គម្រោង​ពង្រឹង​សំឡេង​សង្គម​ស៊ីវិល “ការលើក​កម្ពស់​សេរីភាព​មូលដ្ឋាន​ ជាពិសេស​ សេរីភាព​បញ្ចេញ​មតិ” កម្ម​វិធី​កិច្ច​សន្ទនា​ជាមួយអាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ

គម្រោង​ពង្រឹង​សំឡេង​សង្គម​ស៊ីវិល

“ការលើក​កម្ពស់​សេរីភាព​មូលដ្ឋាន​ជាពិសេស​សេរីភាព​បញ្ចេញមតិ”

កម្មវិធី​កិច្ចសន្ទនា​ជាមួយ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ

អគ្គលេខាធិការ និងប្រធាន​ផ្នែក​សិទិ្ធ​មនុស្ស និងដីធ្លី​នៃ​សមាគម​អាដហុក បានដឹក​នាំក្រុម​ការងារ​ជួបពិភាក្សា​ការងារ​ជាមួយ អភិបាល​នៃគណៈ​អភិបាល​ខេត្ត និង​មន្ត្រីជំនាញ​នៃអាជ្ញាធរ​រដ្ឋបាល​ខេត្ត កាល​ពីព្រឹក​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នៅខេត្ត​កោះកុង និង​ខេត្ត​ស្ទឹងត្រែង។ សមាគម​អាដហុក​បានថ្លែង​អំណរ​គុណដល់​អាជ្ញាធរ​ខេត្ត​ដែលកន្លង​មកបាន​ផ្តល់កិច្ចស​ហការ និងគាំទ្រ​នូវការ​អនុវត្ត​គម្រោង​នានា​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល សមាគម និងសហគមន៍​នានា​តាម​មូល​ដ្ឋាន ជាពិសេស​គម្រោង​សកម្មភាព​របស់​សមាគម​អាដហុក​នៅក្នុង​ខេត្តទាំងពីរ​ក្នុងរយៈ​កាល​កន្លង​មក ។

ទន្ទឹម​នឹង​កិច្ច​សហការ​ល្អ នៅក្នុង​កិច្ចសន្ទនា​នោះ​ សមាគមអាដហុក​ក៏បាន​លើកឡើង​នូវបញ្ហា​ប្រឈមនានា​មួយចំនួន​ដែលអង្គការ សមាគម ក៏ដូច​ជាសហគមន៍ បានជួប​ប្រទះ​នៅតាម​មូលដ្ឋាន​ខ្លះៗ​នាពេល​កន្លង​មកជូនដល់ គណៈអភិបាលនៃ​ខេត្តទាំង​ពីរ មានដូច​ខាងក្រោម​ផងដែរ៖

១. សមត្ថកិច្ច និងអាជ្ញាធរ​មូលដ្ឋាន​ខ្លះ តែងតែ​តាមដាន​ប្រជាពល​រដ្ឋ ដែលចូល​រួម​វគ្គបណ្តុះ​បណ្តាល ផ្សព្វផ្សាយ ជាមួយ​សមាគម​អាដហុក និងអង្គការ​ផ្សេងៗ ដែលចុះ​មកអនុវត្ត​គម្រោង​នៅតំបន់​គោលដៅ​របស់  ខ្លួន។ សកម្មភាព​ទំាងនោះ​រួមមាន៖ ការចុះ​មកតាម​ដាន និងឃ្លំា​មើល ថតរូប​ថតសកម្ម​ភាព​នានា សួរ​រកលិខិតអនុញ្ញាតិ​ច្បាប់​ចុះមក​បើកវគ្គ ឬផ្សព្វផ្សាយ សាកសួរ​រកប័ណ្ណ និងថតប័ណ្ណ​សំគាល់​ខ្លួនរបស់​បុគ្គលិក លិខិត​បេសកកម្ម ថតបញ្ជី​វត្តមាន​អ្នកចូលរួម ថតម៉ូតូ រថយន្ត និងផ្លាកលេខ ។

២. សមត្ថកិច្ច និងអាជ្ញាធរ​មូលដ្ឋាន តែង​ឃ្លំាមើល​តាមដាន តំណាង​ប្រជាសហគមន៍​នៅពេល​ដែលពួក​គាត់ធ្វើ​ដំណើរ​ទៅណា​មកណា ដូចជា៖ ការមក​ចូលរួម​ប្រជុំ ការណ្តុះ​បណ្តាល និងសិក្ខា​សាលា​ផ្សេងៗ ជាពិសេស​នៅពេល​សហគមន៍​ត្រូវឡើង​មកតវ៉ា​រកដំណោះ​ស្រាយ ឬដាក់​ញ្ញត្តិនៅ​សាលា​ខេត្ត ឬឡើង​ទៅភ្នំពេញ ​ដើម្បីស្វែង​រកអន្តរាគមន៍​ពីស្ថាប័ន​រដ្ឋផ្សេងៗ ពួកគាត់​តែងតែ​ជួបនូវ​ការរារំាង ការឃាត់​ដំណើរ និងបង្កការ​លំបាកផ្សេងៗ នៅពេល​ខ្លះក៏ខក​ដំណើរ និងមិន​បានទៅ​ដល់គោល​ដៅទាន់​ពេល ។

៣. តំណាង​ប្រជាពល​រដ្ឋខ្លះ​ត្រូវបាន​សមត្ថកិច្ច ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​ហៅ​ទៅសួរ​នំាពីគោល​បំណង សួរ​រកអ្នក​នៅពីក្រោយ​ខ្នង ដែលសំដៅ​លើអង្គការ​នានា ដែល​សហគមន៍​ធ្វើការ​ជាមួយ បន្ទាប់​ពីពួក​គេត្រឡប់​មកពីចូល​រួម​សកម្ម​ផ្សេងៗ​វិញ ។

