សាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមលើករណី លោក កើត សារ៉ាយ

ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសេចក្តីសម្រេចសាលក្រម ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ២៣១៤ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ដែលបានជំនុំជម្រះកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២៤ ដែលមានលោក កើត សារ៉ាយ  ជាប្រធានសមាគមនិស្សិតបញ្ញាវន្តខ្មែរ ជាជនជាប់ចោទ ក្រោមបទចោទ មិនរាងចាលក្នុងបទមជ្ឈឹមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈឹម និងបទញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ ដោយតុលាការបានសម្រេចផ្តន្ទាទោស លោក កើត សារ៉ាយ ជាប់ពន្ធនាគារ៤ឆ្នាំ ពិន័យជាប្រាក់២លានរៀល លើស្ថានទម្ងន់ទោសមិនរាងចាល និងសម្រេចរឹបអូសទូរស័ព្ទ iphone មួយគ្រឿង។

លោក កើត សារ៉ាយ ត្រូវបានមន្ត្រីនគរបាលរាជធានីភ្នំពេញចូលចាប់ខ្លូន ខណៈលោកកំពុងបំពេញការងារនៅការិយាល័យ រួចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញវេលា ម៉ោង១៥.៤៥នាទី កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ដែលក្នុងដីកានោះបានត្រឹមបញ្ជាក់ថាពាក់ព័ន្ធករណី ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ក្រោយពេល លោក កើត សារ៉ាយ និងក្រុមការងារសមាគមបានចុះទៅជួបប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លី នៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ ដែលរងការបង្រ្កាបដោយហិង្សាពីសំណាក់អាជ្ញាធរ ខេត្តព្រះវិហារ អំឡុងខែមីនា ឆ្នាំ២០២៤  រហូតឈានដល់ពលរដ្ឋរត់គេចទៅលាក់ខ្លួននៅក្នុងព្រៃ និងបានធ្វើសកម្មភាពអំពាវនាវឱ្យអាជ្ញាធរ មានការអត់ធ្មត់ ក្នុងការដោះស្រាយទំនាស់។