ព្រឹកថ្ងៃ១៩ មិថុនា ២០២០ នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ មានប្រជាពលរដ្ឋប្រមាណ ១៤នាក់ បានមកប្រមូលផ្តុំគ្នាលើកបដាស្នើសុំសម្តេចហ៊ុន សែន និងទាមទារឲ្យតុលាការដោះលែងឪពុក និងប្តីរបស់ពួកគេដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស(ម១) ដែលពួកគាត់អះអាងថា ជាការចាប់ និងឃុំខ្លួនដោយអយុត្តិធម៌ ។
គួរំលឹកថា ក្នុងរយៈពេល ៥-៦ខែ ដើមឆ្នាំ២០២០នេះ មានសកម្មជនអតីតគណៈបក្សសង្គ្រោះជាតិប្រមាណ ១៤នាក់ ហើយដែលត្រូវបានអាជ្ញាធររដ្ឋាភិបាលចាប់ឃុំខ្លួនដោយចោទប្រកាន់ពីបទ រួមគំនិតក្បត់ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទញុះញង់ឲ្យយោធាមិនស្តាប់បង្គាប់ ។
បន្ទាប់ពីឈរលើកបដា និងផ្តល់សំភាសន៍ដល់អ្នកសារព័ត៌មានរួចមក នៅម៉ោង ៩ និង៣០នាទីព្រឹក បន្ទាប់ពីខាងកំលាំងប្រជាការពារបានទៅរារាំងមិនឲ្យប្រមូលផ្តុំ ពួកគេក៏បានបន្តដំណើរទៅកាន់ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (UNOHCHR) ហើយនាំគ្នាលើកបដានៅទីនោះ និងចូលដាក់ញត្តិស្នើឲ្យខាងឧត្តស្នងការជួយអន្តរាគមន៍ឲ្យមានការដោះលែងឪពុក និងប្តីរបស់ពួកគេ ។
ក្នុងព្រឹត្តិការណ៍នាព្រឹកនេះផងដែរ គេសង្កេតឃើញមានក្រុមប្រជាការពារ និងសមត្ថកិច្ចដែលមានឯកសណ្ឋានជាស៊ីវិល តាមឃ្លាំមើលជាប្រចាំ ប៉ុន្តែមិនមានការប៉ះទង្គិត ឬអំពើហិង្សាអ្វីទេ រហូតដល់ក្រុមអ្នកតវ៉ាបានធ្វើដំណើរទៅជួប និងប្រគល់ញត្តិដល់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (UNOHCHR) រួចបំបែកគ្នាទៅវិញនៅម៉ោង ១២ថ្ងៃត្រង់ ។
អត្ថបទ៖ នី សុខា, រូបភាព៖ យី សុខសាន្ត