នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៩ និង ៤៥នាទីព្រឹក សាលាដំបូងខេត្តរតនគិរី បានលើកយកសំណុំរឿងព្រហ្មទណ្ឌលេខ២២២/១២ ខែកក្កដា ឆ្នាំ២០២១ របស់សាលាដំបូងខេត្តរតនគិរី មកប្រកាសសាលក្រមជាសាធារណៈ ដែលមានសមាសភាពក្រុមប្រឹក្សាប្រកាសសាលក្រមរួមមាន៖
១-លោក វង្ស សេរី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ
២-លោក ញូង ចន្ធី ជាចៅក្រមប្រឹក្សា
៣-លោក សាយ គូហាវ ជាចៅក្រមប្រឹក្សា
៤-លោក កែវ ភក្តី តំណាងអយ្យការ និង
៥-លោក ស៊ឹម ពិសិទ្ធ ជាក្រឡាបញ្ជី
ប៉ុន្តែការប្រកាសសាលក្រមនៅព្រឹកនេះ ត្រូវបានខកខានទៅវិញ ដោយសារមូលហេតុអវត្តមានសមាសភាពក្រុមប្រឹក្សាចៅក្រមចំនួន០២រូប ចំពោះសាលក្រមនេះ នឹងលើកយកទៅប្រកាសនៅពេលក្រោយ ដោយមិនមានកំណត់កាលបរិច្ឆេទជាក់លាក់នៅឡើយ ។
សូមបញ្ជាក់ថា៖ សំណុំរឿងខាងលើត្រូវបានក្រុមប្រឹក្សាជំនុំជម្រះលើកយកមកបើកសវនាកាជាសាធារណៈ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ដែលសមាសភាពក្រុមប្រឹក្សាជំនុំជម្រះ៖
១-លោក យិន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ
២-លោក សេង ស៊ឹមសុរិយា ជាចៅក្រមប្រឹក្សា
៣-លោក សយ គូ ហាវ ជាចៅក្រមប្រឹក្សា
៤- លោក កែវ ភក្តី តំណាងអយ្យការ
៥-លោក ស៊ឹម ពិសិទ្ធ ក្រឡាបញ្ជី
ប៉ុន្តែការប្រកាសសាលក្រមត្រូវបានពន្យារហូតមកទល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ នេះ រយៈពេលជាង១ឆ្នាំដោយមិនមានមូលហេតុច្បាស់លាស់ឡើយ ។ នៅក្នុងសំណុំរឿងនេះ បណ្តឹងបរិហារមានឈ្មោះ៖
១-លោក ឆន ផល្លា ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគាដោយសារតែលោកធ្វើសកម្មភាពសកម្មក្នុងការការពារព្រៃឈើ និងប្តឹងអាជ្ញាធរក្នុងសំណុំរឿងខាងលើ
២-ឈ្មោះ លោក កែវ ហ្វើញ សកម្មជនសហគមន៍ការពារព្រៃឈើ និង
៣-លោក ស៊ី ថាន់ញ៉ាន់ សកម្មជនសហគមន៍ការពារព្រៃឈើ អ្នកទាំងបីមានទីលំនៅបច្ចុប្បន្នរស់នៅភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគីរី ចំណែកជនជាប់មានឈ្មោះ៖
១-ខាំ ផសាវ៉ាត ភេទប្រុស អាយុ៤០ឆ្នាំ ជាមេភូមិ និង
២-អង់ ប៊ុនថៀង ភេទប្រុស អាយុ៦៧ឆ្នាំ មេឃុំសេដា ស្រុកលំផាត់ខេត្តរតនគិរី
អ្នកទាំងពីរត្រូវបានសាលាដំបូងខេត្តរតនគិរីធ្វើការចោទប្រកាន់ ពីបទ មិនប្តឹងបរិហារបទល្មើសឧក្រិដ្ឋ និងការលើកលែងកាប់រានឈូសឆាយដីព្រៃ ហ៊ុមព័ទ្ធ កាន់កាប់ដីព្រៃ ប្រព្រឹត្តនៅភូមិសាមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី កាលពីកំឡុងឆ្នាំ២០១៧ បទល្មើសដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៥២៩ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៩៧ ចំណុច៦ច្បាប់ស្តីពីព្រៃឈើ ។