១. ប្រវត្តិភូមិ
សហគមន៍ជនជាតិដើមភាគតិចកួយស្ថិតនៅភូមិដងផ្លិត ឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារបានប្រើប្រាស់និងកាន់កាប់តាំងពីដូនតារបស់ខ្លួនមកម៉្លេះ ដែលប្រវត្តិនិងរបៀបនៃការប្រើប្រាស់ដីទាំងនេះជាចម្ការ ហើយដីអ្នកខ្លះប្រើប្រាស់ឬប្រែក្លាយពីដីចម្ការទៅជាស្រែនៅទីទំនាប ចំណែកដីអ្នកខ្លះទៀតវិវឌ្ឍន៍ការប្រើប្រាស់មកជាដីលំនៅឋាននូវផ្នែកខ្លះៗដែលមានទីតាំងជាប់ដងផ្លូវនៅពេលរដ្ឋាភិបាលកសាងផ្លូវប៉ះចំដីរបស់ពួកគាត់ពីឃុំឆែបមួយ ស្រុកឆែបកាត់ចំដីចម្ការ ដីស្រែ និងភូមិដងផ្លិត ទៅកាន់ឃុំកំពង់ស្រឡៅ ស្រុកឆែប ព្រំដែនរវាងប្រទេសកម្ពុជា និងឡាវ ។ ផ្លូវនេះបានកសាងឡើងនៅឆ្នាំ ២០០៨? ដោយកងវិស្វ័កម្មនៃកងយោធពលខមរ:ភូមិន្ទ។ បន្ទាប់ពីផ្លូវនេះបានកសាងឡើងអ្នកភូមិដែលមានដីប្រើប្រាស់ពីដូនតារបស់ពួកគាត់ក៏បានប្រើប្រាស់នូវចំណែកដីរបស់ពួកគាត់សាងសង់ផ្ទះតាំងពីភូមិចាស់រហូតដល់ត្រពាំងត្រិប។ បន្ទាប់មកដីប្រជាសហគមន៍ដែលបានកាន់កាប់និងប្រើប្រាស់តាមប្រពៃណីពីដូនតាត្រូវបានស្ថិតក្នុងតំបន់ឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឬស្សីត្រឹប បង្កើតឡើងតាមព្រះរាជក្រឹត្យលេខ ០៤១៤/៤៣៦ ចុះថ្ងៃទី០៨ មេសា ឆ្នាំ ២០១៤ ស្តីពីការបង្កើត ឧទ្យាននេះ។ អាជ្ញាធរភូមិដងផ្លិត ឃុំឆែបពីរ អាជ្ញាធរស្រុកឆែប និងអាជ្ញាធរឧទ្យានបានធ្វើការផ្សព្វផ្សាយឲ្យសហគមន៍រុះរើផ្ទះចាកចេញពីដីលំនៅឋានតាមដងផ្លូវនេះដើម្បីទុកជាតំបន់ឧទ្យានដោយមានសំណងដីថ្មីទីតាំងប៉ែកខាងជើងភូមិចាស់។ ចំណែកដីថ្មីដែលត្រូវផ្តល់សំណងភាគច្រើនប៉ះចំលើក្បាលដីស្រែចំការរបស់សមាជិកដទៃទៀតក្នុងភូមិ និងចំណែកខ្លះទៀតជាដីដែលសមាជិកបានទិញក្បាលដីស្រែចំការពីអ្នកភូមិដូចគ្នាមានពីរនាក់ដែរដែលប៉ះពាល់ដែលធ្វើឲ្យប៉ះពាលសាមគីភាពរបស់សហគមន៍។
២. ការគ្រប់គ្រងតាមបែបប្រពៃណី
ប្រជាជននៅភូមិដងផ្លិតបានកំពុងតែកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលដីធ្លីតាមបែបលក្ខណ:ប្រពៃណី។ ចំណែកដីដែលពួកគាត់កាន់កាប់ និងប្រើប្រាស់មានការទទួលស្គាល់ដឹងឮជាសាធរណ: កាន់កាប់ដោយពិតប្រកដ គ្មានហឹង្សា គ្មានការអាក់ខាន និងដោយសុចរិតជាមួយសមាជិកដទៃទៀតក្នុងភូមិនិអ្នកភូមិជិតខាងរស់នៅដោយសុខដុមរមនាជាមួយគ្នាតាំងពីតំណតដូនតាមកដល់បច្ចុប្បន្ននេះ។ ដីពួកគាត់ភាគច្រើនមានព្រំប្រទល់ជាប់តៗគ្នាជាក្រុម និងជាត្រកូលហើយព្រំខ្លះជាប់នឹងអូរ ប្រឡាយ ថ្ម ដើមឈើអ្វីមួយដែលជាតម្រុយពិសេស ភ្នំ ទួល ត្រពាំង ផ្លូវ របង ឬរបាំងដោយការធ្វើឡើងដោយឯកភាពរបស់ម្ចាស់ដីទាំងឡាយដែលមានព្រំជាប់គ្នា។ល។ អ្នកខ្លះទោះមិនមានព្រំដីជាប់គ្នាក៏ពួកគាត់ស្គាល់ច្បាស់ថាជាដីរបស់អ្នកណាៗច្បាស់ដែរ។ បើអ្នកដែលមានព្រំដីជាប់គ្នាកាន់តែស្គាល់ច្បាស់ថាដីរបស់ខ្លួនមានព្រំត្រឹមណា ត្រឹមនេះ ត្រឹមនោះយ៉ាងច្បាស់។ ពួកគាត់ទទួលស្គាល់ព្រំដីគ្នាទៅវិញទៅមកដូចជាប្រព័ន្ធទៅហើយ ទោះបីជាដីទំាងនោះមិនទាន់បានទទួលស្គាល់ពីអាជ្ញាធរភូមិឃុំដោយក្រដាសច្បាប់ក៏ដោយ ក៏ពួកគាត់មានអ្នកព្រំជាប់គ្នា ព្រំជិតគ្នា អ្នកភូមិដូចគ្នាដឹងឮស្គាល់ច្បាប់លាស់ និងអាចធ្វើជាសក្សីឲ្យគ្នាបានដែរ។ អ្នកកាន់កាប់ដីនីមួយៗភាគច្រើនទុកព្រៃនៅជុំវិញស្រែចំការរបស់ខ្លួនដែលអ្នកស្រុកតំបន់នេះតែងហៅថា “ ក្បាលស្រែ ” “ ក្បាលដីចំការ ” ហើយម្នាក់ៗមានទុកព្រៃក្បាលស្រែចំការចំនួនតិច អ្នកខ្លះច្រើនល្មម អ្នកខ្លះច្រើនខ្លាំងដែរបូកចូលគ្នាគឺព្រៃនៅច្រើនជាងដីដែលបានធ្វើជាក់ស្តែងទៅទៀត។ ការទុកព្រៃនៅជុំវិញដីស្រែចំការដែលបានធ្វើជាក់ស្តែង ឬក្បាលដីទាំងនោះដើម្បីទុកឲ្យស្លឹកឈើជួយដល់ជីវជាតិដីគុណភាពដីធម្មជាតិផង ទុកសម្រាប់ទទួលផលអនុផលនិងអាហារព្រៃខ្លះផង សម្រាប់ប្រើប្រាស់ជាឧសថបុរាណផងមិនពិបាកទៅរកឆ្ងាយពេលចាំបាច់ កុំឲ្យទឹកហូរច្រោះដី និងជាឪកាសដល់សត្វព្រៃតូចៗមួយចំនួនរស់នៅមានចំណីអាហារពីចំការស្រែរបស់អ្នកស្រុកផង និងសម្រាប់គោក្របីពួកគាត់ស៊ីស្មៅផងដែរ។ ព្រំក្បាលដីជាប្រពៃណីមិនមែនជាព្រំក្បាលដីតាមដីដែលបានធ្វើការគាស់កាយដាំដុះជាក់ស្តែងដូចក្រដាសប្លង់ដីដែលអាជ្ញាធរវាស់វែងតែដីដែលបានដាំដុះជាក់ស្តែងនោះឡើយ។
រចនាសម្ព័ន្ធនៃការគ្រប់គ្រងដីធ្លីតាមប្រពៃណីដូនតា៖ គ្រួសារនីមួយៗ ឬត្រកូលនីមួយៗមានចាស់ទុំរបស់ខ្លួនជាអ្នកបានកាន់កាប់ ប្រើប្រាស់ដី និងអ្នកអ្នកផ្ទេរដីមរត៌ករបស់ខ្លួនឲ្យទៅកូន បន្ទាប់មកពីកូនផ្ទេរឲ្យទៅកូនរបស់ខ្លួនត្រូវជាចៅរបស់ជីដូនជីតា។ ជាទូទៅនៅពេលផ្ទេរ ឬប្រគល់ដី ឬចំណែកដីទៅឲ្យនរណាម្នាក់ឬច្រើនអ្នកក្នុងពេលណាក៏ដោយ គេតែងតែយកអ្នកជិតខាងឲ្យបានច្រើនអ្នកមកដឹងឮនិងធ្វើជាសាក្សី។ ជំនាន់ជីដូនជីតាពួកគាត់បានទទួលស្គាល់ដីគ្នារួចមកហើយ ដូចនេះកូនចៅជំនាន់ក្រោយក៏បន្តទទួលស្គាល់ដីនិងព្រំដីទៅវិញទៅមកដូចជាដូនតារបស់ពួកគាត់ដែរ។ នៅពេលមានទំនាស់ព្រំដី ឬកិច្ចសន្យាប្រគល់ដីឲ្យទៅនរណម្នាក់ទោះជាកូនចៅសាច់ញាតិ ឬអ្នកដទៃក្តីពួកគាត់ទៅរកចាស់ទុំ និងអ្នកដែលជាអ្នកជិតខាងមកជួយដោះស្រាយព្រោះពួកគាត់តែងតែបានដឹងឮគ្នាទៅវិញទៅមក។ បើភាគីណាមួយមិនសុខចិត្ត គ្រូវធ្វើពិធីស្បថផឹកទឹក ឬលូកសំណដែលដាំក្នុងឆ្នាំងកំពុងពេញក្តៅបើអ្នកណាមិនទៀងត្រង់សំណដែលក្តៅនោះនឹងលោតមកជាប់ចង្អុលដៃក្តៅរលួយជាមិនខាន(ការដោះស្រាយពីជំនាន់ដូនតាដើម)។
ក្បួនច្បាប់គ្រប់គ្រងសង្គម និងដោះស្រាយវិវាទគ្នាក្នុងភូមិរបស់ចាស់ទុំដូនតាពីដើមមក ៖ គឺដំបូងហាមមិនឲ្យមនុស្សកុហក់ និងធ្វើអំពើអាក្រក់ ឬកុំឲ្យហ៊ានប្រព្រឹតអំពើរំលោភបំពានគ្នា។ ទីពីរនៅពេលមានវិវាទគ្នាគឺចាស់ទុំត្រូវស្តាប់រឿងហេតុរៀបរាប់ពីភាគ្គីវិវាទនិងសាក្សីដឹងឮ និងបន្ទាប់មកធ្វើពិធីស្បថ ឬធ្វើទឹកសម្បថផឹក ឬធ្វើពិធីលូកសំណដែលដាំក្នុងឆ្នាំលើចង្ក្រានកំពុងដុតភ្លើងក្តៅ បើអ្នកណាមិនត្រង់ពិតជាមិនហ៊ានផឹកទឹកសម្បថ ឬលូកសំណដែលក្តៅឡើយ។ តាករណីដែរក្នុងការដោះស្រាយបញ្ហាវិវាទ ភាគច្រើនដោះស្រាយដោយបង្រួបបង្រួមមនុស្សតារយ:ពិធីប្រពៃណីជាច្រើនដូចជាការលក់(ផាកពីន័យ)ជាសត្វជ្រូកមាន់ គោ ក្របី ស្រាជាដើម។ វត្ថុទាំងនេះនឹងធ្វើជាអាហារសាមគ្គីហូបចុកជុំគ្នាក្នុងពិធីបង្រួបបង្រួមគ្នាឲ្យស្រុះស្រួលជានានឹងគ្នាតទៅ ហើយពេលខ្លះចាស់ទុំបានឯកភាពគ្នាយកអំបោះចងដៃគ្នាឲ្យធ្វើជាក្លើម្រាក់នឹងគ្នាឲ្យកាន់តែជិតស្និតនឹងគ្នាថែមមួយកម្រិតទៀត លើកលែងតែទោសសម្លាប់មនុស្ស។ សរុបសេចក្តីមកក្បួនច្បាប់ទាំងនេះចាស់ទុំបានផ្តែផ្តាំទុកដល់កូនចៅនិងក្មេងៗជំនាន់ក្រោយឲ្យបានដឹង ហើយនៅពេលមានបញ្ហាកើតើឡើងអ្នកភូមិតែងតែទៅរកចាស់ទុំ ឬអ្នកដែលចេះទស្សទាយពិគ្រោះយោបល់និងជួយដោះស្រាយនូវទុក្ខលំបាកដែលខ្លួនឯងមិនអាចរកដំណោះស្រាយឲ្យខ្លួនឯងបាន។
៣. តំបន់ការពារ
នៅភូមិដងផ្លិតមានតែសហគមន៍ការពារធម្មជាតិព្រៃអណ្ដូងដងផ្លិតមួយដែលជារបស់សហគមន៍ក្នុងការធានាការពារសិទ្ធិអាស្រ័យផលរបស់ខ្លួន។ សមាសភាពគណ:កម្មការសហគមន៍មិនមានមកពីអាជ្ញាធរភូមិឃុំឡើយ ប៉ុន្តែអាជ្ញាធរភូមិឃុំជាទីប្រឹក្សាដល់គណកម្មការសហគមន៍ការពារធម្មជាតិព្រៃអណ្តូងដងផ្លិតដែលមានក្នុងរចនាសម្ព័ន្ធ។ ជាទម្លាប់និងចិត្តសាស្ត្រក្នុងបរិបទនយោបាយគ្រប់គ្រងនៃប្រទេសកម្ពុជា អាជ្ញាធរមានអំណាចនិងឥទ្ធិពលខ្លាំងណាស់ ដូចនេះកាលណាបើជាទីប្រឹក្សាឲ្យសហគមន៍វាពិតជាធ្វើឲ្យមានឥទ្ធិពលដឹកនាំទៅលើការសម្រេចចិត្ត និងឯករាជភាពរបស់សហគមន៍។ អាជ្ញាធរមូលដ្ឋាន ឃុំ ភូមិ និង ក្រុមសហគមន៍ការពារព្រៃធម្មជាតិ ព្រៃអណ្ដូងដងផ្លិត ការធ្វើអ្វីមួយត្រូវបានពីភាក្សានិងសម្រេចចិត្តដោយពឹងផ្អែកលើភូមិ ឃុំ និងអ្នកគាំទ្រទាំងស្រុងទោះបីជាក្នុងគោលនយោបាយសហគមន៍ចែងមិនមានសិទ្ធិអំណាចក្នុងការសម្រេចចិត្តកិច្ចការសហគមន៍ក៏ដោយ គឺនៅតែមានឥទ្ធិពលទៅលើការសម្រេចចិត្តនេះទាំងអស់។ សហគមន៍តំបន់ការពារធម្មជាតិព្រៃអណ្តូងដងផ្លិត មានរចនាសម្ព័ន្ធរបស់ខ្លួនក្នុងការសម្រេចចិត្តជាផ្លូវការ។ ប៉ុន្តែការសម្រេចចិត្តទទួលនូវឥទ្ធិពលពីទីប្រឹក្សាដែលជាអាជ្ញាធរភូមិឃុំ និងអ្នកគាំទ្រឬម្ចាស់ជំនួយ។ ភាគច្រើនគណកម្មការសហគមន៍មិនសូវសកម្មក្នុងការផ្តួចផ្តើមខ្លួនឯងក្នុងការធ្វើការសម្រេចចិត្តពាក់ព័ន្ធនឹងផលប្រយោជន៍រួមជាច្រើនឡើយ ដោយសាពឹងផ្អែកតែទៅលើគំនិត្យផ្តួចផ្តើមពីអ្នកគាំទ្រនិងអាជ្ញាធរភូមិឃុំចូលរួមជាចំបង និងខ្វះការចូលរួមពីសហការី និងសមាជិកសហគមន៍។
៤. បញ្ហារបស់សហគមន៍
ដោយការបង្ហាញខាងលើនេះថាអ្នកភូមិមិនបានដឹងថាមានច្បាប់ឬគោលនយោបាយអ្វីដាក់មកតំបន់ស្រុកភូមិរបស់ពួកគាត់រស់នៅ គ្រាន់តែពួកគាត់ដឹងច្បាស់ថាមានឧទ្យានរបស់លោកសុខ ទូច និងដែនជម្រកសត្វព្រៃឆែប និងសហគមន៍តំបន់ការពារធម្មជាតិព្រៃអណ្តូងដងផ្លិត ប៉ុន្តែពួកគាត់មិនស្គាល់ឬមិនដឹងឬមិនចងចាំថា មានច្បាប់អ្វីខ្លះនៅពីក្រោយការបង្កើតតំបន់ទាំងនេះឡើយ។ បើតាមការឆ្វេងយល់ពីពួកគាត់តាមរយ:ជំនួបពិភាក្សាទំនងមិនសូវជាមានបញ្ហាអ្វីច្រើនឡើយបើអាជ្ញាធរអនុវត្តតាមមាត្រា ១១ ចំណុចទី ៣តំបន់ប្រើប្រាស់ដោយចេរភាព និងទី ៤តំបន់សហគមន៍ ។ ប្រសិនជាឧទ្យាន និងដែនជម្រកសត្វព្រៃកំណត់ព្រំឲ្យបានច្បាស់លាស់ថាតំបន់ឬស្រទាប់ណាជាតំបន់ស្នូល តំបន់ណាជាតំបន់អភិរក្ស ដែលត្រូវហាមឃាត់លើអ្វីខ្លះ តំបន់ណាជាតំបន់ប្រើប្រាស់ដោយចេរភាព និងតំបន់ឬស្រទាប់ណាជាតំបន់សហគមន៍ដែលអ្នករស់នៅមូលដ្ឋានប្រើប្រាស់និងអាស្រ័យផល។ តាមការពិតជាក់ស្តែងតំបន់ដែលខាងឧទ្យានបានហាមឃាត់មិនឲ្យរស់នៅ និងធ្វើកសិកម្មគឺគួរតែជាតំបន់សហគមន៍ដែលច្បាប់គាំទ្រ ឬធានាសិទ្ធិកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផល ដូចជាសកម្មភាពសាងសង់លំនៅដ្ឋាន និងសកម្មភាពកសិកម្មជាដើម នៅត្រង់ចំណុចទី ៣ និងទី៤ នៃមាត្រា ១១ ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ស្របតាមច្បាប់ភូមិបាលដូចបានលើកឡើងខាងដើមនេះដែរ។
១) ដីលំនៅឋាន និងដីស្រែចំការ។ ដីលំនៅឋានដែលមានបញ្ហាគឺជាដីដែលសហគមន៍ ឬអ្នកភូមិបានប្រើប្រាស់និងការន់កាប់តាំងពីដូនតារបស់ខ្លួនមកម្លេះ ដែលប្រវត្តិនិងរបៀបនៃការប្រើប្រាស់ដីទាំងនេះជាចំការ ដីអ្នកខ្លះប្រើប្រាស់ឬប្រែក្លាយពីដីចំការទៅជាស្រែនៅទីទំនាប ហើយចំណែកដីអ្នកខ្លះវិវឌ្ឍការប្រើប្រាស់មកជាដីលំនៅឋាននូវផ្នែកខ្លះៗដែលមានទីតាំងជាប់ដងផ្លូវនៅពេលរដ្ឋាភិបាលកសាងផ្លូវប៉ះចំដីរបស់ពួកគាត់ពីឃុំឆែបមួយ ស្រុកឆែបកាត់ចំដីចំការ ដីស្រែ និងភូមិដងផ្លិត ទៅកាន់ឃុំកំពង់ស្រឡៅ ស្រុកឆែប ព្រំដែលប្រទេសកម្ពុជា និងឡាវ។ ផ្លូវនេះបានកសាងឡើងនៅឆ្នាំ ២០០៨? ដោយកងវិស្វ័កម្មនៃកងយោធពលខមរ:ភូមិន្ទ។ បន្ទាប់ពីផ្លូវនេះបានកសាងឡើងអ្នកភូមិដែលមានដីប្រើប្រាស់ពីដូនតារបស់ពួកគាត់ក៏បានប្រើប្រាស់នូវចំណែកដីរបស់ពួកគាត់សាងសង់ផ្ទះតាំងពីភូមិចាស់រហូតដល់ត្រពាំងត្រិប។ បន្ទាប់មកដីប្រជាសហគមន៍ដែលបានកាន់កាប់និងប្រើប្រាស់តាមប្រពៃណីពីដូនតាត្រូវបានស្ថិតក្នុងតំបន់ឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឬស្សីត្រឹប បង្កើតឡើងតាមព្រះរាជក្រឹត្យលេខ ០៤១៤/៤៣៦ ចុះថ្ងៃទី០៨ មេសា ឆ្នាំ ២០១៤ ស្តីពីការបង្កើត ឧទ្យាននេះ។ អាជ្ញាធរភូមិដងផ្លិត ឃុំឆែបពីរ អាជ្ញាធរស្រុកឆែប និងអាជ្ញាធរឧទ្យានបានធ្វើការផ្សព្វផ្សាយឲ្យសហគមន៍រុះរើផ្ទះចាកចេញពីដីលំនៅឋានតាមដងផ្លូវនេះដើម្បីទុកជាតំបន់ឧទ្យានដោយមានសំណងដីថ្មីទីតាំងប៉ែកខាងជើងភូមិចាស់។ ចំណែកដីថ្មីដែលត្រូវផ្តល់សំណងភាគច្រើនប៉ះចំលើក្បាលដីស្រែចំការរបស់សមាជិកដទៃទៀតក្នុងភូមិ និងចំណែកខ្លះទៀតជាដីដែលសមាជិកបានទិញក្បាលដីស្រែចំការពីអ្នកភូមិដូចគ្នាមានពីរនាក់ដែរដែលប៉ះពាល់ដែលធ្វើឲ្យប៉ះពាលសាមគីភាពរបស់សហគមន៍។
