ពលរដ្ឋមាន​ជម្លោះដីធ្លីជាមួយ ឧកញ៉ា ហេង ហ៊ុយ និង ក្រុមហ៊ុន​ស្ករអំពៅ លី យ៉ុងផាត់ បានមក​ប្រមូល​ផ្តុំនៅមុខ​តុលាការ​ខេត្តកោះកុង ប្រមាណជាង ១០០នាក់

កាលពី​វេលា​ម៉ោង១:៣០នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ពលរដ្ឋមាន​ជម្លោះដីធ្លីជាមួយ ឧកញ៉ា ហេង ហ៊ុយ និង ក្រុមហ៊ុន​ស្ករអំពៅ លី យ៉ុងផាត់ បានមក​ប្រមូល​ផ្តុំនៅមុខ​តុលាការ​ខេត្តកោះកុង ប្រមាណជាង ១០០នាក់ ដែល​មកពីសហគមន៍​ចំនួនបី ៨៤៣, ១៩៥ និង​សហគមន៍៩៥៥ ស្ថិតក្នុងឃុំ ដងពែង និងឃុំជីខលើ ស្រុកស្រែ​អំបិល និងឃុំកណ្ដោល ស្រុកបូទុម​សាគរ ខេត្តកោះកុង ក្នុងបំណង​ទាមទារបីចំណុច​ធំៗដូចខាងក្រោម :

១.ទាមទារឲ្យ​ទម្លាក់ការ​ចោទ មកលើប្រជា​សហគមន៍ ចំនួន ៧នាក់ រួមមាន ១. ឃុង រ៉ុច, ២. នុយ សុ, ៣.ទូច ង៉ាន់, ៤.ទន់ ឡាយ, ៥. ភាព តេង, ៦. ឆោម រើន និង៧. ឡុង មឿន មកពីសហគន៍ ៨៤៣  នៅភូមិព្រលាន ឃុំកណ្តោល ដែលតុលាការ​ចោទពីបទ “ញុះញង់បង្កឲ្យ​មានភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់សន្តិ​សុខ​សង្គម និងធ្វើឲ្យប៉ះពាល់​ដល់ទ្រព្យ​សម្បត្តិឯកជន​របស់រដ្ឋ”។

២. ទាមទារឲ្យទម្លាក់​ការចោទ​មកលើ ក្រុមសហគមន៍ ១៩៥ ចំនួន ១០នាក់ មកពីឃុំជីខលើ ក្នុងនោះមាន ឈ្នោះ ដេត ហ៊ួ ,តើត នៅ, ហេង ជៃ, សុខ ជ័យ, ពួ ហ៊ួន,  អិន ធូ, អីប តឹង, គង់ ម៉ែន , ឆាន់ ឈឿន,  អីប វី ដែលត្រូវចោទពីបទ “ញុះញង់​ឲ្យប្រព្រឹត្​តអំពើ​បង្ក​ឲ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​សង្គម​”។

៣. ទាមទារឲ្យ​ដោះលែង​ប្រជា​សហគមន៍ ចំនួន ៩នាក់ រួមមាន ១ . ផាវ ញ៉ឺង  ស្រី, ២. ដេត ហ៊ួ ស្រី, . ៣ សុខ ជ័យ ប្រុស . ៤ ហេង ជៃយ ប្រុស, ៥. ឡាំង ជៀវ ប្រុស, ៦. យឿន ខ្មៅ ស្រី ៧. យី គន្ធា ស្រី, ៨.សេង លីន ស្រី, ៩.ទិន តាំង ស្រី ដែល​ត្រូវបានចោទ និងចាប់​ឃុំខ្លួន ទៅពន្ធនាគារ​ខេត្តកោះកុង កាល​ពីថ្ងៃ៣០​ ខែមិថុនា ឆ្នាំ២០២៣ ខណ:​ពេលដែល​ប្រជាពល​រដ្ឋទាំងនោះ ធ្វើដំណើរ​ទៅដាក់ញត្តិ​នៅក្រសួង​យុត្តិធម៌ រាជធានី​ភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍​ពីរដ្ឋ​មន្ត្រីក្រសួង​យុត្តិធម៌ ទម្លាក់ចោលការចោទប្រកាន់​លើពួកគាត់ កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។ ដោយចោទប្រកាន់ពីបទ៖ “ ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍” ដោយពួកគាត់បញ្ជាក់ថា នឹងបន្តដេក បោះតង់ និងដាំបាយ នៅមុខសាលាដំបូងខេត្តកោះកុង រហូតដល់មានការដោះលែងអ្នកទាំង៩នាក់ ដែលកំពុងជាប់ឃុំខ្លួននៅពន្ធនាគារ ឲ្យមានសេរីភាពឡើងវិញ ។

សូមបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញនេះ តុលាការខេត្តកោះកុង សម្រេចផ្ដន្ទាទោស ប្រជាសហគមន៍ ព្រលាន ចំនួន៧នាក់ ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារម្នាក់ៗ ចំនួនមួយឆ្នាំ តែទោសព្យួរ និងពិន័យជាប្រាក់ចូលរដ្ឋ ម្នាក់ៗ៥លានរៀល។

មួយករណីទៀតត្រូវបានតុលាការសម្រេច ផ្ដន្ទាទោសប្រជាសហគមន៍ ១៩៥ ចំនួន ១០នាក់ ដោយឲ្យជាប់ពន្ធនាគារ ក្នុងម្នាក់ៗមួយឆ្នាំ និងពិន័យប្រាក់ជារួមចំនួន ៤០លានរៀល ឲ្យទៅលោកឧញ៉ា ហេង ហ៊ុយ ប៉ុន្តែម្នាក់ក្នុងចំណោម អ្នកទាំង១០នាក់ ឈ្មោះ អីប វី ត្រូវបានលើកលែងចោទ ។ ក្នុងករណីអ្នកទាំង១០នេះដែរ ក៏មានពលរដ្ឋ៣នាក់ កំពុងជាប់ឃុំនៅពន្ធនាគារផងដែរ មានឈ្មោះ ហេង ជៃ , សុខ ជ័យ និង ដេត ហ៊ួ ។

សូមបញ្ជាក់ថា ករណីទាំងនេះ សមាគមអាដហុក កំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់លើដំណើរការដោះស្រាយ និងដាក់មេធាវីការពារក្តីជូនពួកគាត់ ស្របតាមនីតិវិធីច្បាប់ផងដែរ ៕