ក្រុមសកម្មជនចលនាមាតាធម្មជាតិ ៥រូបត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនភ្លាមៗ

ក្រុមសកម្មជនចលនាមាតាធម្មជាតិ ៥រូប រួមមាន៖ លោក យីម លាងហុី លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនភ្លាមៗ បន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញប្រកាសផ្តន្ទាទោស ក្រោមបទចោទ ” ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់” តាមមាត្រា ៤៥៣ និង៤៣៧ នៃក្រមព្រហ្មទណ្ឌ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១០កន្លះព្រឹក។ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួន លើក្រុមមាតាធម្មជាតិរួមមាន៖ ១.លោក យីម លាងហ៊ី ២.កញ្ញា ស៊ុន រដ្ឋា ៣.លោក អាឡិច ហាន់ដ្រូហ្គន់សាឡេសដេវិតសុន ត្រូវផ្តន្ទាទោសម្នាក់ក្នុងម្នាក់ៗ ៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល។ តុលាការក៏បានសម្រេចហាមឃាត់លោក លោក អាឡិច ហាន់ដ្រូហ្គន់សាឡេសដេវិតសុន មិនឱ្យចូល ឬស្នាក់នៅក្នុងប្រទេសកម្ពុជាផងដែរ។

ចំណែក ៤. លោក លី ចាន់ដារ៉ាវុត ៥.កញ្ញា ឡុង គន្ធា ៦.កញ្ញា ភួន កែរស្មី ៧.លោក ថុន រដ្ឋា ៨.លោក ពក ខើយ ៩.លោក រ៉ៃ រក្សា ១០.លោក ប៉ិញ ពិសិដ្ឋ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗចំនួន ៦ឆ្នាំ។ មុនការចាប់ខ្លួន ពួកគេបានមកប្រមូលផ្តុំគ្នានៅក្បែរស្ថានីយប្រេងឥន្ទនៈតូតាល់ ខាងកើតស្ពានជ្រោយចង្វារ ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយពាក់បូរពណ៍សនៅលើក្បាល ដែលមានអក្សរយុត្តិធម៌ ដើរជាជួរមានកាន់ទង់សយុត្តិធម៌ ដែលដាក់អក្សរយុត្តិធម៌ និងអមដោយក្មេងស្រីបាចលាចចាក់ភ្លេងខ្លងខែក ដើរតម្រង់ឆ្ពោះទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីទៅស្តាប់ការប្រកាសសាលក្រម។