២) ការកាប់ឈើធ្វើអាជីវកម្ម៖ ប្រជាជនដែលមកពីខេត្តផ្សេងៗ ដូចជាកំពង់ចាម កំពង់ធំ កំពត កំពង់ស្ពឺព្រៃវែង តាកែវ ។ល។ មករស់នៅតាមភូមិជិតខាងនៃតំបន់ឧទ្យានដូចជាភូមិម្លូព្រៃ ភូមិសង្កែ ភូមិស្រអែម ភូមិឆែបលិច ភូមិឆែបកើត ភូមិក្រសាំង ភូមិគុណភាព ណារុង ភូមិដងផ្លិត ភូមិផ្សេងៗទៀនៃឃុំកំពង់ស្រឡៅមួយ(ដែលដឹកឆ្លងការត់តំបន់ ឬភូមិដងផ្លិតហើយទំលាក់កំហុសឲ្យអ្នកភូមិដងផ្លិតម្ចាស់ស្រុកដើមថាជាអ្នកកាប់ឈើចេញពីតំបន់ឧទ្យាន) ហើយចោទប្រកាន់ថាអ្នកភូមិដងផ្លិតម្ចាស់ស្រុកជាអ្នកកាប់ឈើធ្វើអាជីវកម្មផងដែរ តាមការពិតភាគច្រើនមានតែអ្នកចំណូលក្រៅស្រុកមកកាប់បំផ្លាញដោយមានខ្សែបណ្តាញរកស៊ីឈើខុសច្បាប់លួចលាក់ជាមួយអាជ្ញាធរជំនាញ និងមេនគរបាល មេប៉េអឹម បុគ្គលគ្រូបង្រៀន មេទាហានច្រើនជំនាញ ប្រចាំទិស និងអ្នកសារព័ត៌មានអនាមឹកជាច្រើនស្ថាប័នអនាមឹក។ល។ ក្រុមអ្នកទាំងនេះខ្លះជាអ្នកអ្នកកាងឬល្បាតកាប់និងដឹកជញ្ជូនឈើក្នុងព្រៃ ខ្លះជាអ្នកកាងល្បាតដឹកជញ្ជូនឈើតាមផ្លូវឲ្យឈ្មួញ ខ្លះជាអ្នករកស៊ីទិញលក់ឈើ ខ្លះជាអ្នកបើកកន្លែងសិប្បកម្មកែឆ្នៃឈើនៅភូមិជិតខាង។ បញ្ហាទាំនេះចុងក្រោយអ្នកភូមិដងផ្លិតម្ចាស់ស្រុកជាអ្នករងគ្រោះ និងខូចឈ្មោះថាជាអ្នកកាប់បំផ្លាញព្រៃឧទ្យាននេះ។
៣) បញ្ហារំលោភសិទ្ធិ និងការគំរាមកំហែងសិទ្ធិ ៖ អាជ្ញាធរបិទសិទ្ធិមិនឲ្យមានការតវ៉ាទាមទារដើម្បី ការពារដីលំនៅឋានផ្ទះសំបែង ដែលបានកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផល់តាំពីដូនតាមក។ អាជ្ញាអរឃុំ ស្រុក ខេត្ត និងឧទ្យានបានដើរគំរាមកំហែងតាមផ្ទះម្តងមួយៗថាឲ្យទទួលសំណងដីដែលអាជ្ញាធរបានចាត់ចែងរៀបចំឲ្យ បើនរណារឹងទទឹងមិនព្រមទទួលសំណង ហើយមិនព្រមចាកចេញពីដីនេះទេ អ្នកនឹងមិនទទួលបានសំណងនេះ និងមិនមានអ្នកណាទទួលខុសត្រូវលើការខូចខាតពេលអាជ្ញាធរចុះអនុវត្តរុះរើផ្ទះសំបែង។ ករណីបែបនេះអាជ្ញាធរបានប្រព្រឹតទល្មើសព្រហ្មទណ្ឌដែលមានចែងក្នុងមាត្រា ៣៦៣ និយមន័យនៃការកំហែងយក និងមាត្រា ៣៦៤ ទោសដែលត្រូវអនុវត្ត និងមាត្រា ៣២៣ បទគំរាមកំហែងថានឹងធ្វើឲ្យខូចខាត និងរំលោភសិទ្ធិលំនៅឋានរបស់ជនជាតិដើមភាគតិច ឬពលរដ្ឋដែលបានកាន់កាប់ស្របតាមមាត្រា ២៥(អំពីដីជនជាតិដើមភាគតិចកាន់កាប់ជាសមូហភាព)មាត្រា ២៩(បើសិនជាករណីពលរដ្ឋកាន់កាប់ជាឯកជនឬភោគ្គីចូលកាន់កាប់ភោគ:ត្រឹមច្បាប់ភូមិបាលចូលជាធរមាន) និងមាត្រា ៣៨ ការកាន់កាប់ដោយពិតប្រាកដ គ្មានហឹង្សា ដឹងឮជាសាធារណ: គ្មានអាក់ខាន និងដោយសុចរិត…នៃច្បាប់ភូមិបាលឆ្នាំ ២០០១ ពីព្រោះដីរបស់អ្នកភូមិទាំងនេះសុទ្ធតែស្របតាមច្បាប់ភូមិបាលទោះជាចង់កាន់កាប់ដីជាសហមូហភាពក្តី ឬចង់កាន់កាប់ជាឯកជនក្តី គឺត្រឹមត្រូវតាមលក្ខខណ្ឌផ្លូវច្បាប់ទាំងអស់ក្នុងស្ថានភាពប្រើប្រាស់ដីជាលក្ខណ:ប្រពៃណី។ តាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ មាត្រា ៧ ចំណុចលេខ ១ (តំបន់ឧទ្យានជាតិ) និងមាត្រា ១១ស្តីពីការបែងចែកតំបន់គ្រប់គ្រងត្រង់ចំណុចទី ៤(តំបន់សហគមន៍)មានន័យថា ជាតំបន់គ្រប់គ្រងបម្រើឲ្យការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចរបស់សហគមន៍និងជនជាតិដើមភាគតិចដែលមានសកម្មភាពស្រាប់រួមមានលំនៅដ្ឋាន ស្រែ និងចំការ។ តាមវក្យខ័ណ្ឌទីពីនៃមាត្រានេះក្នុងតបន់សហគមន៍ចំណុចទី ៤ សហគមន៍មានសិទ្ធិស្របច្បាប់ក្នុងការទទួលបានការទទួលស្គាល់ឬការចេញប័ណ្ឌកម្មសិទ្ធិពីរដ្ឋតាមការយល់ព្រពពីក្រសួងបរិស្ថាន ដែលការកាន់កាប់នេះបានស្របតាមមាត្រាខាងលើនៃច្បាប់ភូមិបាលស្រាប់ដែរ។
