ខួបលើកទី៨ឆ្នាំ នៃការបាញ់សម្លាប់លោក បណ្ឌិត កែម ឡី ក្រុមសមាគម អង្គការ សហជីព យុវជន សកម្មជនការពារបរិស្ថាន សហគមន៍រងគ្រោះដីធ្លី ព្រះសង្ឃ ដែលធ្វើការនៅក្នុងវិស័យសិទ្ធិការងារ វិស័យអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ សិទ្ធិមនុស្ស ប្រជាធិបតេយ្យ បរិស្ថាន និងតំណាងគណៈបក្សនយោបាយប្រមាណ ១៥០នាក់ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានមកជួបជុំគ្នានៅចំណុចស្តូបបូកគោ ជាទីកន្លែងដែលខ្មាន់កាំភ្លើងបានបាញ់សម្លាប់យ៉ាងសាហាវ កណ្តាលទីក្រុងភ្នំពេញ មកលើលោកបណ្ឌិត កែម ឡី អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ការជួបជុំនេះមានការដើរហែក្បួនពីសំណាក់យុវជន ព្រះសង្ឃ ការជួបជុំសម្តែងមតិ និងមានការបាំងថ្កូល ធ្វើឡើងក្នុងស្មារតីសាមគ្គីភាព និងអហិង្សា ដើម្បីជាការរំលឹកដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហានរបស់ លោក បណ្ឌិត កែម ឡី ក្នុងបេសកកម្មនិយាយការពិត និងលើកស្ទួយឱ្យប្រជាពលរដ្ឋខ្មែរមានភាពសកម្មចូលរួមតាមដានក្នុងកិច្ចការងារសង្គម នយោបាយ តាមរយៈការចូលរួមស្តាប់ រៀនវិភាគថ្លឹងថ្លែង ព្រមទាំងអនុវត្តនូវសិទ្ធិសេរីភាពរបស់ខ្លួនដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ ដើម្បីឱ្យមានការស្វែងរកយុត្តិធម៌ពិតសម្រាប់លោក បណ្ឌិត កែម ឡី។ ទាមទារឱ្យមានការដោះលែងលោក កើត សារ៉ាយ និងក្រុមសកម្មជនចលនាមាតាធម្មជាតិ ដែលកំពុងជាប់ឃុំ ទំលាក់បទចោទលើពួកគេ៕