ការឆ្លុះបញ្ចាំងទិន្នន័យនៃការរំលោភសិទ្ធិស្ត្រី ឆ្នាំ២០២០-២០២១
ទិវាអន្តរជាតិនារី៨មីនា គឺជាព្រឹត្តិការណ៍សកលដែលមនុស្សទូទៅជុំវិញពិភពលោក ជាពិសេសគឺស្រ្តី បាននាំគ្នាប្រារព្ធឡើងដើម្បីរំលឹកដល់វីរៈភាពនៃការតស៊ូទាមទារសិទ្ធិសេរីភាពរបស់ស្ត្រី ប្រឆាំងនឹងការរើសអើងភេទ ព្រមទាំងអសមភាពទាំងអស់រវាងបុរស និងស្ត្រី។ មុននឹងមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិរហូតសព្វថ្ងៃនេះ គឺមានការតស៊ូប្រឹងប្រែង អស់ប្រមាណមួយសតវត្ស ពីសំណាក់សកម្មជនស្រ្តី ដើម្បីឲ្យមានការផ្លាស់ប្តូរផ្នត់គំនិតសង្គមក្នុងការទទួលស្គាល់សិទ្ធិរបស់ស្ត្រី។ បើយើងប្រៀបធៀបប្រវត្តិអន្តរជាតិនារី ៨ មីនា ទៅនឹងកំណើតនៃអង្គការសហប្រជាជាតិ ឃើញថាប្រវត្តិទិវាសិទិ្ធអន្តរជាតិនារី ៨ មីនា មានកំណើតមុនអង្គការសហប្រជាជាតិ និងទិវាសិទ្ធិមនុស្សអន្តរជាតិទៅទៀត។
នៅក្នុងប្រទេសកម្ពុជា ទិវានេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំស្ទើរតែគ្រប់ស្ថាប័នរដ្ឋ និងអង្គការសង្គមស៊ីវិលដែលធ្វើការងារពាក់ព័ន្ធនឹងការលើកកម្ពស់សិទ្ធិស្រ្តី និងកុមារក្រោមប្រធានបទផ្សេងៗគ្នា ក្នុងគោលបំណងដើម្បីអំពាវនាវ និងផ្សព្វផ្សាយដល់មនុស្សគ្រប់រូប ទាំងបុរស ស្ត្រី និងភេទដទៃទៀត ជាពិសេសអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចូលរួមទប់ស្កាត់ និងលុបបំបាត់នូវបញ្ហា និងការរើសអើងគ្រប់រូបភាពដែលមានចំពោះស្ត្រី និងកុមារី។ ស្របពេលដែលកំពុងស្ថិតក្នុងកាលៈទេសៈមួយដែលនៅតែបន្ត ការរើសអើង ការរំលោភសិទ្ធិសេរីភាព ការកេងប្រវ័ញផ្នែកសេដ្ឋកិច្ច អំពើហិង្សា និងការចាប់ដាក់ពន្ធនាគារ សម្រាប់ស្រ្តី និងគ្រួសាររបស់ពួកគេ ជាពិសេសនៅក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺរាតត្បាត កូវីដ-១៩ ចាប់តាំងពីចុងឆ្នាំ ២០១៩ ។ ក្រៅពីការរាយការណ៍អំពីការធ្លាក់ចុះនូវសេដ្ឋកិច្ច ឃើញថា ទាំងសិទ្ធិ និងសេរីភាពជាមូលដ្ឋានក៍ត្រូវបានរំលោភ រារាំង និងរឹតត្បិតតាមរូបភាពផ្សេងៗផងដែរ ។ ជាក់ស្តែងកន្លងមកយើងឃើញមានការប្រើនូវអំពើហិង្សា និង ការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីចាប់ខ្លួនសកម្មជនដែលជាសមាជិកគ្រួសារ ក៏ដូចជាការចាប់ខ្លួន ការធ្វើទុក្ខបុកម្និញទៅលើក្រុមស្ត្រីដែលសកម្មក្នុងការចូលរួមតស៊ូមតិទាមទារយុត្តិធម៌ ការពារធនធានធម្មជាតិ ដីធ្លី សិទ្ធិមនុស្ស សិទ្ធិការងារ លក្ខខ័ណ្ឌការងារ និងកិច្ចការងារសង្គមផ្សេងៗទៀតជាដើម ហើយជាងនេះទៅទៀត ថ្មីៗនេះមានការប្រើប្រាស់ច្បាប់កូវីដ១៩ដោយមិនសមហេតុផលទៅលើក្រុមកូដករអហិង្សាណាហ្គាវើល ថែមទៀតផង ។ ទាំងនេះហើយដែលយើងមើលឃើញថា ជាហេតុធ្វើឲ្យស្ថានភាពរស់នៅរបស់ស្ត្រីកាន់តែមានភាពលំបាកបន្ថែមមួយកំរឹតទៀត ពីលើផ្នត់គំនិតយេនឌ័រ និងការរើសអើងពីសង្គម។
