ការថ្លែងនេះធ្វើឡើងនៅក្នុងសិក្ខាសាលា ស្តីពី “ ការពង្រឹងកិច្ចសន្ទនា អ្នកការពារសិទ្ធិមនុស្សមូលដ្ឋាន ” ដែលរៀបចំឡើងដោយសមាគមអាដហុក ចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នេះ ស្ថិតនៅសណ្ឋាគារ រ៉ូយ៉ាល់ អេមផាយ (Royal Empire Hotel) ខេត្តសៀមរាប ដែលមានអ្នកចូលរួម ១០២នាក់ មកពីបណ្តាខេត្ត ដូចជា៖ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តកំពង់ធំ និងខេត្តកណ្តាល ។ ក្នុងគោលបំណងពង្រឹងសំឡេងសហគមន៍មូលដ្ឋាន តាមរយៈផ្នែកច្បាប់ និងការតស៊ូមតិ ដើម្បីទទួលបានយុត្តិធម៌ សម្រាប់ជនរងគ្រោះ ដោយការរំលោភសិទ្ធិមនុស្ស ដើម្បីលើកកម្ពស់ការចូលរួមរបស់សហគមន៍ និងរួមបញ្ចូលការត្រួតពិនិត្យដំណើរការអភិវឌ្ឍសហគមន៍ ក៏ដូចជាការត្រួតពិនិត្យលើការរំលោភសិទ្ធិមនុស្ស នៅក្នុងសហគមន៍ខ្លួន ។
ថ្លែងក្នុងមតិស្វាគមន៍ បើកកម្មវិធី លោក នី សុខា “ថ្ងៃនេះ ខ្ញុំចង់រំលឹកឡើងវិញ ពីការលះបង់របស់បងប្អូន សហគមន៍ ដើម្បីយុត្តិធម៌ក្នុងសហគមន៍ ត្រូវតែមានការចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ តាមផ្លូវច្បាប់។
ដូច្នេះសិក្ខាសាលានេះគឺ៖
- ពង្រឹងកិច្ចសន្ទនា និងការប្រាស្រ័យទាក់ទងគ្នារវាងអ្នកតំណាងសហគមន៍។
- ផ្តល់ឱកាសអ្នកតំណាងសហគមន៍ជួបជុំគ្នា និងចែករំលែកបទពិសោធន៍ និងរាយការណ៍ ពីសមទ្ធិផល និងឧបសគ្គដែលបានកើតឡើងកន្លងមក។
- កំណត់បញ្ហា ដើម្បីស្វែងរកដំណោះស្រាយ ដូចជាករណីវិវាទដីធ្លី ធនធានធម្មជាតិ សេវាសាធារណៈ និងរំលោភសិទ្ធិមនុស្សជាដើម ។ លោករំពឹងថា ពីរថ្ងៃ នេះ សហគមន៍យើង និងចូលរួមយ៉ាងសកម្ម ក្នុងការពិភាក្សា ដើម្បីជួយរកដំណោះស្រាយក្នុងសហគមន៍។”
សមាគមអាដហុក គឺជាសមាគមសិទ្ធិមនុស្សកម្ពុជាមុនដំបូងគេបង្អស់ដែលត្រូវបានបង្កើតឡើង នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៩១ ដើម្បីធ្វើការតស៊ូមតិលើការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ និងទទួលស្គាល់ជាផ្លូវការដោយ សម្តេចព្រះបរមកោដ្ឋ នរោត្តម សីហនុ ថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩២ ព្រមទាំងចុះបញ្ចីក្រសួងមហាផ្ទៃ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០០០ ប្រកាសលេខ ២៧៨។ សមាគមអាដហុក បាននឹងកំពុងធ្វើប្រតិបត្តិការសកម្មភាពសំខាន់ៗបីគឺ ពង្រឹងសិទ្ធិអំណាចសហគមន៍ ការតស៊ូមតិ និងការឃ្លាំមើល អន្តរាគមន៍ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ៕