ការដាក់ញត្តិនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដែលជាថ្ងៃខួប ១១ឆ្នាំ នៃការបាញ់សម្លាប់លោក ឈុត វុទ្ធី ដោយមានយុវជនប្រមាណជាង ២០នាក់ បានដង្ហែញត្តិចេញពីសួនវត្តបទុមវត្តី ឆ្ពោះទៅ ក្រសួងយុត្តិធម៌ ក្នុងគោលបំណង ស្នើសុំក្រសួងយុត្តិធម៌បន្តជំរុញឲ្យស្ថាប័នអយ្យការធ្វើការស៊ើបអង្កេតដោយឯករាជ្យក្នុងករណីឃាតកម្មលើលោក ឈុត វុទ្ធី ដើម្បីឈានទៅរកការកំណត់អ្នកផ្តើមគំនិត និងអ្នកពាក់ព័ន្មកទទួលខុសត្រូវតាមផ្លូវច្បាប់។ ក្រសួងយុត្តិធម៌បានអនុញ្ញាតឲ្យ តំណាងយុវជន ២រូប គឺ លោក កើត សារ៉ាយ និង កញ្ញា ធួន ស្រីពៅ បានចូលយកញត្តិទៅដាក់។ ជាការឆ្លើយតបខាងក្រសួងបានទទួល និងសន្យាឆ្លើយតបនៅពេលក្រោយ។
គួរបញ្ជាក់ថា លោក ឈុត វុទ្ធី ជាអតីតប្រធានអង្គការការពារធនធានធម្មជាតិ និងជាសកម្មជនការពារព្រៃឈើដ៏ឆ្នើម ១រូប ដែលធ្វើការងារបណ្តុះបណ្តាល អប់រំ និងពង្រឹងសមត្ថភាពសហគមន៍មូលដ្ឋានឲ្យយល់ដឹង ព្រមទាំងអនុវត្តសិទ្ធិ និងករណីកិច្ចក្នុងការចូលរួមការពារធនធានធម្មជាតិ។ លោក ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ខណៈពេលដែលរូបលោក និងអ្នកសារព័ត៌មាន ២រូបទៀត កំពុងបំពេញបេសកកម្មចុះទៅយកព័ត៌មាននៅជិតតំបន់ព្រៃការពារខេត្តកោះកុង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ កន្លងទៅ៕