បច្ចុប្បន្នយើងឃើញថា កម្ពុជាមានលិខិតបទដ្ឋានគតិយុត្តិទាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិជាច្រើន រួមមានដូចជា រដ្ឋធម្មនុញ្ញ ក្រមរដ្ឋប្បវេណី ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ច្បាប់ស្តីពីបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ អនុសញ្ញាស្តីការលប់បំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្រ្តីភេទ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សជាដើម ដែលធានាដល់ការលើកកម្ពស់ សិទ្ធិស្រ្តី សមភាពយេនឌ័រ ភាពស្មើគ្នារវាងបុរស និងស្រ្តី និងការបញ្ឈប់រាល់ទម្រង់នៃការរើសអើងចំពោះស្រ្តី។ល។ ប៉ុន្តែជាក់ស្តែង បន្ថែមពីអ្វីដែលបានលើកឡើងខាងលើ នៅក្នុងឆ្នាំ២០២០-២០២១ នេះ សមាគមអាដហុកបានរកឃើញថា ជារើយៗស្រ្តីនៅតែទទួលរងគ្រោះពីការរំលោភសិទ្ធិតាមរូបភាពផ្សេងៗដូចជា អំពើរំលោភសេពសន្ថវៈ អំពើហិង្សាក្នុងគ្រួសារ និងការជួញដូរមនុស្ស(ការជួញដូរភេទ និងកម្លាំងពលកម្ម)ជាដើម។
ករណីរំលោភសេពសន្ថវៈ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ សមាគមអាដហុក ទទួលបានពាក្យបណ្តឹងចំនួន ២៤៣ករណី ដែលនៅក្នុងចំណោមករណីទាំងនេះភាគច្រើនគឺកើតនៅក្នុងខេត្តបាត់ដំបង កំពត កំពង់ធំ និងបន្ទាយមានជ័យ។ ការដែលគួរឲ្យព្រួយបារម្មណ៍ទៀតនោះគឺ ជនប្រព្រឹត្ត ៩%ជាឪពុកបង្កើត ៤%ជាជីតាបង្កើត និង ១២%ជាឪពុកចុង ក្រៅពីនោះគឺជាអ្នកជិតខាង សាច់ញតិ មិត្តភ័ក្ក។ រីឯមូលហេតុចំបងៗនៃអំពើនេះគឺបណ្តាលមកពី វិសមភាពយេនឌ័រ បុរសនៅតែបន្តការមើលងាយស្រ្តី និងក្មេងស្រី ការចុះខ្សោយនៃសីធម៌សង្គម ឥទ្ធិពលនៃគ្រឿងញៀន បញ្ហាសន្តិសុខសង្គម ឪពុកម្តាយចំណាកស្រុកទៅធ្វើការងារឆ្ងាយផ្ទះ ការរីកចំរើននៃបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយ រួមទាំងបញ្ហានិទណ្ឌភាព។
ដូចគ្នានេះដែរ ចំពោះករណីហិង្សាក្នុងគ្រួសារ សមាគមអាដហុក ទទួលបានពាក្យបណ្តឹងសុំអន្តរាគមន៍ ចំនួន ១៧៣ករណី ហើយដែលក្នុងនោះយើងបានរកឃើញថា ៥៨% ជនប្រព្រឹត្តគឺជាបុរស(ប្តី)។ តាមការកត់សំគាល់មូលហេតុចំបងដែលបណ្តាលឲ្យមានអំពើហិង្សាគឺដោយសារបុរសជាប្តីមិនយល់ មិនឲ្យតម្លៃ គិតថាស្រ្តីជាភេទទន់ខ្សោយ មានតម្លៃទាបជាងបុរស ទាំងនេះឆ្លុះបញ្ចាំងឲ្យឃើញពី អតុល្យភាពនៃអំណាចរវាងបុរស និងស្រ្តី។ បន្ថែមពីនេះដោយសារតែស្ថានភាពជីវភាពក្រីក្រ បាត់បង់ដីធ្លី សេដ្ឋកិច្ចធ្លាក់ចុះ ជំពាក់បំណុល ជាពិសេសការធ្លាក់ចុះនៃសីលធម៌សង្គម ទស្សនៈសង្គម និងការអនុវត្តច្បាប់នៅមានកំរិត។
