ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ម៉ោង៨និង៣០នាទីព្រឹក សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនការលើករណីថ្នាក់ដឹកនាំ និងសកម្មជនសហជីពទ្រទ្រង់សិទ្ធិការងារកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ ៩រូប
រួមមាន៖ ១.កញ្ញា ឈឹម ស៊ីថរ ២.កញ្ញា ឈឹម សុខន ៣.អ្នកស្រី រី សុវណ្ណឌី ៤.អ្នកស្រី សុន ស្រីពេជ្រ ៥.អ្នកស្រី ហៃ សុភាព ៦.អ្នកស្រី ឃ្លាំង សុបិន្ត ៧.កញ្ញា ទូច សិរីមាស ៨.លោក សុខ ណារិទ្ធ និងទី៩.លោក សុខ គង្គា ក្រោមបទចោទ “ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” កំឡុងពេលកូដករក្រុមហ៊ុនណាហ្គាវើលដ៍ ធ្វើកូដកម្មដើម្បីទាមទារ ឲ្យថៅកែក្រុមហ៊ុននេះ ធ្វើការដោះស្រាយវិវាទការងារជាមួយក្រុមកូដករ ដែលអូសបន្លាយពេលជាយូរមកហើយ ។ សវនការលើកទី៤នេះ បន្តពីសវនការលើកមុនថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ដែលតុលាការបានសាកសួរដេញដោលក្នុងអង្គសវនាការលើតំណាងសហជីពបានតែពីររូបប៉ុណ្ណោះមាន កញ្ញា ឈឹម សុខន និងអ្នកស្រី ឃ្លាំង សុបិន្ត ។ ចំណែកព្រឹកនេះវិញ សវនការបានសាកសួរដេញដោលបានចំនួន៤រូប បន្តទៀតមានកញ្ញា ស៊ុន ស្រីពេជ្រ, អ្នកស្រី រី សុវណ្ណឌី ,អ្នកស្រី ហៃ សុភាព និងកញ្ញា ទូច សិរីមាស ។ ដោយឡែកកញ្ញា ទូច សិរីមាស បានសួរដេញដោលត្រឹមតែលោកស្រីចៅក្រម តំណាងអយ្យការ និងលោកស្រីមេធាវី សាម សុគន្ធា ប៉ុណ្ណោះ ក៏លោកស្រីចៅក្រមផ្អាកសវនការ នៅវេលាម៉ោង១១ និង៣០នាទីព្រឹកនេះ ហើយដាក់ពេលវេលាសវនាការបន្ទាប់ទៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៨ និង៣០នាទីព្រឹក ។
#សមាគមអាដហុក សង្កេតឃើញថា នៅក្នុងបន្ទប់សវនការ ក៏មានតំណាងស្ថានទូតសហរដ្ឋអាមេរិក តំណាងស្ថានទូតសហភាពអ៊ឺរ៉ុប និងក្រុមអង្គការសិទ្ធិមនុស្សចូលស្តាប់ និងឃ្លាំមើលក្នុងអង្គសវនការផងដែរ ។ ចំណែកនៅខាងក្រៅតុលាការវិញ ឃើញមានកូដករណាហ្គាវើលដ៍មកគាំទ្រប្រមាណជា ៣០នាក់ និងឃើញមានជនស្លៀកពាក់ស៊ីវិលប្រមាណជាង ១០នាក់ តាមថតរូបអ្នកឃ្លាំមើលមកពីអង្គការសង្គមស៊ីវិល និងអ្នកមកគាំទ្រ ជាប្រចាំផងដែរ ។
គួរបញ្ជាក់ថា ៖ ក្រុមកូដករណាហ្គាវើលដ៍ នៅតែបន្តធ្វើកូដកម្មទាមទារ ឱ្យមានការដោះស្រាយ ចាប់តាំពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ដែលអូសបន្លាយពេលជាង១ឆ្នាំមកហើយ និងមានការជួបចរចារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ជាច្រើនលើក ហើយបានដាក់ញត្តិទៅក្រសួងការងារ ខុទ្ទកាល័យសម្តេច ហ៊ុន សែន ក៏ដូចជាភាគីពាក់ព័ន្ធជាច្រើនលើកមកហើយ រួមទាំងថ្នាក់ដឹកនាំ សហភាពសហព័ន្ធ សម្ពន្ធ័សហជីព សហជីពមូលដ្ឋាន និងអង្គការសមាគម ដែលធ្វើការលើវិស័យការពារ និងលើកកម្ពស់សិទ្ធិការងារ ដើម្បីស្នើឱ្យមានដំណោះស្រាយ បញ្ចប់វិវាទការងារដែលមានរយៈពេលយូរមួយនេះ ប៉ុន្តែនៅតែមិនទាន់មានដំណោះស្រាយបញ្ចប់វិវាទនេះនៅឡើយទេ៕