បច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជា បានស្វែងរកការងារធ្វើនៅក្នុងស្រុក ឬក្រៅស្រុក (ប្រទេសក្រៅ) ទៅតាមការយល់ឃើញ និងភាពពេញចិត្តរបស់ខ្លួន ព្រមទាំងប្រើប្រាស់មធ្យោបាយផ្សេងៗពីគ្នា។ ក្នុងនោះដែរសមាគម អាដហុក មើលឃើញច្រើននូវការធ្វើទេសន្តរប្រវេសន៍របស់ពលករ មួយចំនួន ស្វែងរកតាមភ្នាក់ងារក្រុមហ៊ុនជ្រើសរើសពលករ ហើយពលករមួយចំនួនទៀត តាមរយះមិត្តភក្ភ័ និងតាមរយះខ្លួនឯង ហើយប្រជាពលរដ្ឋមួយចំនួនធំទៀតត្រូវបានចាញ់បោកមេខ្យល់។ ប្រទេសដែលជាគោលដៅរបស់ពលករទាំងអស់នោះមានដូចជា ប្រទេស ថៃ ម៉ាឡេស៊ី ចិន ជប៉ុន អាហ្រ្វិកខាងត្បូង អារ៉ាប់ប៊ីសាអូឌីត និងសិង្ហបុរី។ មូលហេតុនៃការធ្វើ ចំណាកស្រុករបស់ពលករ គឺដោយសារ ជីវភាពគ្រួសារក្រីក្រ ជំពាក់បំណុល ចំណេះដឹងមានកំរិត គ្មានដីបង្កបង្កើតផល និងលំនៅដ្ឋានដាច់ស្រយាល។ ដូច្នេះ ដោយមើលឃើញ ការធ្វើទេសន្តរប្រវេសន៍របស់ប្រជាពលរដ្ឋ មានភាពប្រថុយប្រថាន។ សមាគម អាដហុក មានគម្រោងមួយចំនួន ក្នុងការបើកវគ្គផ្សព្វផ្សាយស្តីពី សុវត្តិភាពទេសន្តរប្រវេសន៍ ទៅដល់ខេត្តគោលដៅ និងតំបន់ ដាច់ស្រយាលមួយចំនួននៅក្នុងប្រទេសកម្ពុជា។ នេះជាសកម្មភាពមួយនៃវគ្គផ្សព្វផ្សាយ ដែលបានធ្វើនៅថ្ងៃទី ២៤ ខែ កុម្ភះ ឆ្នាំ២០២០ ក្នុងភូមិចែង ឃុំចែងមានជ័យ ស្រុកបាណន់ ក្នុងខេត្តបាត់ដំបង។ ចំនួនប្រជាពលរដ្ឋ និងអាជ្ងាធរចូលរួមសរុបមាន ៦៥នាក់ ក្នុងនោះមានស្រ្តី ៤៦នាក់ផងដែរ។