សាលា​ដំបូង​ខេត្ត​កំពង់ធំ បានបើក​សវនាការ​ជំនុំជំរះករ​ណីតំណាង​សហគមន៍​ជនជាតិ​ដើមភាគ​តិចកួយ ២រូប

សហគមន៍​ជនជាតិ​ដើមភាគ​តិចកួយ​២រូប មានឈ្មោះ ហេង សាភេន និង ចាន់ ឡាយភាគ ត្រូវបាន​តុលាការបើកសវនាការ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង​៩និង១០​នាទីព្រឹក​ម្សិលមិញ ដោយចោទ​ប្រកាន់ពីបទ “ប្រើហិង្សា​លើអ្នកកាន់​កាប់អចលនវត្ថុដោយ​សុច្ចរិត” ភាគីដើម​ចោទ គឺជាតំណាង​ក្រុមហ៊ុន សម្បត្តិផ្លេធឺនឹម Coltd អវត្តមាន​ក្នុងសវនាការ ។ ករណីនេះ តំណាងសហគមន៍​ជនជាតិដើមភាគតិចកួយ បានបដិសេធ ចំពោះការចោទប្រកាន់នេះក្នុងអង្គសវនាការ និងសុំឲ្យតំណាងក្រុមហ៊ុន ត្រូវចូលខ្លួនតតាំងក្ដីនៅចំពោះមុខតុលាការ នៅសវនាការនាពេលបន្ទាប់ទៀត ។ អង្គសវនាការបានពិភាក្សាដេញដោលតាមនីតិវិធី រហូតដល់ម៉ោង ១១ ព្រឹក ហើយតុលាការបានប្រកាសលើកពេលសវនាការទៅពេលក្រោយ តាមការស្នើសុំរបស់មេធាវីការពារក្តីអ្នកតំណាងសហគមន៍ជនជាតិដើមទាំង២រូប ប៉ុន្តែមិនទាន់កំណត់ពេលវេលានៅឡើយទេ ។ នាព្រឹកម្សិលមិញនេះផងដែរ យើងសង្កេតឃើញថា មានប្រជាសហគមន៍ជនជាតិដើមភាគតិចកួយប្រមាណជាង ៥០នាក់ បានមកលើកទឹកចិត្តតំណាងសហគមន៍ទាំង២រូប នៅខាងក្រៅបរិវេណតុលាការ និងក៏មានការឃ្លាំមើលពីអង្គការសង្គមស៊ីវិលមួយចំនួន និងបណ្ដាញសហគមន៍ជនជាតិដើមភាគតិចផងដែរ ៕