ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៨ព្រឹក ពលរដ្ឋ ៤៨នាក់ តំណាងឱ្យជាង ១៣១៨គ្រួសារ មកពី ៥ភូមិ៖ភូមិបាយសំណុំ ភូមិជើងពាត ភូមិកំពង់ព្នៅ ភូមិកោះច្បារ និងភូមិស្វាយចេក ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ ដែលមានជម្លោះជាមួយក្រុមហ៊ុន កសិកម្មយុវជនស្វាយរៀង ( ខូអិលធូឌី) ដែលពលរដ្ឋខ្លះរស់តាំងពីឆ្នាំ១៩៨០ ខ្លះឆ្នាំ២០០៨ ដែលប្រើប្រាស់អាស្រ័យផល។ បើតាមលិខិត ស្នើសុំអន្តរាគមន៍បញ្ជាក់ថាពួកគាត់មាន៖ ១-លិខិត ស្នើសុំរបស់ មេភូមិ មេឃុំ ទៅមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១, ២-សាលាកបត្រ័ព័ត៌មានកាន់កាប់ដីធ្លី ចុះថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១, ៣- ឯកសារពាក់ព័ន្ធកាន់កាប់ដី នៅក្នុងឆ្នាំ២០១៣ ក្រុមហ៊ុន កាម៉ាដេនូវេនឈ័រ (ខេមបូឌា) លីមីធីត និងក្រុមហ៊ុន អ៊ិនខេ អេហ្គ្រី (ខេមបូឌា) លីមីធីត បានធ្វើការសហការ ជាមួយក្រុមហ៊ុន យុវជនកសិកម្មស្វាយរៀងដើម្បីធ្វើការដាំដុះដំណាំអំពៅ ។ លុះដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុន យុវជនកសិកម្មស្វាយរៀង បានដាក់គ្រឿងចក្រមកជាច្រើនគ្រឿងធ្វើការកាយក្រវ៉ាត់ ឈូសឆាយបំផ្លាញផលដំណាំ និងហំព័ទ្ធយកដីរបស់ពួកគាត់ដោយមិនបានជូនដំណឹងជាមុន។ ដល់ថ្ងៃទី០១ខែ មិថុនាឆ្នាំ២០២៤ ក្រុមហ៊ុននៅតែបន្តឈូសឆាយ ដំណាំរបស់គាត់កាន់តែច្រើនឡើងៗ ព្រមទាំងប្រមាថ មើលងាយគំរាមចាប់ដាក់គុកថែមទៀត ទើបពួកគាត់ឡើងមកភ្នំពេញ ដើម្បីដាក់លិខិតស្នើសុំអន្តរាគមន៍ មកក្រសួងមហាផ្ទៃ មកខុទ្ទការល័យនាយករដ្ឋមន្ត្រី និងក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ឱ្យជួយអន្តរាគមន៍ដោះស្រាយ៕