ការប្រមូលផ្តុំនេះ ធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ដោយមានប្រជាពលរដ្ឋមកពីទំនប់៩៤ ភូមិអំពៅព្រៃ ភូមិស្វាយព្រៃ និងភូមិជ្រៃរយោង ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងបំណងតាមដានញត្តិដែលពួកគាត់បានដាក់ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ដោយស្នើសុំឲ្យឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ជួយកាត់ឆ្វៀលដីប្រជាពលរដ្ឋចេញពីការអភិវឌ្ឍន៍របស់គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ (ព្រលានយន្តហោះថ្មី) និងជួយផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី។ សកម្មភាពពួកគាត់តវ៉ានេះ យើងឃើញមានកាន់បដា ដោយសរសរពាក្យថា “ពួកយើងចង់បានប័ណ្ណកម្មសិទ្ធិដីធ្លី” ពួកយើងចង់បានការអភិវឌ្ឍន៍នៅនឹងកន្លែង” និង “អភិវឌ្ឍន៍ដើម្បីទាំងអស់គ្នា” ….។ តាមការបញ្ជាក់ពី លោក ស៊ុន សំបូរ ជាពលរដ្ឋរងគ្រោះដីធ្លី ប្រាប់ថា ជាលទ្ធផលមួយព្រឹកនេះ ពួកគាត់មិនទាន់បានជួបឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងមិនទាន់ទទួលបានចម្លើយយ៉ាងណាពីខាងសាលាខេត្តនៅឡើយទេ ។ លោកបញ្ជាក់បន្ថែមថា ” បើខេត្តមិនមានដំណោះស្រាយជូនពួកគាត់ទេ ពួកគាត់នឹងទៅក្រសួងដែនដី និងទៅខុទ្ទការល័យនាយករដ្ឋមន្ត្រីបន្តទៀត ។
គួរបញ្ជាក់ផងដែរថា ទីតាំងដីអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ក្នុងនោះមានប្រជាពលរដ្ឋរងផលប៉ះពាល់ចំនួន ៤៧៣គ្រួសារ និងមានផ្ទៃដីប្រមាណជា ២៦០០ហិកតា នេះបើតាម សេចក្តីថ្លែងការណ៍របស់ពលរដ្ឋដែលរស់នៅទីនោះ កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ប្រជាពលរដ្ឋមួយចំនួនស្នើសុំអភិវឌ្ឍន៍នៅនឹងកន្លែង ព្រោះនៅទីតាំងចាស់នេះ ពួកគាត់អាចរស់នៅប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃបាន ដូច្នេះហើយបានជាពួកគាត់ មិនព្រមចាកចេញឡើយ ៕