ជាមួយនេះដែរចំពោះអំពើជួញដូរមនុស្សក៍មិនខុសប៉ុន្មានពីករណីទាំងពីរខាងលើដែរ គឺពីរឆ្នាំនេះ សមាគមអាដហុក ទទួលបានពាក្យបណ្តឹងសុរប ១១៥ករណី ដែលក្នុងនោះការជួញដូរភេទមាន ៨០ករណី និងការជួញដូរកម្លាំងពលកម្មមាន ៣៥ករណី។ រីឯមូលហេតុចំបងៗនោះគឺបណ្តាលមកពី បញ្ហាអត់ការងារធ្វើ ខ្វះខាតជីវភាព មិនមានដីធ្លីគ្រប់គ្រាន់ ផលិតផលកសិកម្មមិនសូវបានថ្លៃ គ្មានទីផ្សារ ជំពាក់បំណុលគេ ហិង្សាក្នុងគ្រួសារ ទស្សនៈសង្គម ភាពជឿនលឿននៃបច្ចេកវិទ្យា មេខ្យល់មានល្បិចកល់ខ្ពស់ មានបណ្តាញ ជាពិសេសការធូរលុងនៅតាមព្រំដែន។
តាមរយៈទិន្នន័យខាងលើបានបង្ហាញឲ្យយើងឃើញថា បច្ចុប្បន្ននេះស្រ្តីនៅតែបន្តរងគ្រោះពីការរំលោភបំពាន ទាំងផ្លូវកាយ ផ្លូវភេទ និងផ្លូវចិត្ត បើទោះបីជាកន្លងមកមានកិច្ចខំប្រឹងប្រែងជាច្រើនពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសពីក្រុមអង្គការសង្គមស៊ីវិលមួយចំនួន តួយ៉ាងដូចជាសមាគមអាដហុក ដែលកន្លងមកបានខិតខំប្រឹងប្រែងតាមរយៈសកម្មភាពមួយចំនួនដូចជា ការផ្សព្វផ្សាយបង្កើនការយល់ដឹងអំពីសិទ្ធិមនុស្ស សិទ្ធិស្រ្តី សមភាពយេនឌ័រ និងច្បាប់ពាក់ព័ន្ធផ្សេងៗ ក៍ដូចជាការផ្តល់ការការពារតាមរយៈការអង្កេត អន្តរាគមន៍ និងការផ្តល់មេធាវី ដើម្បីធ្វើយ៉ាងណាធានាថាជនរងគ្រោះទទួលបានយុត្តិធម៌ ហើយជនប្រព្រឹត្តត្រូវតែទទួលទោសទណ្ឌទៅតាមព្យសនកម្មដែលខ្លួនបានប្រព្រឹត្ត និងពិសេសជាងនេះទៅទៀតគឺការបញ្ឈប់អំពើនិទណ្ឌភាពនៅក្នុងប្រទេសកម្ពុជា។
ដូច្នេះគ្រប់ភាគីពាក់ព័ន្ធជាពិសេសអាជ្ញាធរដ្ឋត្រូវពង្រឹងបន្ថែមចំពោះកិច្ចគាំពារដល់ស្រ្តី និងកុមារ ឆ្លើយតបតម្រូវការរបស់ស្រ្តី ពង្រឹងការអនុវត្តច្បាប់ ជាពិសេសការស្តែងចេញជាសកម្មភាព និងផែនការជាក់ស្តែង។ ផ្តល់ឱកាសឲ្យស្រ្តីបានចូលរួមអនុវត្តនូវសិទ្ធិរបស់ខ្លួនឲ្យបានពេញលេញ។ ទទ្ទឹមនឹងនេះផងដែរស្រ្តីត្រូវតែចាប់ផ្តើមពីថ្ងៃនេះពង្រឹងសមត្ថភាព ចំណេះជំនាញ និងជំនឿចិត្តលើខ្លួនឯង ហើយចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការងារនានាគ្រប់កំរិត ត្រូវតែហ៊ានលើកឡើងពីបញ្ហា និងតម្រូវការជាក់លាក់របស់ខ្លួន។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
- លោកស្រី ម៉ៅ ម៉ាប់ ប្រធានផ្នែកសិទ្ធិស្ត្រី និងកុមារ នៃសមាគមអាដហុក ០៨៦ ៤៧៩ ៦៦៦
- លោកស្រី មាស សាអ៊ីម អនុប្រធានផ្នែកសិទ្ធិស្ត្រី និងកុមារ នៃសមាគមអាដហុក ០៨៦ ៣៨២ ៦៦៦