ក្រុមអង្គការសង្គមស៊ីវិលដែលរួមមាន សមាគម សហជីព និងអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើការងារដើម្បីលើកកម្ពស់សិទ្ធិការងារ សិទ្ធិស្ត្រី និងសមភាពយេនឌ័រនៅប្រទេសកម្ពុជា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤នេះ បានការរៀបចំប្រារព្ធយុទ្ធនាការ ១៦ថ្ងៃ នៃភាពសកម្មនិយមប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ (ហៅកាត់ថា «យុទ្ធនាការ ១៦ថ្ងៃ») ក្រោមប្រធានបទ៖ «លើកកម្ពស់សិទ្ធិអំណាចស្ត្រី និងក្មេងស្រី ដើម្បីរួចផុតពីអំពើហិង្សា និងការបៀតបៀនគ្រប់ទម្រង់»។ ដែលមានអ្នកចូលរួមសរុបប្រមាណជិត ៥០០នាក់ ស្ថិតនៅទីលានប្រជាធិបតេយ្យ។ ក្នុងថ្ងៃនេះផងដែរក៏មានការដាក់ញត្តិអំពី បញ្ហាប្រឈម និងសំណូមពរ ១៦ចំណុច ទៅថ្នាក់ដឹកនាំ ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ក៏ឃើញមានតំណាងក្រសួងការងារនឹងបណ្តុះបណ្តាលវិជ្ជាជីវៈ១រូបមកទទួលញត្តិស្ថិតនៅទីតាំងកម្មវិធីផងដែរ។
យុទ្ធនាការនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីយុទ្ធនាការ១៦ថ្ងៃ ផ្ដល់ឱកាសដល់សកម្មជន ឬអ្នកការពារសិទ្ធិមនុស្សជាស្ដ្រី ទាំងក្នុងវិស័យយេនឌ័រ និងវិស័យផ្សេងៗ លើកឡើងនូវបញ្ហាប្រឈមដែលពួកគេបានជួបប្រទះកន្លងមក ព្រមទាំងធ្វើការជួបជុំដើម្បីថ្លែងសារអំពីសំណូមពររបស់ពួកគេ។ នៅឱកាសនោះដែរ សកម្មជន ឬអ្នកការពារសិទិ្ធមនុស្ស និងសិទិ្ធស្ដ្រី នឹងស្នើសុំ ក៏ដូចជាជំរុញឱ្យរាជរដ្ឋាភិបាល គោរព និងការពារសិទ្ធិមនុស្សឱ្យបានម៉ឺងម៉ាត់ ជាពិសេសចំពោះអ្នកការពារសិទ្ធិមនុស្សជាស្ដ្រី និងដោះស្រាយបញ្ហាប្រឈមរបស់ស្ដ្រី និងក្មេងស្រីឱ្យមានប្រសិទ្ធភាព។