៤) សាមគ្គីភាពនិងការភ័យខ្លាចរបស់សហគមន៍៖ អ្នកភូមិនេះនៅមានលក្ខណ:សាមគ្គីភាពគ្នាជាប្រពៃណី តែមិនមានបទពិសោធន៍សាមគ្គីភាពបែបរឿងក្តៅៗប្រឈមជាមួយអាជ្ញាធរឡើយ។ ពួកគាត់តែងមានអារម្មណ៍ភ័យខ្លាចពេលឮថាអាជ្ញាធរ។ ពួកគាត់ច្រើនលើកឡើងអំពីខ្លួនឯងថា មិនយល់ដឹងអំពីច្បាប់ និងសិទ្ធិធ្វើអ្វីខ្លាចតែខុសច្បាប់ហើយខ្លាចអាជ្ញាធរចោទប្រកាន់និងចាប់ខ្លួនដាក់គុក។ ពួកគាត់មិនទាន់មានរបៀបឬវិធីធ្វើការរួមគ្នាទោះបីជាពួកគាត់មានសាមគ្គីភាពជាលក្ខណ:ប្រពៃណីយ៉ាងណាក៏ដោយ វាធ្វើឲ្យខ្លួនអារម្មណ៍ពួកគាត់មិនមានទំនុកចិត្តខ្លួនឯងក្នុងរួបរួមសាមគ្គីគ្នាតវ៉ាទាមទារសិទ្ធិរបស់ខ្លួន ជាហេតុធ្វើឲ្យអារម្មណ៍ប្រកាន់ខ្ជាប់តែភាពភ័យផង ហ៊ានផង និងខ្លាចផង។
៥) បញ្ហាខ្វះការយល់ដឹងអំពីខ្លឹមសារច្បាប់ពាក់ព័ន្ធ ឬប៉ះពាល់ទៅលើសិទ្ធិនិងជីវភាពវប្បធម៌ សង្គម សេដ្ឋកិច្ចរបស់សហគមន៍ជាអ្វី៖ ដូចបានលើកឡើងខាងលើនេះខ្លះៗ ពួកគាត់ច្រើនតែលើកឡើងថា ពួកគាត់មិនយល់ដឹងអំពីច្បាប់ និងសិទ្ធិធ្វើអ្វីខ្លាចតែខុសច្បាប់ហើយខ្លាចអាជ្ញាធរចោទប្រកាន់និងចាប់ខ្លួនដាក់គុក។ នៅភូមិនេះមិនដែលមានអង្គការណាហ៊ានចូល និងមិនដែលអញ្ជើញចូលរួមសកម្មភាពពង្រឹងសមត្ថភាពយល់ដឹងអំពីសិទ្ធិនិងច្បាប់ឡើយ និងមិនដែលមានអង្គភាពរដ្ឋាភិបាលមកផ្សព្វផ្សាយច្បាប់ និងសិទ្ធិឲ្យបានទូលំទូលាយឡើយ។ អ្នកភូមិឃើញមានអង្គការទស្សនពិភពលោកចូលមកតែសកម្មភាពអភិវឌ្ឍន៍ និងកម្មវិធីកុមារអប់រំ និងសុខភាព និងអង្គការ WCS ធ្វើទៅលើតែការអភិរក្សសត្វព្រៃនិងព្រៃឈើ តែមិននិយាយពីសិទ្ធិនិងច្បាប់ទូលំទូលាយឡើយ នេះតាមលោកពូ និងអ្នកម៉ីងនៅភូមិដងផ្លិតដែលសុំមិនបញ្ចេញឈ្មោះបាននិយាយប្រាប់។ ពួកគាត់បានលើកបន្ថែមទៀតថា អាជ្ញាធរគិតខំប្រឹងប្រែងការពារសត្វ និងព្រៃឈសំខាន់ជាងការពារមនុស្សឬប្រជាជន ពួកគាត់ក៏ចេះស្រលាញ់និងការពារព្រៃនិងសត្វជាងអាជ្ញាធរទៅទៀតតែមិនមែនដល់ថ្នាក់ត្រូវការពារកន្លែងដែលពួកគាត់ធ្វើផ្ទះ និងស្រែចំការឡើយតើឲ្យពួកគាត់ទៅរស់នៅ និងរកស៊ីចញ្ចឹមជីវិតនៅឯណា។
៦) បញ្ហាសហគមន៍មានអារម្មណ៍ខ្លួនឯងថា “ប្រជាជនគ្មានអំណាច”ខ្វះការយល់ដឹងនិងការកសាងទំនុកចិត្តរបស់សមាជិកសហគមន៍ខ្លួនឯងដើម្បីបង្កើតនូវអំណាចរបស់ខ្លួន៖ ពាក្យ “ ពួកគាត់គ្មានអំណាច”យើងមិនទាន់យល់ដឹងច្បាស់និងពិតប្រកដថាមានន័យយ៉ាងណានោះទេ តែពួកគាត់តែងលើកឡើងភ្ជាប់ថាអាជ្ញាធរភូមិឃុំមិនជួយ មិនគាំទ្រ និងមានការរារាំង បើអាជ្ញាធរភូមិឃុំជួយពួកគាត់ធ្វើឲ្យពួកគាត់មិនសូវខ្លាចប៉ុម្មានទេ។ ប៉ុន្តែបើតាមការអង្កេត ពួគគាត់ខ្លាចហើយច្រើនតែគេបំបាក់បានចំនួន ៨ គ្រួសារដោយសាអាជ្ញាធរគាបសង្កត់ គំរាមកំហែងម្តងមួយៗធ្វើឲ្យគាត់ភ័យខ្លាច និងមិនមានជំនឿជាក់លើខ្លួនឯងក្នុងការតវ៉ា។ ពួកគាត់មិនទាន់មានសាមគ្គីភាពឲ្យបានគ្រប់គ្នា និងមិនទាន់ចេះពីរបៀបធ្វើការរួមគ្នាទើបធ្វើឲ្យពួកគាត់ភ័យខ្លាច ព្រោះច្បាស់ណាថាពេលគ្នាគាត់៨គ្រួសារព្រមទទួលសំណងដោយបង្ខំមក ពួកគាត់មានការព្រួយបារម្មណ៍យ៉ាងខ្លាំងថាពួកគាត់កាន់តែមានគ្នាតិចទៅៗ ហើយខ្លាចថាចុងក្រោយមានគ្នត្រឹមតែបីបួននាក់ពិបាកនឹងការពារទាមទារណាស់។ នេះបញ្ជាក់យ៉ាងច្បាស់ថាពាក្យថា “គ្មានអំណាចរបស់ពួកគាត់” គឺគ្មានសាមគ្គីភាព និងគ្មានការចូលរួមធ្វើការរួមគ្នា។
៥. រឿងរ៉ាវជាក់លាក់
- ការគំរាមកំហែងពីក្រុមពីមន្រ្តីអាជ្ញាធរមូលដ្ឋាន
- ការអភិវឌ្ឍដោយការបណ្ដេញចេញពីផ្ទះទាំងបង្ខំ
- ក្រុមហ៊ុនលោក អ៊ុក គឹមសាន ទៅរំលោភយកដីប្រើប្រាស់ជាក់ស្ដែង និងដីប្រមូលផលអនុផលធនធានធម្មជាតិ
- មន្រ្តីបរិស្ថានថ្មកែវបានរំលោភយកដីព្រៃប្រើប្រាស់ និងប្រមូលផលធនធានធម្មជាតិកម្មសិទ្ធផ្ទាល់ខ្លួន
- ត្រូវបានមន្រ្តីអាជ្ញាធរចោទថាសហគមន៍
៦. រឿងរ៉ាវរបស់ជនរងគ្រោះ
ក្នុងឆ្នាំ ២០១៥ មានអាជ្ញាធរមូលដ្ឋាន និងនគរបាលបានចុះវាស់វែងដីសហគមន៍នៅក្នុងភូមិដងផ្លិត ហើយឲ្យសហគមន៍ផ្ដិតមេដៃដោយនិយាយថា និងធ្វើប្លង់ដីជូនសហគមន៍ដែលរស់នៅទីនោះ ប៉ុន្ដែកន្លែបាន៣ ថ្ងៃក្រោយមកខាងអាជ្ញាធរ និងនគរបាលបានចុះទៅម្ដងទៀតដោយឲ្យសហគមន៍ដែលរស់នៅទីនោះចាក់ចេញពីដីដែលធ្លាប់រស់នៅ ទៅរស់នៅអូររំដេងត្រពាំងកូនង៉ាវិញ ដោយថានៅទីនោះសហគមន៍អាចរស់នៅស្រួល និងមានសេវាសាធារណៈគ្រប់វិស័យ ។ សហគមន៍ជាច្រើនគ្រួសារ (២០) បានចាក់ចេញតាមការបណ្ដេញរបស់ពួកគេ ប៉ុន្ដែនៅ ១៥គ្រួសារដែលមិនព្រមចេញពីភូមិចាស់ ហើយបច្ចុប្បន្ននេះពួកគេនៅតែបន្ដការបណ្ដេញចេញ និងរំខានដល់ការរស់នៅរបស់សហគមន៍ជារឿយៗ ដោយលើកហេតុផលថាសហគមន៍បានប្រកបរបរដាំដុះលើផ្ទៃដីរបស់គម្រោងឧទ្យានជាតិ ដូចនេះត្រូវបណ្ដេញចេញឲ្យសហគមន៍ទៅរស់នៅកន្លែងផ្សេងខ្លាចប៉ះពាល់ដល់ដីឧទ្យាន ។ សហគមន៍ដែលបន្ដរស់នៅទីនោះមិនអាចចេញបានទេដោយគិតថាវាជាដីធ្លីដែលពួកគេបានរស់នៅនៅតាំងពីដូនតាមកម្លេះ និងជាទីតាំងអាស្រ័យផលប្រកបមុខរបរជាយូណាស់មកហើយ ពួកគេមិនអាចបាត់បង់ដីនៅទីនោះបានឡើយ ព្រោះជាដីដែលចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកគេ ។
នៅឆ្នាំ ២០១៦ ខាងឧទ្យានបានចាប់ខ្លួនលោក ថេ តុលា (ត្រួសត្រាយដីចំការដើម្បីដាំដៅឡូង)
នៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០១៧ មានអធិការស្រុកឆែបឈ្មោះ រ៉េត យ៉ាត បានចេញលិខិតកោះហៅលោក ផាត ឆោម មកបំភ្លឺរឿងដីត្រពាំងចងករដែលរស់នៅប្រចាំថ្ងៃនៅសាលាស្រុកលោកបានបង្គាប់ឲ្យសហគមន៍បញ្ឈប់ការប្រើប្រាស់ដីនេះបន្ដទៀតឲ្យឈប់ធ្វើរបងព័ទ្ធដីនោះបន្ដទៀត ដោយគំរាមថាបើបន្ដដាំដុះមិនឈប់ធ្វើរបងលោកនឹងដករបងចេញពីដីដែលដាំដំណាំនោះ និងឲ្យធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពលើដីធ្លីកំពុងរស់នៅនោះដូចជាការដាំដំណាំ ធ្វើរបងព័ទ្ធដី ។ លោក ផាត ឆោម ជាសហគមន៍ និងគ្រួសារមិនអាចចាកចេញ និងបញ្ឈប់ការប្រកបមុខរបរនៅទីនោះឡើយពួកគេនៅតែបន្ដដាំដំណាំ និងរស់នៅ នៅថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១៧ មានកងកម្លាំង២ – ៣ នាក់បានយកម៉ាស៊ីនកាត់ និងអាឈើរបង និងដកបង្គោលរបងរបស់សហគមន៍ចោល ។
