របាយការណ៍ស្តីពីស្ថានភាពវិវាទដីធ្លី ២០២១

 នៅថ្ងៃនេះ ​សមាគមការពារ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC) ​ចេញផ្សាយ​នូវ​របាយការណ៍​មួយ​ដែលមាន​ចំណងជើងថា « ការបន្តចោទ​ប្រកាន់-ការចាប់​ឃុំខ្លួនពលរដ្ឋ ក្នុងរឿង​វិវាទដីធ្លី ការចោទប្រកាន់-ការចាប់ឃុំខ្លួន​ ក្នុងរឿង​វិវាទដីធ្លី។ របាយការណ៍​ឆ្នាំ២០២១ បានរកឃើញថា វិវាទដីធ្លីចំនួន១៦៩ករណី​ ​ ដីទំហំ ៥២,៦០១.៨៧ ហិកតា ​ប៉ះពាល់ជន​រងគ្រោះ ១៧,០៣៣​ គ្រួ​សារ ស្មើ៦១,៤៦៩នាក់ ​ មានជនជាតិ​ដើមភាគតិច ១,៣៤៧ គ្រួសារ ដែលក្នុងនោះ លេចធ្លោជាងគេ​គឺការរំលោភ​ដោយបុគ្គល​មានអំណាច ៦៦ករណី និងបុគ្គលអ្នក​មានទ្រព្យ ២៧ករណី។

របាយការណ៍នេះ​ភ្ជាប់ជាមួយ​នឹងឧបសម្ព័ន្ធមួយ​ ដែលរៀបរាប់​អំពីករណី​នៃការរំលោភ​បំពាន ដូចជា​ ២៣.៦៦%​​នៃ១៦៩ករណី មានការចាប់ខ្លួន​ចោទប្រកាន់ឃុំខ្លួន ដែល ៣៥ករណី  មានជនរងគ្រោះ ១៥៧នាក់ កំពុងជាប់ បណ្តឹងអាជ្ញា ( ដាក់ក្រោម​ការត្រួត​ពិនិត្យ​តុលាការ ) និង ៦ករណី មានជនរងគ្រោះ  ១៧នាក់ កំពុងត្រូវ​បានឃុំ​ខ្លួន​បណ្តោះអាសន្ន  ម្នាក់ធ្លាក់​ខ្លួនមាន​ជម្ងឺធ្ងន់ធ្ងរ រហូតដល់​ស្លាប់ក្រោយ​ពេលបញ្ជូន​ដល់មន្ទីរពេទ្យ ។

របាយការណ៍នេះ​ ក៏បាន​បង្ហាញ​អំពីករណី​ប្រជាសហគមន៍​វិវាទដីធ្លី​ជាប់បណ្តឹង​អាជ្ញា និងដាក់​ឲ្យស្ថិត​នៅក្រោម​ការត្រួត​ពិនិត្យ​របស់​តុលាការ ដែលមាន​ច្រើននៅ​ខេត្តមួយ​ចំនួនដូចជាៈ  ខេត្តត្បូងឃ្មុំ ៤៤នាក់  ខេត្តឧត្តរមានជ័យ ២៨នា​ក់ ​ខេត្តកណ្តាល ២១នាក់  ខេត្តក្រចេះ ១៨នាក់ និងខេត្តកំពង់ស្ពឺ ១៥នាក់ ។

ករណី​ខេត្តកណ្តាល នៅក្នុងឆ្នាំ២០២១ វិវាទដីធ្លីធំៗ​បានកើន​ឡើង​ខ្ពស់ មានលក្ខណៈ​ធ្ងន់ធ្ងរ  ប្រើអំពើ​ហិង្សា​​វាយ​បង្រ្កាប ចាប់ខ្លួន ឃុំខ្លួន បាញ់ប្រហារ ធ្លាក់ខ្លួន​ឈឺធ្ងន់​ក្នុងពន្ធនាគារ​ដូចជា ករណីវិវាទ​នៅស្រុក​កណ្តាលស្ទឹងរវាង​ក្រុមហ៊ុន​អូស៊ីអាយស៊ី​ធ្វើព្រលាន​យន្តហោះ  ករណីវិវាទ​នៅក្នុង​ស្រុកស្អាង​ស្លាប់សកម្មជន​ម្នាក់ក្រោយ​ពេលបញ្ជូន​ពីពន្ធនាគារ​ដល់មន្ទីពេទ្យ​ជ័យជំនះ និងករណី​វិវាទ​ស្រុកអង្គស្នួល កម្លាំង​ប្រដាប់អាវុធ​បាញ់រះ​ត្រូវប្រជា​ពលរដ្ឋ​ម្នាក់​របួស​ធ្ងន់ធ្លាយ​ស្មាខាង​ឆ្វេង។

