ក្រុមហ៊ុន OCIC ឈួសឆាយផ្ទះប្រជាពលរដ្ឋ នៅលើដីទំនាស់ទាំងមិនទាន់មានដំណោះស្រាយ
រាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ២០២០
នៅព្រឹកថ្ងៃ២៧ ឧសភា ២០២០ សមត្ថកិច្ចចំរុះខណ្ឌជ្រោយចង្វា ប្រមាណជាង ៣០នាក់ ប្រដាប់ដោយអាវុធ និងដំបង បាននាំគ្នាការពារគ្រឿងចក្រក្រុមហ៊ុន OCIC ធ្វើការឈួសឆាយទៅលើដីពលរដ្ឋ ១គ្រួសារ ក្នុងចំណោមពលរដ្ឋ ៦៥គ្រួសារដែលកំពុងមានវិវាទ ស្ថិតនៅភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដែលមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ ។
ប្រជាពលរដ្ឋចំនួន ៦៥គ្រួសារ មានវិវាទដីធ្លី ទំហំជាង ៤០ហិកតា ជាមួយក្រុមហ៊ុន OCIC តាំងពីឆ្នាំ២០១១ មកទល់បច្ចុប្បន្ននេះ មិនទាន់មានដំណោះស្រាយនៅឡើយទេ ដោយសារតែភាគីខាងសាលារាជធានីភ្នំពេញ នៅតែប្រកាន់ជំហរផ្តល់សំណង ជូនប្រជាពលរដ្ឋ ៦៥គ្រួសារត្រឹមតែ ១០ភាគរយ នៃទំហំដីរបស់ពួកគាត់តែប៉ុណ្ណោះ ។ ចំណែកជំហររបស់ប្រជាពលរដ្ឋវិញ ទី១ ប្រកាន់ជំហរស្នើសុំកាត់ឆ្វៀល និងទី២ ចំពោះដីស្រែ និងចំការ ៥០ភាគរយ សុំលក់តាមតម្លៃទីផ្សារសេរី និង៥០ភាគរយទៀត ប្រគល់ទៅសាលារាជធានីភ្នំពេញ និងក្រុមហ៊ុន។
ខណៈដែលបញ្ហាទំនាស់មិនទាន់ត្រូវបានដោះស្រាយ សមាគមអាដហុក ស្នើរដល់អាជ្ញាធររាជធានីភ្នំពេញ និងក្រុមហ៊ុន OCIC គួរបញ្ឈប់ការឈួសឆាយបន្តទៀត ដោយរងចាំការចរចារកដំណោះស្រាយជាមួយភាគីពាក់ព័ន្ធ ដោយសន្តិវិធី ដែលទទួលយកបានជាមុនសិន ចាំបន្តការអភិវឌ្ឍន៍គំរោងវិនិយោគរបស់ខ្លួនបន្តទៀត ។
អត្ថបទ និងរូបភាព៖ ស៊ឹង សែនករុណា