ជិត២ឆ្នាំ កូដករក្រុមហ៊ុនណាហ្គាវើលដ៍នៅតែបន្តធ្វើកូដកម្មស្វែងរកដំណោះស្រាយ

នៅថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង២នឹង៣០នាទី ក្រុមកូដករបុគ្គលិករបស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ប្រហែលជាង ២០នាក់ បានមក​ជួប​ជុំគ្នា​នៅខាង​មុខក្រុម​ហ៊ុនណាហ្គា​វើលដ៍២ ដែល​ស្ថិតក្នុង ភូមិ៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បី​ធ្វើកូដ​កម្មទាមទារ​ឲ្យថៅកែ​ក្រុមហ៊ុន​ដោះស្រាយ​បញ្ចប់វិវាទការងារ​ឲ្យពួកគេបាន​ចូលធ្វើការងារ​វិញ និងស្នើសុំអន្តរាគមន៍​ពីនាយករដ្ឋមន្ត្រីថ្មីដោះស្រាយ​វិវាទនេះ និង​ស្នើឲ្យ​តុលាការ​ដោះលែង កញ្ញា ឈឹម ស៊ីថរ ទម្លាក់ចោល​បទចោទប្រកាន់​មកលើសមាជិក​សហជីព​របស់ពួកគេ។ សកម្មភាព​របស់ពួកគេគឺ ឈរលើកបដា វាយស្គរ ស្រែក​ទាម​ទា​រ​ដោយមាន​ភ្ជាប់រូប​ថតនាយករដ្ឋមន្ត្រីថ្មី រូបរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈថ្មី និងរូបថៅកែណាហ្គវើលដ៍។ នៅជិត​កូដក​រឃើញ​មានសន្តិសុខ​របស់​ក្រុមហ៊ុនប្រហែល ជាង១០នាក់ បានឈរការពារ​ជាប់នឹងក្រុមកូដករ ចំណែក​នៅខាង​មុខក្រុម​ហ៊ុនមាន​ក្រុមជន​ស៊ីវិល​ប្រហែល៥ឬ៦នាក់បានតាមថតរូបកូដករ និងអ្នកឃ្លាំមើលជាប្រចាំ។
គួរបញ្ជាក់ថា ក្រុមកូដករណាហ្គាវើលដ៍ នៅតែបន្តធ្វើកូដកម្មទាមទារ ឱ្យមានការដោះស្រាយ ចាប់តាំពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ដែលអូសបន្លាយពេលជាយូរណាស់មកហើយ និងមានការជួបចរចារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ជាច្រើនលើក ហើយបានដាក់ញត្តិទៅក្រសួងការងារ ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក៏ដូចជាភាគីពាក់ព័ន្ធជាច្រើនលើកមកហើយ រួមទាំងថ្នាក់ដឹកនាំ សហភាពសហព័ន្ធ សម្ពន្ធ័សហជីព សហជីពមូលដ្ឋាន និងអង្គការសមាគម ដែលធ្វើការលើវិស័យការពារសិទ្ធិមនុស្ស និងលើកកម្ពស់សិទ្ធិការងារ ដើម្បីស្នើឱ្យមានដំណោះស្រាយបញ្ចប់វិវាទការងារផងដែរ ប៉ុន្តែតែរហូតមកទល់ពេលនេះ មិនទាន់មានដំណោះស្រាយបញ្ចប់វិវាទនេះនៅឡើយទេ ៕