នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នេះ នៅទីលានប្រជាធិបតេយ្យ ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រារព្ធពិធីទិវាគ្រូបង្រៀនពិភពលោក តាមប្រធានបទខាងលើ ដោយមានការចូលរួមពីលោក គ្រូ អ្នកគ្រូ និងសមាជិក របស់សមាគមគ្រូបង្រៀនឯករាជ្យប្រមាណជា ១០០នាក់ ។
អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធាន សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានថ្លែងបញ្ជាក់ថា ដោយសារតែសេរីភាពសមាគមមានការធ្លាក់ចុះយ៉ាងគំហុករហូតដល់បច្ចុប្បន្ននេះ រីឯគ្រូបង្រៀនវិញ នៅតែទទូលរងការគំរាមកំហែង ពីក្រសួង អប់រំយុវជន និងកីឡា រហូតដល់មានលុបឈ្មោះចេញពីក្របខណ្ឌ ក្រសួងអប់រំចំនួន១១នាក់ ក្នុងឆ្នាំ២០១៨ ។
ក្នុងថ្ងៃនេះដែរ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានរៀបចំញត្តិផ្ញើជូនទៅ រដ្ឋសភា រាជរដ្ឋាភិបាល និងទៅក្រសួង អប់រំយុវជននិងកីឡា ដែលមានខ្លឹមសារ ១០ចំណុច ដើម្បីទាមទារឲ្យស្ថាប័នខាងលើនេះ មានការដោះស្រាយ ដែលមានភ្ជាប់នៅក្នុងញត្តិដូចជា :
១. ដំឡើងប្រាក់បៀវត្សមូលដ្ឋានអប្បបរមាគ្រូបង្រៀនក្នុងមួយខែៗ ឱ្យបានស្មើ១/៤ (មួយភាគបួន)នៃប្រាក់ខែតំណាងរាស្ត្រ
២. កែលម្អប្រព័ន្ធអប់រំឱ្យស្របតាមច្បាប់កំណត់ឡើងវិញ និងត្រូវបញ្ឈប់ការតម្រូវឱ្យសិស្សានុសិស្សបង់ថ្លៃសាលា(សាលាជំនាន់ថ្មី និងសាលាគោលដៅ)
៣. ដំឡើងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជួនគ្រូបង្រៀន៖
៣.១, ប្រាក់ឧបត្ថម្ភកូន៤០០០០រៀល(បួនម៉ឺនរៀល)ក្នុងមួយខែ
៣.២, ប្រាក់ឧបត្ថម្ភប្រពន្ធចំនួន៦០០០០រៀល(ប្រាំមួយម៉ឺនរៀល)ក្នុងមួយខែ
៣.៣, ប្រាក់គរុកោសល្យចំនួន៤០០០០រៀល(បួនម៉ឺនរៀល)ក្នុងមួយខែ ជូនគ្រូបង្រៀន
៣.៤, ប្រាក់ថ្ងៃព្រហស្បតិ៍ចំនួន២០០០០(ពីម៉ឺនរៀល)ក្នុងមួយថ្ងៃ ជួនគ្រូបង្រៀន
៣.៥, ប្រាក់ម៉ោងបន្ថែមចំនួន១០០០០រៀល(មួយម៉ឺនរៀល)ក្នុងមួយម៉ោងសម្រាប់គ្រូអនុវិទ្យាល័យ
និងចំនួន១៥០០០រៀល(មួយម៉ឺនប្រាំពាន់រៀល)ក្នុងមួយម៉ោងសម្រាប់គ្រូវិទ្យាល័យ
៣.៦, ប្រាក់ឧបត្ថម្ភបុណ្យជាតិនីមួយៗចំនួន១៥ម៉ឺនរៀល(ដប់ប្រាំម៉ឺនរៀល) ជួនគ្រូបង្រៀន(បុណ្យ
ភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំខ្មែរ)
៤. សូមបញ្ជុះតម្លៃប្រេងឥន្ធនៈមកត្រឹមតម្លៃ៤០០០រៀល(បួនពាន់រៀល)ក្នុងមួយលីត្រ និងទំនិញលើទីផ្សារ
ចុះមកត្រឹមតម្លៃមួយសមរម្យ
៥. លុបបំបាត់អំពើពុករលួយក្នុងប្រព័ន្ធអប់រំ និងពេលប្រឡងចូលក្របខណ្ឌគ្រូបង្រៀន
៦. បញ្ឈប់ការរើសអើងជាមួយសមាគម និងផ្តល់សិទ្ធិសេរីភាពឱ្យគ្រូបង្រៀនបង្កើតសហជីព
៧. ផ្តល់ក្របខណ្ឌមន្ត្រីអប់រំ ដល់គ្រូបង្រៀនទាំង១១នាក់ និងគ្រូមួយចំនួនទៀតឡើងវិញ
៨. សូមពន្យាពេល២ឆ្នាំឱ្យពលរដ្ឋក្នុងការសងប្រាក់ដល់ធនាគារ
៩. ផ្តល់នីតិសម្បទាដល់ លោក រ៉ុង ឈុន និងដោះលែង កញ្ញា សេង ច័ន្ធធារី កញ្ញា ឈឹម ស៊ីថរ…
រួមទាំងអ្នកជាប់ឃុំមនសិការទាំងអស់ឱ្យមានសេរីភាពឡើងវិញ។
១០. សូមឱ្យផ្តល់ដំណោះស្រាយដោយយុត្តិធម៌ជូនបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍។
ថ្ងៃនេះផងដែរ អ្នកចូលរួមបានដង្ហែញត្តិជុំវិញទីលានប្រជាធិបតេយ្យ បន្ទាប់មកនៅម៉ោង១០នឹង៤៥នាទី ក៏មានដំណាង ៣រូប បានមកទទួលញត្តិដោយក្នុងនោះមាន តំណាងរាជរដ្ឋាភិបាល១រូប តំណាងក្រសួងអប់រំ១រូប និងតំណាងមកពីរដ្ឋសភា១រូប ៕