ក្រុមគ្រួសារសកម្មជនគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំ បន្តទាមទារឲ្យតុលាការដោះលែងប្តី និងឪពុករបស់ខ្លួន ជាលើកទី៣
ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នេះ នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ គ្រួសារសកម្មជននយោបាយទាំង ១៥នាក់ បានធ្វើការទាមទារតវ៉ាសុំឲ្យតុលាការដោះលែងសកម្មជននយោបាយទាំង ១៥នាក់ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃសជាលើកទី៣ ដោយមានអាជ្ញាធរស៊ីវិល សន្តិសុខ និងសមត្ថកិច្ចនគរបាលចំរុះ ប្រមាណជាង ៣០នាក់ កំពុងឃ្លាំមើល និងចាប់យកបដា ដោយហាមឃាត់មិនឲ្យពួកគាត់លើកបដាទាមទារនោះទេ ។ ពួកគាត់ក៏បានទៅដាក់ញត្តិ ជូនឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ដើម្បីស្នើសុំឲ្យជួយអន្តរាគមន៍ដោះលែងសកម្មជននយោបាយទាំង ១៥នាក់ នៅខាងមុខស្ថានទូតសហភាពអឺរ៉ុប ដោយខាងស្ថានទូតអនុញាតឲ្យអ្នកដាក់ញត្តិ ២នាក់ យកញត្តិទៅជូនតំណាងស្ថានទូតនៅខាងក្នុងស្ថានទូតសហភាពអឺរ៉ុប ដោយតំណាងស្ថានទូតបានបញ្ជាក់ប្រាប់មកប្រជាពលរដ្ឋដាក់វិញដែរថា សប្តាហ៍ក្រោយទើបខាងស្ថានទូតនឹងមានការឆ្លើយត្រលប់មកវិញ ។ គួរបញ្ជាក់ថា សកម្មជននយោបាយអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការកំពូលរំលាយ កាលពីឆ្នាំ២០១៧ ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនជាបន្តបន្ទាប់ ក្នងកំឡុងពេលដើមឆ្នាំ២០២០ នេះ ដោយចោទប្រកាន់ពី បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ រួមគំនិតក្បត់ និងញុះញង់មិនឲ្យយោធាស្តាប់បង្គាប់ ។ ការទាមទារនេះ បានធ្វើម្តងរួចមកហើយ កាលពីព្រឹកថ្ងៃទី១៩ និងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ជាបន្តបន្ទាប់នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ និងបន្តទៅដាក់ញត្តិនៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាផងដែរ ដើម្បីសុំឲ្យជួយអន្តរាគមន៍ដោះលែងអ្នកទាំង ១៥នាក់ នៅព្រឹកថ្ងៃទី១៩ និងថ្ងៃទី២៦ មិថុនា ឆ្នាំ២០២០ កន្លងមកនោះផងដែរ ។ ពួកគាត់បានបញ្ជាក់ថា ពួកគាត់ដែលជាក្រុមគ្រួសារអ្នកជាប់ឃុំនៅពន្ធនាគារទាំង ១៥នាក់ នឹងបន្តធ្វើការទាមទារឲ្យមានការដោះលែងអ្នកទាំង ១៥នាក់ រៀងរាល់ព្រឹកថ្ងៃសុក្រ រហូតដល់មានការដោះលែងអ្នកទាំង ១៥នាក់ មានសេរីភាពជួបជុំគ្រួសារវិញ ទើបព្រមបញ្ឈប់ការទាមទារតវ៉ា ៕
អត្ថបទ និងរូបថត៖ ស៊ឹង សែនករុណា