្មករនិយោជិតដែលបានប្រើប្រាស់អំពើហិង្សាទៅលើអាជ្ញាធរ ទៅវិញ នេះជាការបង្ហាញនូវការការពារអ្នកប្រព្រឹត្តអំពើហិង្សា ដោយមិនបានយកអ្នកប្រព្រឹត្តអំពើហិង្សាមកដាក់ទណ្ឌកម្មតាមច្បាប់ដើម្បីព្រមាននោះឡើយ ទង្វើបែបនេះគឺ អាជ្ញាធរបានធ្វើឲ្យបរិយាកាសក្នុងសង្គមកម្ពុជា កាន់តែមានគម្រូរូបភាពកើនឡើងនូវការបង្ក្រាបពីអាជ្ញាធរ នៅពេលដែលកម្មករនិយោជិត ប្រើប្រាស់សិទ្ធិជាមូលដ្ឋានរបស់ពួកគេ គឺសិទ្ធិធ្វើកូដកម្ម ដែលធានាដោយអនុសញ្ញាអង្គការពលកម្មអន្តរជាតិលេខ ៨៧ និង៩៨ ដែលព្រះរាជាណាចក្រកម្ពុជាបានផ្តល់សច្ចាប័ន។
កាលពីល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសព័ត៌មានដោយចោទប្រកាន់ថាហេតុការណ៍នេះបានកើតឡើងដោយសារតែកម្មករនិយោជិតបាន ‹‹ធ្វើការបុកទម្លុះប៉ារាស និងបង្កអំពើហិង្សាមកលើសមត្ថកិច្ច›› ហើយក៏បានគំរាមកំហែងថា ‹‹អាជ្ញាធរមានសមត្ថកិច្ចនឹងចងក្រងកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីនាំជនដៃដល់មកផ្តន្ទាទោសតាមច្បាប់នូវសកម្មភាពបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ប្រើអំពើហិង្សាមកលើអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាប្រមាថមកលើមន្ត្រីរាជការកំពុងបំពេញភារកិច្ច។ ›› យើងខ្ញុំសូមបញ្ជាក់ថានេះមិនមែនលើកទីមួយនោះទេដែលកម្មករនិយោជិត ជួបប្រទះនូវអំពើហិង្សាពីអាជ្ញាធរ ហើយរៀងរាល់ពេលដែលកើតមានឡើង សាលារាជធានីភ្នំពេញចេញលិខិតប្រកាសព័ត៌មាន ការពារអ្នកប្រព្រឹត្ត ហើយចោទប្រកាន់មកលើកូដករដែលធ្វើកូដកម្មដោយសន្តិវិធី។ សកម្មភាពបង្រ្កាបនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ មានកូដករស្ត្រីយ៉ាងតិចចំនួន១៧ នាក់បានរងរបួស ទាំងមុខទាំងច្រមុះ និងស្ត្រីពីរនាក់ទៀតបានដួលសន្លប់ បន្ទាប់ពីអាជ្ញាធរមួយក្រុមធំបានប្រើប្រាស់ហិង្សាលើកម្មករនិយោជិតដែលកំពុងតែធ្វើកូដកម្ម។ ក្នុងនាមជាអ្នកតំណាងកម្មករនិយោជិតក្នុងវិស័យការងារ រួមជាមួយស្ថាប័នសិទ្ធិមនុស្ស ដែលកំពុងធ្វើការដើម្បីលើកកម្ពស់ សិទ្ធិការងារ សិទ្ធិស្ត្រី ជំរុញឲ្យមានភាពប្រសើរឡើងនូវសមភាពយេនឌ័រ ក្នុងសង្គមកម្ពុជា យើងខ្ញុំទាំងអស់គ្នាថ្កោលទោសរាល់ករណីនៃអំពើហិង្សាទៅលើកម្មករនិយោជិត និង ផ្តន្ទាទោសតាមផ្លូវច្បាប់ទៅលើជនដែលប្រព្រឹត្តអំពើរហិង្សាមកលើស្រ្តីកូដករ ដើម្បីលើកកម្ពស់នូវការបញ្ឈប់អំពើហិង្សាលើស្រ្តី និង ជាគម្រូភាពសម្រាប់ការអនុវត្តច្បាប់។
កូដកម្មរយៈពេល៨ខែកន្លងមកនេះ កម្មករនិយោជិតជួបប្រទះនូវសកម្មភាពមានជាអាទិ៍ ៖ ទះកំផ្លៀង ទាត់ ចាប់អូស បោះ ជេរប្រមាថ បៀតបៀនរាងកាយពីអាជ្ញាធរ និង ករណីរលូតកូនក៏មានផងដែរ។ ការប្រើប្រាស់អំពើហិង្សាទៅលើស្ត្រីដែល អនុវត្តសិទ្ធិមូលដ្ឋានរបស់ខ្លួនគឺជាទង្វើមួយដែលមិនស្របតាមគោលការណ៍មូលដ្ឋាននៃសង្គមប្រជាធិបតេយ្យឡើយ។