របាយការណ៍​បានរក​ឃើញថា ​ កត្តា​ចម្បង​ដែល​នាំឲ្យមាន​ការចាប់ខ្លួន-ចោទប្រកាន់-ឃុំខ្លួន ប្រជាពលរដ្ឋ​ក្នុងរឿងវិវា​ទដីធ្លី គឺ​ដើម្បីបំបាក់​ស្មារតី​ប្រជាពលរដ្ឋ​ម្ចាស់ដី ឲ្យពួក​គាត់លែង​ហ៊ានប្រើ​សិទ្ធិ ក្នុងការទាម​ទារ​តវ់ាស្វែង​រកយុត្តិធម៌ ដូចជាករណីវិវាទ​ដីធ្លីនៅ​ភូមិស្រែប្រាំង ​ខេត្តត្បូងឃ្មុំ មានការ​ប្រើប្រាស់​គ្រឿង​ចក្រឈូស​ឆាយ​ស្រែដំណាំ បាញ់​គម្រាម​កំហែង ចោទប្រជាស​ហគមន៍​ជាច្រើននាក់ និងឃុំខ្លួន ០៣នាក់ – វិវាទ​នៅភូមិថ្នល់បត់ ខេត្តបន្ទាយមានជ័យ បានចោទ​ប្រកាប់​ប្រជាសហគមន៍ ព្រមទាំង​ចាប់ដាក់ខ្នោះ​​ -វិវាទ​នៅតំបន់​ឧទ្យាជាតិរាម ខេត្តព្រះស៊ីហនុ បានប្រើ​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះជា​មួយ​​គ្រឿង​ចក្ររុះរើ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ ចោទ​ប្រកាន់ និងឃុំខ្លួន​ជាច្រើន​នាក់ – វិវាទនៅ​ស្រុកឱរ៉ាល់ ស្រុកស្ទឹងច្រាល ស្រុកថ្ពង ខេត្តកំពង់ស្ពឺ -វិវាទដីធ្លី​នៅជីខលើ ខេត្តកោះកុង ជាមួយ​ក្រុមហ៊ុន​ហេងហ៊ុយ​អភិវឌ្ឍន៍ – វិវាទ​នៅភូមិបឹងឈូក រាជធានីភ្នំពេញ ជាមួយប្រជា​ពលរដ្ឋ​សហគមន៍​បឹងឈូកអា ។