៤. ការបង្កការ​លំបាក មិនឲ្យ​ប្រជាពល​រដ្ឋអាច​ចូលរួម​ប្រជុំជា​មួយក្រុម​ប្រឹក្សាឃុំ​បាន ដោយ​អាជ្ញាធរ​ខ្លះតម្រូវ​ឲ្យដាក់​លិខិត​សុំជា​មុន ដោយ​មានបញ្ជី​ឈ្មោះ​អ្នក​ចូលរួម និងរបៀបវារៈ​ដែលត្រូវ​លើក​ឡើង។ ពេលខ្លះ​អាជ្ញាធរ​ឃុំបាន​ផ្លាស់ប្តូរ​ពេល​ប្រជុំ ដោយមិន​បានជូន​ដំណឹង​មក​ប្រជាពលរដ្ឋ​ដែល​ស្នើសុំ។

៥. អាជ្ញាធរ និងសមត្ថកិច្ច​បានចោទ​ប្រកាន់​ប្រជាសហគមន៍​ដោយ​ប្រយោលថា៖ បានធ្វើ​សកម្មភាព​ដែល​មាន​ចរិត​នយោបាយ​គំាទ្រ​គណៈបក្ស​ប្រឆំាង ដូចជា៖ ចលនាមាតា​ធម្មជាតិ ក្រុមយុវជន​បរិស្ថាន សង្គ្រោះកោះកុង​ក្រៅ និងដោយ​ចោទប្រកាន់​ថា អង្គការ​សង្គមស៊ីវិល​ជាអ្នក​គំាទ្រសកម្មភាព​ទាំងនោះ ព្រមទាំង​បានភ្ជាប់សមាគម​អាដហុក​ទៅនឹង​បញ្ហា​នោះផងដែរ ។

សកម្មភាព​ទាំងអស់​ដែលអាជ្ញាធរ​មូលដ្ឋាន​ខ្លះបាន​អនុវត្ត​មកលើ​អង្គការ​សង្គមស៊ីវិល សមាគម និងសហគមន៍ ជាការ​រិតត្បិត​ទៅលើ​សេរីភាព​ជាមូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ដែលបាន​ត្រូវ​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃព្រះ​រាជា​ណាចក្រ​កម្ពុជា និងកតិកា​សញ្ញាស្តីពី សិទ្ធិពលរដ្ឋ​នយោបាយ ព្រមទាំង​មិនបាន​អនុវត្ត​ឲ្យបាន​ត្រឹមត្រូវតាម​ស្មារតី​នៃ​សេក្តីណែនាំ លេខ ២០០៦ សជណ ចុះថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ របស់​ក្រសួងមហាផ្ទៃ​ផងដែរ ។

សមាគម​អាដហុក​បាន​ស្នើដល់ អភិបាល​នៃគណៈ​អភិបាលខេត្ត​ទាំងពីរ ក្នុងការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និងអន្តរាគមន៍ ដើម្បី​សម្រួល​ដល់​សកម្មភាព​នៃការ​ជួបប្រជុំ​របស់​អង្គការ​សង្គម​ស៊ីវិល សហគមន៍​មូលដ្ឋាន និងក្រុមយុវជន​ដែលមាន​បំណង​ចង់បង្កើត​សកម្មភាព​នានាជួយ​ដល់សង្គម​កម្ពុជា។

គណៈអភិបាល​ខេត្ត បានឆ្លើយ​តប និងឯកភាព​ទៅនឹងការ​លើកឡើង​របស់​មាគមអាដហុក ដោយ​លោកបញ្ជាក់ថា អាជ្ញាធរ​របស់​លោក​នៅមូលដ្ឋានខ្លះ​មានការ​យល់ដឹង​នៅមាន​កំរិត ដូច្នេះ លោក​សន្យា​នឹង​ធ្វើការ​សម្របសម្រួល និងដោះ​ស្រាយ​នូវបញ្ហា​ដែលបាន​លើកឡើង ព្រមទាំង​ជួយធ្វើ​ការផ្សព្វផ្សាយ​បន្ថែមនូវ​ខ្លឹមសារ​លិខិត​ណែនំា​របស់​ក្រសួង​មហាផ្ទៃ ដល់អាជ្ញាធរ​ឃុំ និងស្រុក​ឲ្យបាន​ទូលំទូលាយ ដើម្បី​ជៀសវាង​ការ​យល់​ច្រឡំគ្នា នៅក្នុងការ​អនុវត្តភារៈកិច្ច និងតួរនាទី​របស់​សមត្ថកិច្ច ជាមួយ​អង្គការ​សង្គមស៊ីវិល​ដែល​អនុវត្ត​គម្រោង​សកម្មភាព​នានា​របស់ខ្លួន​នៅតាម​មូលដ្ឋាន ។ ក្នុងនោះ​លោកក៏​បានស្នើ​ឲ្យ​សមាគម​អាដហុក បើ​មានកិច្ច​ការងារ ឬបញ្ហាអ្វី សូមឲ្យ​ជួយផ្តល់​ព័ត៌មាន ឬមក​ជួបពិភាក្សា​ផ្ទាល់ជា​មួយគ្នាសិន ដើម្បី​សម្របស​ម្រួល​ដោះស្រាយ ជៀស​វាងការ​យល់​ច្រឡំ នាំឲ្យ​សាច​ទឹក​ដាក់គ្នា ។