កំណែទម្រង់ជាប្រព័ន្ធគួរត្រូវបានធ្វើឡើង លើសពីការដោះលែងសកម្មជនសិទិ្ធមនុស្សដោយមានលក្ខខណ្ឌ
ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១
យើងខ្ញុំជាក្រុមសង្គមស៊ីវិលដូចមានរាយនាមខាងក្រោម សូមស្វាគមន៍ចំពោះការដោះលែងសកម្មជនសិទិ្ធមនុស្សច្រើនជាង ២៧ នាក់ ដែលបានជាប់ពន្ធនាគារ និងត្រូវបានផ្តន្ទាទោសដោយអយុត្តិធម៌នាពេលថ្មីៗនេះ និងរីករាយនៅពេលដែលអ្នកទាំងនោះបានជួបជុំគ្រួសាររបស់ពួកគេវិញ ។ ប៉ុន្តែភាគច្រើននៃសកម្មជនទាំងនោះនៅបន្តប្រឈមមុខនឹងការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ ឬនៅបន្តស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ជាមួយលក្ខខណ្ឌដ៏តឹងរ៉ឺងជាច្រើន ដោយគ្រាន់តែអ្នកទាំងនោះអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សិទិ្ធសេរីភាពក្នុងការប្រជុំ និងការជួបជុំដោយអហិង្សាតែប៉ុណ្ណោះ ។ មិនមានចំណាត់ការណាមួយ ត្រូវបានធ្វើឡើង ដើម្បីធ្វើការកែទម្រង់ច្បាប់ និងប្រព័ន្ធដែលបណ្តាលឱ្យមានការធ្វើទុក្ខបុកម្នេញ និងបំបិទសិទ្ធិសេរីភាព និងរឹតត្បិតការចូលរួមនយោបាយរបស់ពលរដ្ឋនៅកម្ពុជានោះទេ ។
ដោយសកម្មជនជាច្រើន ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ឬត្រូវបានតុលាការព្យួរទោសសាកល្បងរយៈពេលពីរឬបីឆ្នាំ អ្នកទាំងនោះមិនអាចបំពេញការងារក្នុងការការពារសិទ្ធិមនុស្ស ឬបរិស្ថាន ការនិយាយអំពីភាពអយុត្តិធម៌ក្នុងសង្គម ឬចូលរួមក្នុងសកម្មភាពនយោបាយដោយគ្មានការភ័យខ្លាចនឹងការចាប់ខ្លួនបាននោះទេ ។ ការដោះលែងនេះពុំបានសបញ្ជាក់ការពិតដែលសកម្មជនទាំងនោះត្រូវបានផ្តន្ទាទោសដោយមិនត្រឹមត្រូវនោះទេ និងការពិតដែលថាសកម្មជនជាច្រើននាក់ត្រូវបានចាប់ឃុំខ្លួនអស់រយៈជាងមួយឆ្នាំកន្លងមក នៅក្នុងពន្ធនាគារដ៏ចង្អៀតណែន ដោយក្នុងចំណោមពួកគេម្នាក់បាននិយាយថាកន្លែងនោះជា “ឋាននរក” ។
លើសពីនេះទៅទៀត មនុស្សច្រើនជាង ៦០នាក់ផ្សេងទៀត ដែលរួមមាន អ្នកសារព័ត៌មាន សកម្មជននយោបាយ អ្នកប្រើប្រាស់បណ្តាញសង្គម និងសកម្មជនដីធ្លីជាង ១០នាក់ទៀតនោះ កំពុងតែជាប់ពន្ធនាគារដោយសារការងារ និងភាពសកម្មនិយមរបស់ពួកគេ ។ ការចោទប្រកាន់ពីបទញុះញង់ និងបទរួមគំនិតក្បត់នៅតែត្រូវបានគេប្រើប្រាស់ ទៅលើជនណាដែលហ៊ាននិយាយតវ៉ា ឬរិះគន់ទៅលើអាជ្ញាធររដ្ឋ ហើយភាពញឹកញាប់នៃការប្រើប្រាស់វិធីសាស្ត្រខាងលើ និងការកើនឡើងនៃការត្រួតពិនិត្យចាប់ពិរុទ្ធខ្លួនឯង គឺជាការគំរាមកំហែងមួយដែលកំពុងកើនឡើង ។
ការដោះលែងទាំងនេះមិនអាចជំនួសកំណែទម្រង់ជាមូលដ្ឋានទៅលើច្បាប់ និងស្ថាប័ននានានៅប្រទេសកម្ពុជានោះទេ ។ ប្រជាពលរដ្ឋកម្ពុជានៅតែបន្តប្រឈមនឹងការរឹតត្បិតជាបន្តបន្ទាប់ ទៅលើសិទ្ធិសេរីភាពក្នុងការចូលរួមដោយសេរីក្នុងជីវិតនយោបាយ និងការជ្រើសរើសអ្នកដឹកនាំរបស់ពួកគេ ។ គណបក្សសង្គ្រោះជាតិត្រូវបានគេរំលាយ គណបក្សដទៃទៀតត្រូវបានគេបដិសេធសិទ្ធិក្នុងការបង្កើត ហើយគណបក្សទាំងអស់ត្រូវស្ថិតក្រោមការសម្រេចចិត្តរបស់តុលាការ និងក្រសួងមហាផ្ទៃដែលមានសិទិ្ធអំណាចត្រួតពិនិត្យ និងសម្រេចថាតើ គណបក្សទាំងនោះអាចប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខនេះបាន ឬទេ ។
សិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា នៅតែបន្តសិ្ថតក្រោមការគំរាមគំហែងឥតឈប់ឈរពីប្រព័ន្ធតុលាការដែលលម្អៀងផ្នែកនយោបាយ និងច្បាប់ដែលមានលក្ខណៈគាបសង្គត់ ។ ច្បាប់ទាំងនេះរួមមានវិសោធនកម្មរដ្ឋធម្មនុញ្ញចុងក្រោយ វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនិងច្បាប់ស្តីពីការបោះឆ្នោត ក៏ដូចជាច្បាប់សហជីព ច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ស្តីពីការការពារជំងឺកូវីត-១៩ ច្បាប់ស្តីពីទូរគមនាគមន៍ និងអនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ ។ វិសោធនកម្មច្បាប់ និងច្បាប់ថ្មីៗទាំងនេះ គួរតែបានលុបចោលដើម្បីស្តារលំហសេរីភាពរបស់ពលរដ្ឋ និងសេរីភាពនយោបាយនៅក្នុងប្រទេសឡើងវិញ ។
យើងខ្ញុំសូមអបអរសាទរលើការដោះលែងសកម្មជនទាំងនេះ ប៉ុន្តែយើងខ្ញុំសូមបញ្ជាក់ថា ការដោះលែងដោយមានលក្ខខណ្ឌមិនអាចដោះស្រាយភាពអយុត្តិធម៌ជាប្រព័ន្ធដែលអ្នកទាំងនោះបានលើកឡើងជាសាធាណៈ មុនពេលមានការចាប់របស់ពួកគេនោះទេ ហើយក៏សូមបញ្ជាក់ដែរថាទោះជាពួកគេត្រូវបានដោះលែងក៏ដោយ ក៏អ្នកទាំងនោះ និងអ្នកដទៃទៀតនៅតែបន្តស្ថិតក្រោមការគំរាមគំហែងដដែល ។ យើងខ្ញុំស្នើដល់អាជ្ញាធរ មេត្តាចាត់វិធានការជាប្រព័ន្ធដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ និងលំហសេរីភាពរបស់ពលរដ្ឋក្នុងប្រទេសឡើងវិញ ហើយនិងស្តារសិទ្ធិមនុស្សជាមូលដ្ឋានរបស់ប្រជាពលរដ្ឋឡើងវិញទាំងអស់ មុនពេលការឈានមកដល់នៃការបោះឆ្នោតខាងមុខ ។ ជាងនេះទៅទៀត យើងខ្ញុំសូមស្នើដល់អាជ្ញាធរ មេត្តាដោះលែងអ្នកទោសនយោបាយ និងសកម្មជនទាំងអស់ ដែលត្រូវបានចោទប្រកាន់ដោយសារការអនុវត្តសិទ្ធិមូលដ្ឋានរបស់ពួកគេ ហើយសូមទម្លាក់ចោលការចោទប្រកាន់ទាំងអស់ពីសកម្មជនទាំងនោះ៕