ករណី​ប្រើឥទ្ធិពល​អ្នកមាន​អំណាច-មានទ្រព្យក្រុមហ៊ុន ( ខ្វះការពិ​គ្រោះយោបល់​ជាសាធារណៈនៃគម្រោង​អភិវឌ្ឍន៍ )  ដូចជាករណី​វិវាទដី​សហគមន៍​ជនជាតិ​ដើមភាគ​តិច​ព្នង ​នៅឃុំក្បាល​រមាស ខេត្តស្ទឹងត្រែង ក្រោមរូបភាព​សម្បទាន​សេដ្ឋកិច្ច​រាប់ពាន់​ហិកតា – វិវាទ​ដីនៅកោះរ៉ុង ជាមួយ​ក្រុមហ៊ុន​រ៉ូយ៉ាល់គ្រុប និងនៅ​ឃុំបិទត្រាង ខេត្តព្រះស៊ីហនុ -វិវាទនៅ​ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ -វិវាទ​នៅស្រុក​បន្ទាយស្រី ខេត្តសៀមរាប​ – វិវាទនៅស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ និង​ករណីយ​មួយចំនួន​ទៀតគឺ ការអនុវត្ត​ច្បាប់មិន​ពេញលេញ និងលំអៀងៈ ​ដូចជាករណី​មេឃុំមួយ​ចំនួន ប្រកាស​លិខិតមោឃភាព​ការចុះហត្ថ​លេខា​របស់ខ្លួន​ពាក់ព័ន្ធ​ឯកសារ​លិខិតស្នើ​សុំសិទ្ធិកាន់​កាប់​ដីធ្លីលិខិត​ស្នើសុំប្រើ​ប្រាស់​ដីធ្លី លិខិត​ទិញលក់​ជាដើម ដោយ​សំអាង​ថា ការចុះហត្ថលេខា​កន្លង​មក គឺ​ដោយ​ពុំ​សូវ​យល់ដឹង​ពី​ច្បាប់ទម្លាប់​ច្រើន ដោយ​ឃើញ​ពួកគេ​អាស្រ័យផល​ជាក់ស្តែង​ ។ មានដូចជា មេឃុំត្រែងត្រយឹង ខេត្តកំពង់ស្ពឺ – មេឃុំកកោះ ​ខេត្តកំពង់ធំ – មេឃុំព្រែកត្នោត  មេឃុំកោះតូច មេឃុំបឹងទូ ស្រុកទឹកឈូ ខេត្តកំពត និងឃុំមួយ​ចំនួនទៀត​នៅក្នុង​ខេត្តកោះកុង ខេត្តមណ្ឌលគីរី ។

គោលបំណង​របាយការណ៍  ​ដើម្បីលើក​កម្ពស់​សិទ្ធិ​ប្រជាពលរដ្ឋ ​ រាល់ករណី ការចាប់ខ្លួន ចោទប្រកាន់  ឃុំខ្លួន រឿងវិវាទដីធ្លី  របាយការណ៍នេះ​ មានគោលបំណង​ស្នើរាជរដ្ឋាភិបាល តុលាការ​គ្រប់ជាន់ថ្នាក់ បង្អង់​បណ្តឹងអាជ្ញា 

បញ្ឍប់​ការចាប់ខ្លួន-ចោទប្រកាន់-ឃុំខ្លួន​ប្រជាពលរដ្ឋ​ក្នុងរឿង​វិវវាទដីធ្លី​នៅកម្ពុជា ​និងដាក់​ទោសទណ្ឌ​ចំពោះរាល់ការ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ប្រជាពលរដ្ឋ​ក្នុងរឿង​វិវាទដីធ្លី។

សូមចុចត្រង់នេះ ដើម្បីទាញយករបាយការណ៍

ច្បាប់ជាតិ

ច្បាប់/យន្តការអន្តរជាតិ

–       រដ្ឋធម្មនុញ្ញ៖ មាត្រា៣៨ និងមាត្រា៤៤

–       ច្បាប់ភូមិបាល២០០១៖ មាត្រា៥, ៣៦, ២៥៣និងមាត្រា២៦១

–       ក្រមព្រហ្មទណ្ឌ៖ មាត្រា២១៨, ២៣១, ៤១១, ៤៩៥ និងមាត្រា៤០៥

–       ក្រមនីតិវិធីព្រហ្មទណ្ឌ៖ មាត្រា២០៥,​២១៧ ​និងមាត្រា២២៣

–       ច្បាប់ស្តីពីការគ្រប់់គ្រងឃុំ-សង្កាត់៖ មាត្រា៤៣និងមាត្រា៨៤

–       សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស៖មាត្រា៩​ និងមាត្រា១៧

–       របាយការណ៍អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា

–       របាយការណ៍អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិប្រចាំកម្ពុជា

–       យន្តការពិនិត្យជាសកលតាមកាលកំណត់

–       គណកម្មាធិការសិទ្ធិមនុស្ស

–       គណកម្មាធិការលុបបំបាត់ការរើសអើងប្រឆាំងស្រ្តី

–       គណកម្មាធិការប្រឆាំងទារុណកម្ម

–       គណកម្មាធិការសិទ្ធិសេដ្ឋកិច្ច សង្គមនិងវប្បធម៌

ជាមួយគ្នានេះ របាយការណ៍​ក៍មានការផ្តល់​នូវអនុសាសន៍​មួយចំនួន សម្រាប់​ជាមូល​ដ្ឋាន​ក្នុងការពិចារ​ណារ​ផងដែរគឺ៖

