ថ្ងៃទី២ នៃយុទ្ធនាការហែរក្បួនខួបលោកបណ្ឌិត កែម ឡី របស់យុវជន និងព្រះសង្ឈ ត្រូវបានរារំាង និងឃាត់ខ្លួន ដោយសមត្ថកិច្ចក្រុងដូនកែវ
សមត្ថកិច្ចក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ នេះ បានដាក់ពង្រាយកងកម្លាំងចំរុះប្រមាណ ១០០នាក់ ធ្វើការរារាំង ការហែរក្បួនរបស់ក្រុមព្រះសង្ឃ និងយុវជនខ្មែរថាវរៈ (KT), ក្រុមយុវជន NOT1MORE (N1M) និងសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ដែលមានបំណងហែរក្បូនក្រើនរំលឹកដល់ពលរដ្ឋ និងសាធារណៈជនថា ថ្ងៃស្អែកនេះជាថ្ងៃរំលឹកខួប ៤ឆ្នាំ នៃឃាតករបាញ់សម្លាញ់លោកបណ្ឌិត កែម ឡី ដោយមានចែកនូវបណ្តោងសោរដែលមានរូបលោកបណ្ឌិត កែម ឡី សៀវភៅដែលសរសេរអំពីលោកបណ្ឌិត កែម ឡី និងចង់បញ្ជាក់ថា ក្រុមព្រះសង្ឃ និងយុវជនទាំងនេះ នៅតែចងចាំនូវវីរៈភាពលោកបណ្ឌិត កែម ឡី ជានិច្ច ។
សូមបញ្ជាក់ថា កាលពីបួនឆ្នាំមុនគឺ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ លោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គមដ៏ល្បីឈ្មោះមួយរូប ត្រូវបានឃាតករបាញ់សម្លាប់ខណៈពេលលោកកំពុងអង្គុយទទួលទានកាហ្វេ នៅក្នុងស្តាម៉ាតស្ថាននីយលក់ប្រេងឥន្ទនៈកាល់តិចស្តុបបូកគោ ហើយរហូតមកដល់ពេលនេះ ប្រពន្ធ និងកូនរបស់លោកដែលកំពុងរស់នៅភៀសខ្លួន ដោយការភ័យខ្លាចព្រមទាំងក្រុមគ្រួសារ នៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ ក្រៅតែពីសមត្ថកិច្ចបានចាប់ឃុំខ្លួនបុរសម្នាក់ឈ្មោះ អ៊ឿត អាង ហៅជួបសម្លាប់ ដាក់ពន្ធនាគារតែប៉ុណ្ណោះ ។
ក្នុងព្រឹត្តិការណ៍នាព្រឹកនេះដែរ នៅវេលាម៉ោងប្រហែល ៨កន្លះ បន្ទាប់ពីក្រុមព្រះសង្ឃចំនួន ៨អង្គ និងយុវជនចំនួន ១៩នាក់ ដើរហែរក្បួនចេញពីផ្ទះលោកបណ្ឌិត កែម ឡី នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ព្យាយាមហែរចូលក្រុងដូវកែវ (ទីរួមខេត្តតាកែវ) ត្រូវបានសមត្ថកិច្ចចំរុះប្រមាណជា ១០០នាក់ បានដាក់រនាំងការពារមិនឲ្យក្រុមព្រះសង្ឃ និងយុវជនហែរក្បួនចូលទៅទីប្រជុំជនឡើយ ។ ក្នុងខណៈនោះផងដែរ សមត្ថកិច្ចក្រុងដូនកែវ បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ស៊ឹប សម្បត្តិ អាយុ ៤០ឆ្នាំ ជាអ្នករត់គង់បីឥណ្ឌា ដែលបានដឹកសម្ភារៈ និងព្រះសង្ឃ យុវជនមកពីរាជធានីភ្នំពេញ ធ្វើការសាកសួរជាងមួយម៉ោង រួចក៏ឲ្យផ្តិតមេដៃលើកំណត់ហេតុ ទើបបានដោះលែងវិញ ។ បន្ទាប់ពីបញ្ចៀសឲ្យហែរក្បួនចូលក្រុងដូនកែវ សមត្ថកិច្ចបានតាមឃ្លាំមើល និងរារាំងជាលើកទី២ ដោយមានមន្ត្រីសង្ឃខេត្តតាកែវ ប្រមាណជា ៦អង្គ មកធ្វើការសួរនាំរកច្បាប់ទំលាប់ដល់ក្រុមព្រះសង្ឃដែលបានចូលរួមហែរក្បួន ជាមួយយុវជនទាំងនោះ ។ បន្ទាប់ពីមានការសម្របសម្រួលគ្នារួច ក្រុមព្រះសង្ឃ និងយុវជនក៏បានហែរក្បួនតាមផ្លូវក្រវ៉ាត់ក្រុងដូនកែវ ត្រលប់ចូលមកផ្ទះលោកបណ្ឌិត កែម ឡី វិញ ដោយមិនមានហិង្សាអ្វីកើតឡើងនោះទេ ។
សកម្មភាពរបស់អាជ្ញាធរខាងលើនេះ ជាហេតុបណ្តាលឲ្យក្រុមយុវជន និងអ្នកដែលប្រឡាញ់ គាំទ្រលោកបណ្ឌិត កែម ឡី មិនអាចធ្វើការហែរក្បួនចូលក្រុងដូនកែវ បានតាមបំណងដែលបានគ្រោងនោះឡើយ ក៏បង្ខំចិត្តដើរហែរតាមផ្លូវដែលក្រុមអាជ្ញាធរធ្វើការបញ្ចៀសនៅផ្លូវជុំវិញក្រុងដូនកែវ ដោយមានការតាមឃ្លាំមើលពីសំណាក់ក្រុមសម្ថកិច្ចចំរុះទាំងនោះជាប់ជានិច្ច ។