បើកវគ្គបណ្តុះបណ្តាលស្តីពី “អំពើជួញដូរមនុស្ស កេងប្រវ័ញ្ជកំលាំងពលកម្ម និងសុវត្តិភាពចំណាកស្រុក”

សមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តកំពង់ចាម និងត្បូងឃ្មុំបានបើកវគ្គបណ្តុះបណ្តាលស្តីពី “អំពើជួញដូរមនុស្ស កេងប្រវ័ញ្ជកំលាំងពលកម្ម និងសុវត្តិភាពចំណាកស្រុក” រយៈពេលពេញមួយថ្ងៃ នៅភូមិ ត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។ ក្នុងវគ្គនេះមានអ្នកចូលរួមចំនួន ៣០នាក់ដែលបានជ្រើសរើសពីវគ្គផ្សព្វផ្សាយស្តីពី ទេសន្តប្រវេសន៏ និងសុវត្តិភាពចំណាកស្រុកកន្លងមក ហើយចំនួនអ្នកចូលរួមនេះត្រូវបានកំណត់ក្នុងគោលបំណង ដើម្បីផ្តល់ចំណេះដឹងសម្រាប់សហគមន៍ស្វែងយល់ពីកិច្ចការពារអំពើជួញដូរមនុស្ស កេងប្រវ័ញ្ជកម្លាំងពលកម្ម និងសុវត្តិភាពចំណាកស្រុក នៅកម្ពុជា និងធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានសុវត្តិភាព ដើម្បីជំរុញ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋសិក្សាស្វែងយល់អំពីច្បាប់ជួញដូរ រំលោភសេពសន្ថវៈ ល្បិចមេខ្យល់ ការជួញដូរមនុស្ស និងការធ្វើចំណាកស្រុក យល់ដឹង និងស្វែងរកសេវាឲ្យជួយគាំទ្រ និងអាចជួយដល់ខ្លួន គ្រួសារ ជនរងគ្រោះ និងសហគមន៍។
ក្រោយពេលចប់វគ្គបណ្តុះបណ្តាលនេះអ្នកចូលរួម ៣០នាក់ ត្រូវបានជ្រើសរើសចំនួន ០៥នាក់ ដើម្បីក្លាយជាប្រជាពលរដ្ឋសកម្មក្នុងការជួញគាំទ្រ និងផ្តល់ព័ត៌មាន ទាក់ទងនឹង ករណីនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ជកំលាំងពលកម្ម ជូនដល់អាជ្ងាធរមូលដ្ឋាន និងអង្គការអាដហុក។