  1. ​តុលាការ​គប្បីប្រើប្រាស់​យន្តការបង្អង់​បណ្តឹងអាជ្ញាៈ​ ​បញ្ឍប់ការ​ចាប់ខ្លួន-ចោទប្រកាន់-ឃុំខ្លួន គូរភាគី​ក្នុងរឿង​វិវវាទដីធ្លី​។ ផ្ទុយទៅវិញ ត្រូវដាក់​ទោសទណ្ឌ​ចំពោះបុគ្គល ឬភាគីណា​ដែលបាន​ប្រើហិង្សា​ទៅរំលោភបំពាន បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ ផ្ទះសម្បែង ផលដំណាំរ​បស់ភាគី​ម្ខាងទៀត​ដោយខុស​ច្បាប់។
  2. ចៅក្រម​ត្រូវប្រើការ​ឃុំខ្លួន​បណ្តោះអាសន្ន  ជាជម្រើស​ចុងក្រោយ​បំផុត នៅក្នុង​ដំណើរការ​នីតិវិធី (មាត្រា២០៥ ក្រមនីតិវិធីព្រហ្មទណ្ឌ) ពិសេស​ករណី​ជម្លោះដីធ្លី ។​
  3. អនុម័ត​សេចក្តីព្រាង​គោលការណ៍​ណែនាំជាតិ និងក្រប​ខណ្ឌគតិយុត្ត ការប្រើប្រាស់​កម្លាំងប្រដាប់​អាវុធ ការបង្រ្គាប​រារាំង​ សកម្មភាព​ប្រឆាំង​តវ៉ាការ​បណ្តេញចេញ ការផ្លាស់​ទីលំនៅ​របស់​ប្រជាពលរដ្ឋ​ក្នុងរឿង​វិវាទដីធ្លី ។
  4. បញ្ឍប់ការ​ប្រើកង​កម្លាំង​ប្រដាប់អាវុធ​ទៅបង្រ្កាប​អ្នក​តវ៉ាទាមទារ​ដោយសន្តិវិធី  ដើម្បីការពារ​ភាគីក្រុមហ៊ុន​និង​បុគ្គលមានទ្រព្យ-មានអំណាច ។
  5. ពិនិត្យការអនុវត្តន៍ អនុសាសន៍​របស់គណៈកម្មាធិការ​អង្គការសហប្រជាជាតិ​ពាក់ព័ន្ធ​នឹងបញ្ហាវិវាទ​ដីធ្លីប្រកប​ដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់ ។
  6. ក្រសួងពាក់ព័ន្ធតុលាការ គណៈកម្មការដោះស្រាយ​វិវាទ​ដីធ្លីពន្លឿន និងពង្រឹង​ការដោះស្រាយ​បញ្ចប់វិវាទ​ដីធ្លីដែល​នៅកកស្ទះឲ្យ​បានឆាប់រហ័ស មានតម្លាភាព យុត្តិធម៌ និងមិនលំអៀង ។
  7. ពង្រឹង និងពិនិត្យវាយ​តំលៃ​លើសមត្ថភាព និងចំណេះ​ដឹង​របស់មន្រ្តី​ពាក់ព័ន្ធ និងផ្តល់​សិទ្ធិអំណាច​ដល់ពួក​គាត់ក្នុង​ការផ្តល់​យុត្តិធម៌​ដល់គូរភាគី ។
  8. ត្រួតពិនិត្យ​វាយតម្លៃ​លើការ​អនុវត្តតួនាទី​របស់​មន្ត្រីពាក់ព័ន្ធ​ក្នុងការដោះ​ស្រាយ​វិវាទដីធ្លី  ដាក់ពិន័យ និងអនុវត្តច្បាប់​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់ ។

សូមចុចត្រង់នេះ ដើម្បីទាញយករបាយការណ៍

សម្រាប់ព័ត៌មាន​បន្ថែម ​សូមទាក់ទង ៖

លោក ស៊ឹង សែនករុណា អ្នកនាំ​ពាក្យស​មាគមការពារ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក)

ទូរស័​ព្ទ : ០៨៦ ៣២៤ ៦៦៦ / ០១៦ ៦៦ ២៦ ៤៥