លោក កឹម សុខា ភេទប្រុស អាយុ ៦៦ឆ្នាំ កើតនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៣ ដែលជាអតីតប្រធានគណបក្សសង្គ្រោះជាតិ មុនគណបក្សនេះត្រូវបានរំលាយ។ លោក កឹម សុខា ត្រូវបានតុលាការបើកសវនាការជំនុំជម្រះ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅសាលសវនាការទី១ ក្នុងសំណុំរឿងព្រហ្មទណ្ឌ លេខ ៤៧៧៧ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ចោទពីបទសន្និដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។
លោក កឹម សុខា ត្រូវបានចាប់ខ្លួន កាលពីយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ហើយត្រូវឃុំខ្លួនជាង១ឆ្នាំ។ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ត ប៉ុន្តែ គាត់មិនត្រូវបានអនុញ្ញាតឲ្យជួបអ្នកដ៏ទៃ ហើយមិនឲ្យចាកចេញពីគេហដ្ឋានរបស់គាត់ រហូតដល់ថ្ងៃ១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ទើបលោក កឹម សុខា ត្រូវបានផ្តល់សិទ្ធិសេរីភាពធ្វើដំណើរក្នុងប្រទេស ប៉ុន្តែ គាត់មិនត្រូវបានឲ្យធ្វើនយោបាយ និងមិនត្រូវឲ្យចេញទៅក្រៅប្រទេសឡើយ។
សវនាការដែលគេប្រកាសថា ជាសាធារណៈនោះ យើងបានឃើញមានការដាក់ពង្រាយកងកំលាំងប្រដាប់អាវុធ ជាច្រើននាក់នៅក្បែរទីតាំងសាលាដំបូងរាជធានីភ្នំពេញ ។
តាមការសង្កេតមើលនៅក្នុងអគារសាលាដំបូងរាជធានីភ្នំពេញ មានសភាពស្ងប់ស្ងាត់គ្រប់ជាន់ ការដាក់ពង្រាយកំលាំងសមត្ថកិច្ច គេដាក់ម៉ាស៊ីនសេ្គននៅតាមច្រកចេញចូល ត្រួតពិនិត្យ សួរនាំ ដូច្នេះ អ្នកចង់ចូលទៅស្តាប់សវនាការជាច្រើននាក់ ដែលមិនអាចចូលទៅបានដោយហេតុតែមិនត្រូវបានអនុញ្ញាត។ សូមបញ្ជាក់ថា អ្នកចូលរួមស្តាប់ភាគច្រើនជាមន្ត្រីការទូតបរទេស។
តាមសាក្សី មួយរូបដែលបានចូលរួមសវនាការនៅពេលព្រឹកថា គេគ្រាន់តែសួរឈ្មោះសាក្សី ហើយឲ្យភាគីដើមបណ្តឹងរដ្ឋប្បវេណី និងភាគីជនជាប់ចោទ ដាក់ភស្តុតាងបន្ថែម ។
នៅខាងមុខបរិវេណសាលាដំបូងរាជធានីភ្នំពេញ មានអ្នកសារព័ត៏មាន ពលរដ្ឋ សង្គមស៊ីវិលរាប់រយនាក់ ព្រមទាំងសមត្ថកិច្ចស្លៀកពាក់ឯកសណ្ឋាន និងស៊ីវិលនៅលាយឡំគ្នាជាមួយពលរដ្ឋ ដើម្បីតាមដានឃ្លាំមើលអ្នកចូលរួម។ នៅពេលរសៀល យើងឃើញមាន ក្រុមសមត្ថកិច្ចបានដាក់កាមមេរ៉ាសុវត្ថិភាពនៅជុំវិញបរិវេណសាលាដំបូង ។
ជនជាប់ចោទ លោក កឹម សុខា មានសាក្សីជាង ១០ នាក់ (សុំមិនបញ្ចេញឈ្មោះ) ដែលបានចូលរួមក្នុងសវនាការនោះ ។
មេធាវី ជនជាប់ចោទ មាន៖ ១.លោក ចាន់ ចេង ២.កញ្ញា ម៉េង សុភារី ៣.លោក ផែង ហេង ៤.លោក ផាន់ ចាន់សក្ក័ ។
មេធាវី ដើមបណ្តឹងរដ្ឋប្បវេណី មាន៖ ១.លោក គី តិច ២.លោក លី ចាន់តុលា ៣.លោក សាន់ ជួយ និង ៤.លោក ចេង ម៉េងហាប។
ក្រុមប្រឹក្សាជំនុំជម្រះ មាន៖ លោក សៅ កូយ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក សេង លាង ចៅក្រម លោក ធាម ចន្ទ័ពិសិដ្ឋ ចៅក្រម និងលោក ជ័យ វាសនា ក្រឡាបញ្ជី ។
បទសម្ភាសន៍លើកទី១ និងទី២ ក្រុមមេធាវី ដើមចោទ បានបញ្ជាក់ថា រឿងក្តីនេះពាក់ពន្ធ័ប្រទេសចំនួន ៩ ក្នុងនោះមាន៖ ១.ប្រទេស ឥណ្ឌូនេស៊ី ២.តៃ វ៉ាន់ ៣.យូហ្គោស្លាវី ៤.ឥណ្ឌា ៥.កានណាដា ៦. អូស្ត្រាលី ៧.ស៊ែ ប៊ី ៨.អាមេរិក ៩.សហគមន៏ អឺរ៉ុប (EU) ។ ប៉ុន្តែ ប្រទេសទាំងនោះមិនជាប់ពាក់ព័ន្ធបទល្មើសខាងលើនេះទេ។
នៅព្រឹកថ្ងៃទី២ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ យើងឃើញមានតែជនជាប់ចោទម្នាក់ ដែលត្រូវតុលាការហៅសាកសួរគឺ លោក កឹម សុខា លុះពេលល្ងាច តុលាការប្រកាសលើកពេលសវនាការទៅសប្តាហ៏ក្រោយ ។