សាលាដំបូងរាជធានីភ្នំពេញបើកសវនាការលើទីប្រឹក្សាគណបក្សកម្លាំងជាតិ

លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្ស  កម្លាំងជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញបើកសវនាការ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ក្រោមការចោទប្រកាន់ពីបទ: «ញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម» តាមមាត្រា ៤៣៧ និង ៤៩៤ មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ និងការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤  ក្រោយរូបលោក បានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការចុះជួបពលរដ្ឋរងគ្រោះដីធ្លី ដែលរស់នៅជុំវិញបឹងតាម៉ោក និងពលរដ្ឋរងគ្រោះដោយសារគម្រោងប្រលានយន្តហោះថ្មីនៅខេត្តកណ្តាល និងការចុះជួបសមាជិកគណបក្ស កម្លាំងជាតិតាមមូលដ្ឋាន។

ការបើសវនការនេះ មានសមាជិកសមាជិការបស់គណបក្ស កម្លាំងជាតិប្រមាណជា ៥០នាក់បានមកគាំទ្រ និងលើកទឹកចិត្ត។ ទន្ទឹមនឹងនេះ ក៏មានការរឹតបន្តឹងសណ្តាប់ធ្នាប់ ដោយមានការដាក់របាំងលើផ្លូវឆ្លងកាត់ខាងមុខតុលាការ ដោយមានកងកម្លាំងនគរបាលឯកសណ្ឋាន និងនគបាលស៊ីវិលប្រមាណ ៥០នាក់។

នៅពេលបញ្ចប់សវនាការ ចៅក្រមជំនុំជម្រះបានសម្រេចលើកពេលប្រកាសសាលក្រម ទៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង៨កន្លះព្រឹក។

គួរបញ្ជាក់ផងដែរថា លោក រ៉ុង ឈុន អតីតមេដឹកនាំសហជីព និងជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ធ្លាប់ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានតុលាការ ចោទប្រកាន់ និងឃុំខ្លួនពីបទ «ញុះញង់» បន្ទាប់ពីលោកបានចុះទៅខេត្តត្បូងឃ្មុំ និងជួបប្រជាពលរដ្ឋដែលអះអាងថា ដីរបស់ពួកគេត្រូវបានអាជ្ញាធរវៀតណាមហាមមិនឱ្យចូលធ្វើស្រែចំការ និងមានការបោះបង្គោលព្រំដែនចូលទឹកដីកម្ពុជា។

លោកក៏ត្រូវបាន តុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ហើយត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ កាលពីខែវិច្ឆិកា ឆ្នាំ ២០២១ ចំណែកឯសកម្មជន ០២នាក់ផ្សេងទៀត ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ២០ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ២លានរៀល (ប្រហែលជា ៥០០ដុល្លារ) ផងដែរ និងបង្គាប់ឱ្យរួមគ្នាសងសំណងខូចខាតសរុប ៤០០លានរៀល (ប្រហែល ១០ម៉ឺនដុល្លារអាមេរិក) ដល់គណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជាដែលជាស្ថាប័នទទួលខុសត្រូវក្នុងការត្រួតពិនិត្យការបោះបង្គោលព្រំដែនរបស់ប្រទេសកម្ពុជា៕