នៅក្នុងឆ្នាំ ២០២២ ខាងបរិស្ថានចាប់ខ្លួនសហគមន៍ឈ្មោះ យ៉ាន យេន ពេលភ្ជួដីដាំដំឡូង និងចាប់ខ្លួនប្រពន្ធឈ្មោះ សូ សំអូន ផងដែរ ។ ក្នុងឆ្នាំ ២០២៣ លោក យ៉ាន យេន ត្រូវបានគេចាប់ខ្លួនជាលើកទី ២ ដោយខាងឧទ្យានបាននិយាយថាលោក យ៉ាន យេន បានភ្ជួដីចំការប៉ះពាល់ដល់ដីឧទ្យានដែលជាគម្រោងរបស់រដ្ឋ ។
៧. ផលប៉ះពាល់លើសង្គម ៖
- មានអំពើពុករលួយ
- សេដ្ខកិច្ចគ្រួសារធ្លាក់ចុះ ចំណាក់ស្រុក
- រស់នៅមិនមានភាពសុខសាន្ដ , សន្ដិភាព ផ្លូវចិត្តមិនល្អ
- ប៉ះពាល់ដល់ការសិក្សារបស់កុមារ ព្រោះស្ថានភាពគ្រួសារជនរងគ្រោះមិនល្អពេលមានបញ្ហាក្នុងសហគមន៍
៨. ផលប៉ះពាល់លើសេដ្ឋកិច្ច ៖
- បាត់បង់ចំណូលប្រចាំថ្ងៃដែលធ្លាប់រក
- មិនមានដីធ្លីធ្វើចំការបង្កឲ្យមិនមានផ្នែកសេដ្ឋកិច្ច ។
៩. ផលប៉ះពាល់លើវប្បធម៌ ៖
- មិនមានដីធ្លីធំសម្រាប់ចិញ្ចឹមសត្វ ដូចជាឃ្វាលគោក្របី បែបប្រពៃណីទំនៀមទម្លាប់
- បាត់បង់ដីស្រែចំការដាំស្រូវ
- គេមិនឲ្យធ្វើចំការបែបប្រពៃណីដូចមុន ។
១០. ដំណោះស្រាយ
- សហគមន៍បានធ្វើអន្តរាគមន៍នៅសាលាស្រុកឆែបដើម្បីអោយមានការដោះស្រាយដីប៉ះពាល់ កាលពីឆ្នាំ ២០១៦
- បានធ្វើអន្តរាគមន៍នៅវត្តដងផ្លិតជាមួយមន្រ្តីឃុំ សាលាស្រុក បរិស្ថាន ក្រុមឧទ្យានជាតិ ២០២២
- សហគមន៍បានជួបជជែកជាមួយភូមិ ឃុំដើម្បីដោះស្រាយបញ្ហាដីធ្លី ២០២៣
- សហគមន៍បានដាក់ពាក្យអន្តរាគមន៍ទៅសាលាខេត្តព្រះនៅឆ្នាំ ២០២៣
- បានដាក់ពាក្យអន្តរាគមន៍ទៅក្រសួងដែនដី ក្រសួងបរិស្ថាន ក្រសួងកសិកម្ម ក្រសួងយុត្តិធម៍ ក្រសួងមហាផ្ទៃ ព្រឹត្យសភា និងរដ្ឋសភា ខែកុម្ភះ ឆ្នាំ ២០២៥ នេះ
១១. សូមណូមពរ ៖
ក. បញ្ឈប់រាល់ការឈួសឆាយដីប្រើប្រាស់ជាក់ស្ដែង និងដីព្រៃបម្រុងទុកប្រមូលផលអនុផលធនធានធម្មជាតិរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិដងផ្លិត និងភូមិណារ៉ុង។
ខ. ចាប់ជនបង្កដាក់ពន្ធធនាគា និងទូទាត់សំណងខូចខាត់ដំណាំស្រែចំការ និងរបស់ប្រើប្រាស់ជាក់ស្ដែងដូចជាម៉ូតូ គោយន្ត និងសងជំងឺចិត្តអ្នករងរបួសស្នាម
គ. ចេញដីការការពារដីប្រើប្រាស់ជាក់ស្ដែង និងដីព្រៃធនធានធម្មជាតិទុកសម្រាប់មនុស្សគ្រប់ជំនាន់ក្នុងភូមិដងផ្លិតនិងភូមិណារ៉ុងទុកជាសមូហភាព
ឃ. ដកកងកំលាំងទាហាន មន្រ្តីបរិស្ថាន និងមន្រ្តីភូមិបាលសូរិយោដីភូមិបាលស្រុកចេញពីតំបន់កំពុងមានបញ្ហានៅភូមិដងផ្លិត និងភូមិណារ៉ុង (ត្រពាំងអន្សម ប្រលាន់តាដេវ)
ង. បញ្ឈប់ការគំរាមកំហែងគ្រប់រូបភាពពីសំណាក់អាជ្ញាធរមូលដ្ឋាន និងគ្រប់លំដាប់ថ្នាក់
ទាញយកសេចក្ដីថ្លែងការពីផលប៉ះពាល_និងរំលោភបំពានសិទ្ធជនជាតិដើមភាគតិចកួយភូមិដងផ្លិត