បុគ្គលិកណាហ្គាវើលដ៍ ជាច្រើនរយនាក់ បានចាប់ផ្តើមធ្វើកូដកម្មទាមទារ ៣ថ្ងៃជាបន្តបន្ទាប់មកហើយ ចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣នេះ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ។ បើយោងតាមសេចក្តីជូនដំណឹងរបស់តំណាងភាគីកម្មករនិយោជិត ក្នុងការដោះស្រាយវិវាទ រវាងកម្មករនិយោជិត និងក្រុមហ៊ុនណាហ្គាវើលដ៍ កូដកម្មនេះធ្វើឡើង ក្នុងបំណង ដើម្បីទាមទាររកដំណោះស្រាយចំណុចមួយចំនួនដូចខាងក្រោម៖
១- ទាមទារឲ្យក្រុមហ៊ុនទទួលយកថ្នាក់ដឹកនាំសហជីព សមាជិកប្រតិភូបុគ្គលិក និងកម្មករនិយោជិតសរុបចំនួន ៣៧៣នាក់ ដែលមិនព្រមទទួលយកសំណងបញ្ចប់កិច្ចសន្យាការងារ ចូលបម្រើការងារនៅកន្លែងដើមវិញ រួមទាំងផ្តល់ប្រាក់រំលឹកផ្សេងៗ គិតតាំងពីថ្ងៃបញ្ឈប់ រហូតដល់ថ្ងៃចូលធ្វើការវិញ។
២- ទាមទារឲ្យក្រុមហ៊ុន គិតប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារបង្គ្រប់បន្ថែមឲ្យបានត្រឹមត្រូវ សម្រាប់កម្មករនិយោជិតដែលត្រូវបានកាត់ចេញតាមគម្រោងកាត់បន្ថយបុគ្គលិក និងព្រមទទួលយកសំណងរបស់ក្រុមហ៊ុនក្នុងអំឡុងខែមេសា និងខែបន្តបន្ទាប់ក្នុងឆ្នាំ២០២១ ព្រមទាំងរក្សាកន្លែងការងារឲ្យពួកគាត់រយៈពេល២ឆ្នាំ ដោយអនុឡោមតាមមាត្រា៩៥ ច្បាប់ស្តីពីការងារ និងសេចក្តីបង្គាប់ក្រុមប្រឹក្សាអាជ្ញាកណ្តាលលេខ០១២/២១ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចវិវាទទី៣។
៣-ទាមទារឲ្យក្រុមហ៊ុនអនុវត្ត សេចក្តីបង្គាប់ក្រុមប្រឹក្សាអាជ្ញាកណ្តាលលេខ០១២/២១ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចវិវាទទី៣ ដោយគិតប្រាក់បញ្ចប់កិច្ចសន្យាការងារបង្គ្រប់បន្ថែមឲ្យបានត្រឹមត្រូវសម្រាប់កម្មករនិយោជិត ដែលត្រូវបានបញ្ឈប់មិនត្រឹមត្រូវតាមច្បាប់ស្តីពីការងារក្នុងអំឡុងចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១។
៤-ទាមទារឲ្យក្រុមហ៊ុនផ្តល់ប្រាក់បំណាច់អតីតភាពការងារ និងប្រាក់រំលឹកអតីតភាពការងារឲ្យបានត្រឹមត្រូវតាមច្បាប់សម្រាប់ឆ្នាំ២០២០ និងឆ្នាំ២០២១ ដូចបានចង្អុលបង្ហាញពីរបៀបគណនាប្រាក់បំណាច់ក្នុងចំណុចវិវាទទី៣ នៃសេចក្តីបង្គាប់ក្រុមប្រឹក្សាអាជ្ញាកណ្តាលលេខ០១២/២១ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។
៥- ទាមទារឲ្យ ក្រុមហ៊ុនផ្តល់ប្រាក់បន្ថែមស្មើនឹង ៧%(ប្រាំពីរភាគរយ)លើប្រាក់ឈ្នួលគោលបច្ចុប្បន្នឲ្យកម្មករនិយោជិតទាំងអស់ ដើម្បីបំពេញអតិផរណាតម្លៃទំនិញលើទីផ្សារក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១។
៦- ទាមទារឲ្យ ក្រុមហ៊ុនបញ្ឈប់ការកេងប្រវ័ញ្ចតាមរយៈប្រើប្រាស់កម្មករនិយោជិតក្រោមស្លាក កម្មសិក្សា និងប្តូរពួកគាត់ឲ្យក្លាយជាកម្មករនិយោជិតពេញសិទ្ធិដូចកម្មករនិយោជិតផ្សេងៗទៀត។ សម្រាប់កម្មករនិយោជិតដែលក្រុមហ៊ុនបានបញ្ចប់កិច្ចសន្យាកម្មសិក្សាកន្លងមក ហើយពួកគាត់មិនព្រមទទួលយកការបញ្ចប់កិច្ចសន្យានេះ ក្រុមហ៊ុនត្រូវបន្តកិច្ចសន្យាការងារឲ្យពួកគាត់ជាបុគ្គលិកពេញសិទ្ធិវិញ។ ដោយឡែកសម្រាប់កម្មករនិយោជិតកម្មសិក្សាដែលព្រមទទួលយកការបញ្ចប់កិច្ចសន្យា ក្រុមហ៊ុនត្រូវទូរទាត់ប្រាក់បំណាច់ និងអត្ថប្រយោជន៍ផ្សេងៗឲ្យបានត្រឹមត្រូវតាមច្បាប់។