អង្គការ សមាគម សហជីព សហគមន៍ ដែលចូលរួមគាំទ្រសេចក្តីថ្លែងការណ៍៖
- សហគមន៍ដីធ្លី ១៩៧ (កោះកុង)
- សហគមន៍អមលាំង (កំពង់ស្ពឺ)
- ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
- សកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC)
- សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
- សហគមន៍បឹងប្រាំ (បាត់ដំបង)
- អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)
- អង្គការព្រះពុទ្ធសាសនាសម្រាប់សន្តិភាព (BPO)
- សម្ព័ន្ធសហជីពកម្ពុជា (CATU)
- សហភាពការងារកម្ពុជា (CLC)
- សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
- សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
- មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
- អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
- សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
- សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
- វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
- សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
- សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
- បណ្តាញយុវជនកម្ពុជា (CYN)
- មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
- សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
- សហគមន៍ដីធ្លីជីខលើ (កោះកុង)
- សហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ (រតនគិរី)
- សហគមន៍ជាំក្រវៀន (ត្បូងឃ្មុំ)
- សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
- សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
- គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
- បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
- សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
- សហគមន៍ដកពរ (កំពង់ស្ពឺ)
- អង្គការសមធម៌កម្ពុជា (EC)
- អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
- សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
- បណ្តាញព្រះសង្ឃ ឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)
- សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)
- សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
- សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
- សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
- សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើល
- សហគមន៍ដីធ្លីខេត្តប៉ៃលិន
- សហគមន៍ឡពាង (កំពង់ឆ្នាំង)
- សហគមន៍មានជ័យ (ស្វាយរៀង)
- អង្គការស្ពានសន្តិភាព (PBO)
- មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center)
- សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
- អង្គការពន្លកខ្មែរ (PKH)
- សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
- សហគមន៍ដីធ្លីព្រៃពាយ (កំពត)
- សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
- សហគមន៍ព្រៃឡង់ (កំពង់ធំ)
- សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
- អង្គការសមាគមធាងត្នោត (សធត)
- សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
- សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
- សហគមន៍សាមគ្គីសង្កែពីរមានរឹទ្ធិ (ព្រះវិហារ)
- សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
- សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
- សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
- សហគមន៍ដីធ្លីតានី (សៀមរាប)
- សហគមន៍ដីធ្លីតានូន (កោះកុង)
- គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តីភេទ (NGO-CEDAW)
- សហគមន៍ទន្លូង (ត្បូងឃ្មុំ)
- សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)
- អង្គការតម្លាភាពកម្ពុជា (TIC)
- កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)