ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ សាលាដំបូងរាជធានីភ្នំពេញ បានបន្តសវនាការលើកទី៦២ លើសំណំរឿង លោក កឹម សុខា ហើយ ប្រធានក្រុមប្រឹក្សាជុំនំជុំរះ លោក កូយ សៅ បានប្រកាសបញ្ចប់ការសួរដេញដោលលើអង្គហេតុទាំងមូល និងបានទុកពេលឱ្យភាគីទាំងពីរធ្វើសេចក្តីសន្និដ្ឋាន ឬសារណា និងស្នើសុំពេលវេលាធ្វើសារណា ។ ក្នុងខណៈកំពុងកំណត់រយៈពេលធ្វើសារណា ព្រះរាជអាជ្ញា លោក ប្លង់ សុផល បានស្នើសុំរយៈពេល ៣ខែ រីឯ លោកមេធាវី លី ច័ន្ទតុលា ដែលជាដើមបណ្តឹងរដ្ឋប្បវេណីបានស្នើសុំរយៈពេល ២ខែ ចំណែក លោក មេធាវីការពារជនជាប់ចោទ លោក អាង ឧត្តម ដែលបានការពារក្តីឱ្យ លោក កឹម សុខា បានធ្វើការស្នើសុំរយៈពេលត្រឹមតែ ២សប្តាហ៍ប៉ុណ្ណោះ។ ទោះបីមានការស្នើសុំពីគ្រប់ភាគីទាំងពីរយ៉ាងណាក៏ដោយក៏ លោកចៅក្រម បានសម្រេចទុករយៈពេល២ខែ ស្របតាមសំណើរបស់លោកមេធាវីដើមបណ្តឹងរដ្ឋប្បវេណី ការពារឲ្យរដ្ឋាភិបាល ដោយគិតចាប់ពីពេលនេះតទៅ ហើយនឹងចាប់ផ្តើមបើកសវនាការបន្ត នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ដោយកំណត់ពេលវេលាដាក់ សេចក្តីសន្និដ្ឋានភាគី និងសារណា ជូនតុលាការឱ្យបានមុន បើតាមការឯកភាពគ្នា គឺដាក់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២។ ក្នុងសវនាការថ្ងៃនេះផងដែរ សមាគមអាដហុកបានសង្កេតឃើញមានការចូលរួមឃ្លាំមើលពី តំណាងស្ថានទូតសហរដ្ឋអាមេរិក, ស្ថានទូតជប៉ុន, ស្ថានទូតសហភាពអ៊ឺរ៉ុប, និងអង្គការសង្គមស៊ីវិល មានសមាគមអាដហុក, អង្គការលីកាដូ, សារព័ត៌មានវីអូឌី, សារព័ត៌មានខ្មែរថាមស៍ និងសារព័ត៌មានខេមបូចា៕