៧- ទាមទារឲ្យ ក្រុមហ៊ុនពិនិត្យឡើងវិញលើការទាមទារដកប្រធានផ្នែកកាស៊ីណូ លោក Florian Pastiu ពីកម្មករនិយោជិតផ្នែកកាស៊ីណូ នាពេលកន្លងមក។
៨- ទាមទារឲ្យ ក្រុមហ៊ុនអនុវត្តន៍សេចក្តីបង្គាប់ក្រុមប្រឹក្សាអាជ្ញាកណ្តាលលេខ៤៧/០៩ ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០០៩ ត្រង់ចំណុចវិវាទទី៤ ដោយផ្តល់ប្រាក់ឈ្នួលគោលស្មើគ្នា ដល់កម្មករនិយោជិតដែលជាជនជាតិខ្មែរ និងកម្មករនិយោជិតដែលជាជនជាតិបរទេស ដែលមានឋានៈដូចគ្នា និងនៅផ្នែកដូចគ្នា។
៩- ទាមទារឲ្យ ក្រុមហ៊ុនអនុវត្តន៍សេចក្តីបង្គាប់ក្រុមប្រឹក្សាអាជ្ញាកណ្តាល៖
-លេខ១០/១០ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១០ ត្រង់ចំណុចវិវាទទី២ ឲ្យទទួលយកអតីតថ្នាក់ដឹកនាំ សហជីព និងប្រតិភូបុគ្គលិក ចំនួន០៤នាក់ ចូលធ្វើការវិញ និងគិតប្រាក់រំលឹកនិងអត្ថប្រយោជន៍ពាក់ព័ន្ធផ្សេងៗទៀត។ -លេខ៧៨/១០ ចុះថ្ងៃទី០៦ ខែកញ្ញា ២០១០ ត្រង់៖
ចំណុចវិវាទទី២៖ ទទួលយកអតីតកម្មករនិយោជិតចំនួន០២នាក់ ចូលបម្រើការងារនៅកន្លែងដើមវិញនិងផ្តល់ប្រាក់រំលឹកចាប់ពីថ្ងៃបញ្ឈប់ រហូតដល់ថ្ងៃចូលធ្វើការវិញ រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត។
ចំណុចវិវាទទី៣៖ ផ្តល់ប្រាក់បញ្ចប់កិច្ចសន្យាបង្គ្រប់បន្ថែមតាមច្បាប់ឲ្យកម្មករនិយោជិតចំនួន១៨នាក់ ។
-លេខ១៨៤/២០១២ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១២ ត្រង់ចំណុចវិវាទទី១ ដោយផ្តល់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាឲ្យបានត្រឹមត្រូវដល់អតីតកម្មករនិយោជិតចំនួន០៣(បី)។
-លេខ០២៨/១៤ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៤ ត្រង់ចំណុចវិវាទី២ និងទី៣ ដែលមានអតីតកម្មករនិយោជិតបានទទួល និងមិនបានទទួលបា្រក់បំណាច់ត្រឹមត្រូវតាមច្បាប់ចំនួន០៨(ប្រាំបី)នាក់។
ស្ថានភាពនៃការទាមទារ៣ថ្ងៃកន្លងមកនេះ មានសភាពតឹងតែងខ្លាំង ដោយមានកម្លាំងសមត្ថកិច្ចចម្រុះជាច្រើនរយនាក់បានដាក់ពង្រាយ និងបិទផ្លូវពីសួនច្បារវិមានឯករាជ្យ រហូតដល់ចំណុចស្ពានកោះពេជ្រ និងបានត្រៀមរថយន្តពេទ្យ និងរថយន្តសំរាប់ចាប់ខ្លួនកូដករ ។ សមត្ថកិច្ចចម្រុះនៅតែបន្តរារាំងបាតុកម្ម ដោយពង្រាយកងកម្លាំងហ៊ុមព័ទ្ធ និងពិនិត្យមើលរាល់សកម្មភាពរបស់ក្រុមកូដករ ខណៈដែលក្រុមកូដករបានស្រែកទាមទារតាមឃោសនស័ព្ទ ការទារទារសេរីភាពសហជិពមិនមែនជាបទឧក្រិដ្ឋ! ច្រៀងបទនគររាជទាំងអស់គ្នា! និងស្រែកទាំងអស់គ្នាថា កូដកម្មៗ!
កូដកម្មទាំង២ថ្ងៃកន្លងមកមិនមានការប៉ះទង្គិចគ្នានោះទេ ប៉ុន្តែយើងមិនទាន់ដឹងថា នាថ្ងៃនេះ និងថ្ងៃបន្ទាប់មានការប៉ះទង្គិច ឬយ៉ាងណានោះទេ មុននេះបន្តិចសមត្ថកិច្ចបានជូនដំណឹងក្រុមកូដករបំបែកនៅវេលាម៉ោង ៥ ល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នេះ។
សមាគមអាដហុកនឹងបន្តឃ្លាំមើលព្រឹត្តិការណ៍នេះជាបន្តបន្ទាប់ទៀត រហូតដល់ក្រុមហ៊ុនមានដំណោះស្រាយសមរម្យណាមួយជាមួយកូដករ រហូតឈានដល់កូដកម្មបានបញ្ចប់ ។