នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២០ គម្រោងស្រ្តី និងកុមារ ដែលធ្វើការងារទប់ស្កាត់ការជួញដូរមនុស្ស បានធ្វើបទបង្ហាញទៅដល់ជនបង្គោលដែលមកពីសហគមន៍នៃបណ្តាខេត្តនានា។ ការធ្វើបទបង្ហាញនេះ គឺជាព័ត៌មានដែលមានសារៈប្រយោជន៏ ដើម្បីការពារប្រជាពលរដ្ឋក្នុងភូមិរបស់ពួកគាត់ ហើយមានគោលបំណងអោយពួកគាត់យល់ដឹងអំពីចំណាកស្រុកដោយសុវត្តិភាព និងផែនការណ៏សុវត្តិភាពមុនពេលធ្វើការចំណាកស្រុក ដែលអាចជៀសវាងការឆបោកពីសំណាកជនបោកមួយចំនួន។ ខ្លឹមសារនៃការធ្វើបទបង្ហាញ មានដូចតទៅ៖ សមាគមអាដហុក មានការិយាល័យនៅតាមបណ្តាខេត្ត/ក្រុងចំនួន ១៧ និងស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ ប៉ុន្តែអនុវត្តសកម្មភាពរបស់ខ្លួននៅទូទាំងប្រទេស មានបុគ្គលិកសរុបចំនួន ៦៤ នាក់ រួមទាំងស្រ្តី ២៣ នាក់ និងអំពីការជួញដូរមនុស្ស។
សមាគមអាដហុកមានផ្នែកសំខាន់ៗចំនួនពីរ៖
- ផ្នែកសិទ្ធិមនុស្ស និងសិទ្ធដីធ្លី
- ផ្នែកសិទ្ធិស្រ្តី និងសិទ្ធិកុមារ
ធ្វើសកម្មភាព ៣ ប្រភេទ:
- សកម្មភាពស៊ើបអង្កេត ឃ្លាំមើល និងអន្តរាគមន៍៖ មានការស្វែងរកការពិតតាមករណីនីមួយៗ ការផ្តល់យោបល់ផ្នែកច្បាប់ និងការផ្តល់ជំនួយ ជាសម្ភារៈ ថ្លៃពិនិត្យសុខភាពនិងព្យាបាលជម្ងឺ ថ្លៃធ្វើដំណើរ រួមទាំងការវិលត្រឡប់មកស្រុកខ្មែរវិញ។
- សកម្មភាពពង្រឹងសិទ្ធិអំណាច៖ ផ្តល់វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ការរៀបចំសិក្ខាសាលា កិច្ចប្រជុំ និងការរៀបចំបង្កើតបណ្ដាញ។
- ការតស៊ូមតិ៖ មានសន្និសីទកាសែត ធ្វើសេចក្តីថ្លែងការណ៍ របាយការណ៍តាមវិស័យផ្សេងៗ សិក្ខាសាលា និងកិច្ចប្រជុំរវាងអាជ្ញាធរ តំណាងសហគមន៍ និងជនរងគ្រោះ ដើម្បីលើកទឹកចិត្តឱ្យពួកគេចែករំលែកព័ត៌មានពាក់ព័ន្ធទៅហ្នឹងជម្លោះ និងបញ្ហាប្រឈមនានា ហើយស្វែងរកនិងផ្តល់ដំណោះស្រាយ។
ផ្នែកសិទ្ធិស្រ្តី និងសិទ្ធិកុមារ មានវិសាលភាពកាងារដូចជា
- គាំទ្រជនរងគ្រោះដោយការរំលោភបំពានដូចជា៖ ករណីរំលោភសេពសន្ថវៈ ហិង្សាក្នុងគ្រួសារ ការគ្រប់គ្រង ករណីជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម ជួញដូរផ្លូវភេទ និងការរំលោភបំពានជនចំណាកស្រុក ។
- បង្កើនការយល់ដឹងអំពីបញ្ហារំលោភបំពានផ្សេងៗ និងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព
វគ្គផ្សព្វផ្សាយ (មានរយៈពេល ១ព្រឹក អនុវត្តនៅក្នុងខេត្តកំពត សៀមរាប កំពង់ចាម បាត់ដំបង ព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ)
– សិទ្ធិស្រ្តី និងកុមារ
– សមភាពយ៉េនឌ័រ
– របៀបធ្វើចំណាកស្រុកដោយសុវត្ថិភាព
– ឯកសារច្បាប់ពាក់ព័ន្ធ
III. ការតស៊ូមតិ (លើកយកបញ្ហាប្រឈមនានាមកពិភាក្សា នឹងស្វែងរកដំណោះស្រាយជួយដល់ជនងរគ្រោះ)
ជួបប្រជុំជាមួយថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធ (ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបិត្តការអន្តរជាតិ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានទូត ស្ថានកុងស៊ុលនៅបណ្តាប្រទេសទទួល និងអង្គការដៃគូ។
សេវាកម្មដែលសមាគម អាដហុក មាន ព្រមទាំងសហការជាមួយបណ្តាអង្គការដៃគូរួមមាន:
- តម្រូវការមូលដ្ឋាន (មណ្ឌលស្នាក់នៅ និងម្ហូបអាហារ…)
- សម្ភារៈទារក និងសម្ភារៈសិក្សា
- ពិនិត្យសុខភាព និងព្យាបាល
- ប្រឹក្សាយោបល់ផ្នែកស្មារតី និងការព្យាបាល
- ផ្តលមេធាវី
- សំបុត្រយន្តហោះត្រឡប់មកកាន់មាតុប្រទេសវិញ
- ធ្វើដំណើរត្រឡប់ទៅផ្ទះវិញ
- ផ្តល់ជំនាញវគ្គខ្លី
- ផ្តល់ជំនួយអាជីវកម្មខ្នាតតូច
- ការប្រឹក្សាយោបល់ផ្សេងៗតាមការចាំបាច់
អត្ថបទ និងរូបថត៖ ហ៊ុច យ៉ាដា