ក្រុមសកម្មជនចលនាមាតាធម្មជាតិ កោសក់ ស្លៀកសពាក់ ស ក្នុងថ្ងៃចូលសវនាការ

ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៨នឹង៣០នាទី សាលាដំបូងរាជធានីភ្នំពេញ បានបើកការជំនុំជម្រះលើករណីរបស់យុវជន ចលនាមាតាធម្មជាតិ ៨រូប រួមមាន៖ ១- លោក ថុន រដ្ឋា ២-លោក លី ចាន់ដារ៉ាវុត ៣- លោក យឹម លាងហ៊ី ៤-កញ្ញា ភួង កែវរស្មី ៥- កញ្ញា ឡុង គន្ធា ចំណែក ៣រូបទៀតត្រូវអវត្តមាន ក្រោមបទចោទ ” ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់ ” ។ ថ្ងៃនេះ លោក ថុន រដ្ឋា ដែលជា សកម្មជនការពារបរិស្ថាន និងក្រុមយុវជនបាន កោសក់ ស្លៀកពាក់ ពណ៌ស តំណាងឱ្យចិត្តជ្រះថ្លាបរិសុទ្ធ ដើម្បីការពារបរិស្ថាន ដោយមិនខ្វល់ពីការចោទប្រកាន់។ ចំណែកអ្នកស្រី ប៉ាត រស្មី ដែលជាភរិយាប្រពន្ធលោក ថុន រដ្ឋា បានមកជាមួយនឹងកូន ២នាក់ ដោយអង្គុយរងចាំខាងមុខ តុលាការ។ អ្នកស្រី ប្រាប់ថា៖ “ខ្ញុំមកនេះ គឺមកគាំទ្រប្តីរបស់ខ្ញុំ ហើយខ្ញុំគិតថា អ្វីដែលប្តីរបស់ខ្ញុំធ្វើ គឺមិនខុសច្បាប់ទេ ហើយខ្ញុំស្នើសុំឱ្យតុលាការ ទម្លាក់បទចោទមកលើប្តីរបស់ខ្ញុំ”។ ជាមួយគ្នានេះដែរ នៅក្បែររបងតុលាការ ក៏ឃើញមានវត្តមាន ក្រុមអង្គការសង្គមស៊ីវិល សហគមន៍ជនរងគ្រោះដីធ្លី មួយចំនួន ឈរលើកបដា និងស្រែកទាមទារឳ្យតុលាការទម្លាក់បទចោទ ចំពោះក្រុមយុវជនបិតាធម្មជាតិ។ សវនាការនេះនឹងបន្តទៅនៅថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២៤៕