រាជរដ្ឋាភិបាលមានកិច្ចសន្យាសង្គមចំពោះពលរដ្ឋខ្លួន “ មិនទុកនរណាម្នាក់ចោល ” និងការពារអ្នករងគ្រោះដោយមិនត្រូវបន្តឲ្យមាននូវការរំលោភបំពានសិទ្ធិជាមូលដ្ឋាន និងភាពអយុត្តិធម៌ចំពោះជនរងគ្រោះនោះឡើយ ។ រដ្ឋាភិបាលត្រូវបំពេញកាតព្វកិច្ចសិទ្ធិមនុស្សរបស់ខ្លួន គឺ គោរព ការពារ និងបំពេញ សិទ្ធិទាំងឡាយដែលផ្តល់ដោយរដ្ឋធម្មនុញ្ញ ច្បាប់ជាតិនិងច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងមិនត្រូវរំលោភបំពានជាដាច់ខាត។
សេចក្តីថ្លែងការណ៍រួមនេះចូលរួមគាំទ្រដោយ៖
- សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
- សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
- សហជីព
- ទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU)
- សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
- សហភាពចលនាកម្មករកម្ពុជា(CCW)
- សម្ព័ន្ធសហជីពចលនាកម្មករ(CUMW)
- សមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា(CDPLA)
- សហព័ន្ធសហជីពឯករាជ្យ (INTUFE)
- សហព័ន្ធសហជីពកម្ពុជាឯករាជ្យ(CITUFED)
- សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
- សម្ព័ន្ធសហជីពកម្មករដើម្បីការងារ(UCL)
- សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
- សហព័ន្ធសហជីពកម្មករវិស័យដឹកជញ្ជូន (CTWF)
- សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
- សហព័ន្ធសហជីពកម្មករនិយោជិតវិស័យឧស្សាហកម្ម (CIWF)
- សម្ព័ន្ធសហជីពកម្ពុជា (CATU)
- សហភាពការងារកម្ពុជា (CLC)
- សហភាពសហជីពកម្ពុជា(CCU)
- សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
- សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
- បណ្តាញយុវជនកម្ពុជា (CYN)
- សហភាពផ្ទះសាមគ្គី (SH)
- កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
- មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
- សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
- សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
- អង្គការសមាគមធាងត្នោត(STT)
- គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និង យុត្តិធម៌នៅកម្ពុជា (COMFREL)
- គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា(NICFEC)
- អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
- អង្គការសម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
- អង្គការសីលការ(SILAKA)
- អង្គការសមធម៌កម្ពុជា (EC)
- វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា(CID)
- មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
- អង្គការសម្ព័ន្ធភាពការពារសិទ្ធមនុស្សកម្ពុជា(CHRAC)
- អង្គការបន្ទាយស្រី (Banteay Srei)
- អង្គការ ActionAid កម្ពុជា