សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ នេះបានប្រកាសសាលក្រម លើបណ្តឹងទាស់លើសំណុំរឿងលោក ម៉ម រិទ្ធី ប្រធានប្រតិបត្តិសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា និងជាអនុប្រធានទី២ នៃសហភាពការងារកម្ពុជា (CLC) ដោយសម្រេចតម្កល់សាលក្រមកំបាំងមុខទុកជាបានការដដែល ដោយបានសម្រេចផ្តន្ទាទោសលោក ម៉ម រិទ្ធី ដាក់ពន្ធនាគារ ១៨ខែ និងពិន័យជាប្រាក់ពីរលានរៀល បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើបណ្តឹងជំទាស់នេះ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ និងបទធ្វើឱ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ។ គួររំលឹកថា លោក ម៉ម រិទ្ធី ត្រូវបានសមត្ថកិច្ចចម្រុះរាជធានីភ្នំពេញចាប់ខ្លួននៅទីស្នាក់ការសហភាពការងារកម្ពុជា ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ តាមអំណាចសាលក្រមកំបាំងមុខរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ក្រោមបទចោទខាងលើ។