សមត្ថកិច្ចខណ្ឌចំការមន រារាំងក្រុមយុវជន និងព្រះសង្ឃមិនឲ្យចូលដាក់កម្រងផ្កា និងគោរពវិញាណក្ខន្ធលោក បណ្ឌិត កែម ឡី នៅស្តាម៉ាតកាល់តិច ស្តុបបូកគោ

សមត្ថកិច្ច​ខណ្ឌចំការ​មន រារាំង​ក្រុម​យុវជន និងព្រះសង្ឃ​មិនឲ្យ​ចូលដាក់​កម្រង​ផ្កា និងគោរ​ពវិញាណ​ក្ខន្ធ​លោក បណ្ឌិត កែម ឡី នៅស្តាម៉ាត​កាល់តិច ស្តុបបូកគោ

នៅព្រឹក​ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរ​ក្រុងភ្នំពេញ បាន​ដាក់​ពង្រាយ​កង​កំលាំងរារាំង​ការ​ជួបជុំ​របស់ក្រុម​យុវជន​ខ្មែរថាវរៈ (KT), ក្រុមយុវជន​NOT1MORE (N1M) និងសមាគម​សម្ព័ន្ធ​និស្សិត​បញ្ញ​វន្តខ្មែរ ដែល​មានបំណង​មកធ្វើពិធី​គោរព​វិញាណក្ខន្ធ​លោកបណ្ឌិត កែម ឡី នៅស្ថានីយ​ប្រេង​ឥន្ធនៈ កាល់តិច ស្តុបបូកគោ ។

សូម​បញ្ជាក់​ថា កាលពីបួនឆ្នាំ​មុនគឺ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ លោកបណ្ឌិត កែម ឡី អ្នកវិភាគ​សង្គម​ដ៏ល្បីឈ្មោះ​មួយរូប ត្រូវបាន​ឃាតករបាញ់​សម្លាប់​ខណៈពេល​លោកកំពុងអង្គុយ​ទទួល​ទានកាហ្វេ​នៅក្នុង​ស្តាម៉ាតស្ថាន​នីយ​លក់​ប្រេងឥន្ទនៈ កាល់តិច ស្តុបបូកគោ ហើយ​រហូតមកដល់​ពេលនេះ ប្រពន្ធ និងកូនរបស់​លោកដែល​កំពុងរស់​នៅភៀស​ខ្លួន ដោយការ​ភ័យខ្លាច​ព្រមទាំង​ក្រុមគ្រួសារ នៅមិនទាន់​ទទួលបាន​យុត្តិធម៌​នៅឡើយ ក្រៅតែ​ពីសមត្ថកិច្ច​បានចាប់​ឃុំខ្លួនបុរស​ម្នាក់ឈ្មោះ អ៊ឿត អាង ហៅជួបសម្លាប់ ដាក់ពន្ធនាគារ​តែប៉ុណ្ណោះ ។

ក្នុងព្រឹត្តិការណ៍​នាព្រឹកនេះ នៅវេលា​ម៉ោង​ប្រហែល ៨កន្លះ បន្ទាប់​ពីក្រុមយុវជន​ប្រមាណ ៤ទៅ ៥នាក់ ព្យាយាមចូល​ទៅក្នុង​ម៉ាតទិញ​កាហ្វេ និងមាន​ព្រះសង្ឃ​ប្រហែល​ជាង ១០អង្គកំពុង​គង់នៅ​ខាងក្រៅ ស្រាប់តែ​មានខាង​កងកម្លាំង​សន្តិសុខ​សមត្ថកិច្ច​ខណ្ឌ​ចំការមន​ប្រមាណ​ប្រហែល​ ៥០នាក់ ដែល​បានដាក់​ពង្រាយ​ត្រៀម​ចាំនៅទី​នោះស្រាប់ បានមក​រារាំង និង​បណ្តេញ​ក្រុម​យុវជន និងព្រះសង្ឃ​ទាំងអស់ ឲ្យចាកចេញ​ពីទីនោះ តាមបញ្ជា​របស់​លោក មាន ចាន់យ៉ាដា អភិបាល​រងរាជធានី​ភ្នំពេញ បើទោះ​បីមាន​ការសម្រប​សម្រួល​ពីខាង​តំណាងUNOHCHR ក៏ដោយ ។

សកម្មភាព​របស់អាជ្ញាធរ​ខាងលើនេះ ជាហេតុ​បណ្តាលឲ្យ​ក្រុមយុវជន និងអ្នក​ដែលស្រឡាញ់ គាំទ្រ​លោកបណ្ឌិត កែម ឡី មិនអាច​ធ្វើការ​ជួបជុំ ថ្លែងសារ ស្មឹងស្មាត គោរពវិញាណក្ខន្ធ ដាក់​កម្រងផ្កា និងនិមន្ត​ព្រះសង្ឃ​សូត្រមន្ត​បង្សុកូល​ជូនសព​លោកបណ្ឌិត កែម ឡី នៅ​ទីនោះ​បាន ក្រៅតែ​ពីការផ្តល់​បទសម្ភាសន៍​ឲ្យអ្នកសារ​ព័ត៌មាន និងនាំគ្នា​មកអង្គុយ​ស្មឹងស្មាតប្រមាណ ២០នាទីនៅ​ឯម្ខាងផ្លូវ មុនពេល​ធ្វើដំណើរ និងនិមន្ត​ដោយថ្មើរ​ជើងតាម​ផ្លូវ​ព្រះមុនីវង្ស​ដែលមាន​ព្រះសង្ឃ ៨អង្គ និងយុវជន​ជាង ១០នាក់ ដៃកាន់​រូបថត​លោក​បណ្ឌិត ឆ្ពោះទៅខេត្តតាកែវ ដោយមាន​ការតាម​ជាប់​ពីក្រុម​សមត្ថកិច្ច ។ នៅវេលា​នោះ គេក៏​មិនឃើញ​មានវត្តមាន​តំណាងអង្គការ​សង្គម​ស៊ីវិល ឬអង្គទូតណា​មួយមក​ចូលរួម និងធ្វើការ​ថ្លែងសារ​ដែរ ក្រៅតែ​ពីអ្នកចូលរួមឃ្លាំ​មើលមក​ពី ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស (UN) សមាគម​អាដហុក អង្គការ​លីកាដូ និង មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា… និងអ្នកសារ​ព័ត៌មាន ។

ជាមួយគ្នា​នេះ ក៏មាន​យុវជន​ម្នាក់​ឈ្មោះ ខាន់ ចាន់ថន ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​យកទៅ​សាកសួរ ខណៈយុវជន​រូបនោះ​កំពុងជិះកង់​នៅមុខស្តាម៉ាត ហើយដែល​គេសង្ស័យ​ថា ទំនង​មកពីគាត់​ពាក់អាវ​យឺត​ដែលមាន​រូបលោក​បណ្ឌិត កែម ឡី ប៉ុន្តែ​ក្រោយ​មកត្រូវ​បានសមត្ថកិច្ច​ដោះលែង​វិញបន្ទាប់​ពីធ្វើការ​សាកសួរ​រួច ៕